ព័ត៌មានជាតិ

ពលរដ្ឋកម្ពុជាជិត ៧ម៉ឺនគ្រួសារ ប្រើប្រាស់ «ចង្ក្រានថាមពល» ដែលផ្តល់ដោយសប្បុរសជន ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន ផលិតឡើងដោយសិប្បកម្មនៅខេត្តកំពង់ឆ្នាំង

image

ភ្នំពេញ៖ ចាប់ពីចុងឆ្នាំ២០២២ ដល់ត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ បណ្តាញសង្គមស៊ីវិលកម្ពុជា បានធ្វើការផ្តល់ «ចង្ក្រានថាមពល» ដល់ពលរដ្ឋចំនួន ៦៨.៥៤៧ចង្ក្រាន ស្មើនឹង ៦៨,៥៤៧គ្រួសារ នៅ២៥៦ភូមិ និង៤១២ឃុំ/សង្កាត់ នៅរាជធានី-ខេត្តចំនួន ១២(សៀមរាប ពោធិ៍សាត់ ភ្នំពេញ ឧត្តមានជ័យ បាត់ដំបង កំពង់ធំ ក្រចេះ កំពង់ចាម ស្ទឹងត្រែង មណ្ឌលគិរី រតនៈគិរី ស្វាយរៀង)។

ការផ្តល់ចង្ក្រានបង្កើនថាមពលដល់ពលរដ្ឋកម្ពុជានេះ ជាគម្រោងកាត់បន្ថយការបំពុលបរិស្ថាន ដែលជាអំណោយរបស់ក្រុមហ៊ុនចិន Guangzhou Iceberg Environ- mental Consulting Services មានមូលដ្ឋាននៅសាធារណៈរដ្ឋប្រជាមានិតចិន។ ក្រុមហ៊ុននេះ ផ្តោតសំខាន់ទៅលើភាពបៃតងនៅលើផែនដី និងមានសកម្មភាពក្នុងការជួយកាត់បន្ថយភាពក្រីក្រ និងចូលរួមការកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីតចូលក្នុងបរិយាកាសតាមរយៈការប្រើប្រាស់ចង្ក្រានបង្កើនថាមពលនេះ។

ចង្ក្រាននេះត្រូវបានផលិតឡើងដោយសិប្បកម្មនៅស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានកម្មករមួយចំនួនជាអ្នកពិការភាពផងដែរ។ ចង្ក្រាននេះ មិនត្រឹមតែជួយលើកសម្រស់ផ្ទះបាយ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកជាមួយសហគមន៍អន្តរជាតិនៅក្នុងការកាត់បន្ថយការបំភាយកាបូនចូលទៅក្នុងបរិយាកាស និងជំរុញបៃតងភាពជំវិញផ្ទះ និងសហគមន៍ឱ្យកាន់តែល្អប្រសើរថែមទៀតផង។

លោក សាខុន ប៉ូរិន ប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជា (CCN) និងជាអគ្គលេខាធិការរង នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ទីស្តីការគណៈរដ្ឋមន្ត្រី ជាដៃគូសហប្រតិបត្តិការតែមួយគត់របស់ក្រុមហ៊ុនចិន Guangzhou Iceberg Environmental Consulting Services Co,. Ltd. ក្នុងបាឋកថាស្តីពី «ចង្ក្រានបង្កើនថាមពល៖ ប្រើអុសតិច ប្រសិទ្ធភាពខ្ពស់» នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ពាក់ព័ន្ធនឹងការងារនេះលោកបានធ្វើការទំនាក់ទំនងដើម្បីទទួល និងផ្តល់ជូនដល់ប្រជាពលរដ្ឋនៅតាមបណ្តារាជធានី-ខេត្ត ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ថ្នាក់ខេត្ត និងក្រុមការងារផ្សេងៗដែលចុះជួយមូលដ្ឋាន។ លោកថាក្នុងបេសកកម្មផ្តល់ចង្ក្រានបង្កើនថាមពលនេះ ក៏ជាផ្នែកតូចមួយក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងវិស័យបរិស្ថាន និងការកាត់បន្ថយភាពក្រីក្រ។

ជាមួយគ្នានេះ លោក ឈិត សំណាង សវនករគុណភាពចង្ក្រានរបស់ម្ចាស់ជំនួន បានឱ្យដឹងដែរថា ចង្ក្រានថាមពលនេះ មានការសន្សំសំចៃច្រើន ពិសេសគឺសំចៃអុសសម្រាប់ដុត ដោយកាត់បន្ថយបានការចំណាយថវិកាក្នុងការទិញអុស ការកាប់ដើមឈើយកមកធ្វើអុសដុត ក៏ដូចជារក្សាបាននូវបរិស្ថានបៃតង និងព្រៃឈើងជាដើម។ ម្យ៉ាងវិញទៀតចង្ក្រាននេះ អាចជួយកាត់បន្ថយការបញ្ជេញនូវឧស្ម័នកាបូនឌីអុកស៊ីត ដែលមាននៅក្នុងអុស ហើយអ្នកប្រើប្រាស់ក៏ស្រូបផ្សែងពុលតិចជាងមុន ផលប៉ះពាល់ចំពោះសុខភាពក៏តិចផងដែរ ពិសេសទៅលើផ្លូវដង្ហើម ដែលកន្លងមកបានរកឃើញថា ពលរដ្ឋដែលប្រើប្រាស់អុសដុតចំអិនអាហារភាគច្រើនបានប៉ះពាល់ផ្លូវដង្ហើម សួត និងភ្នែក ជាដើម ពិសេសស្ត្រី និងកុមារ ដែលបង្កឡើងដោយផ្សែងចេញពីអុសដុត។

អ្នកស្រី ស៊ុន សារូ ម្ចាស់សិប្បកម្មផលិតចង្ក្រាននៅខេត្តកំពង់ឆ្នាំ បានឱ្យដឹងថា មូលហេតុម្ចាស់ជំនួយជ្រើសរើសយកសិប្បកម្មផលិតចង្ក្រានថាមពលនៅក្នុងទឹកដីស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំង ដោយសារដីនៅទីនោះស្អិតល្អ ធ្វើឱ្យការផលិតចង្ក្រានថាមពលមានភាពរឹងមាំប្រើប្រាស់បានយូរ។ នៅពេលដែលម្ចាស់ជំនួយបានបញ្ជាទិញចង្ក្រានពីអ្នកស្រី ក៏ដូចជាសិប្បកម្មដ៏ទៃទៀត បានធ្វើឱ្យម្ចាស់សិប្បកម្មនានាបានពង្រីកអាជីវកម្មរបស់ខ្លួនកាន់តែមមាញឹកជាងមុន ហើយពលរដ្ឋនៅក្នុងភូមិក៏មានការងារធ្វើ និងមានប្រាក់ចំណូលច្រើនជាងមុនផងដែរ។

សូមបញ្ជាក់ថា ជំនួយចង្ក្រានបង្កើនថាមពលនេះ គឺមានលក្ខណៈបច្ចេកទេសក្នុងការកាត់បន្ថយដល់ការប្រើប្រាស់បរិ មាណអុស និងការបំភាយកាបូនក្នុងកម្រិតមួយទាបចូលទៅក្នុងបរិយាកាស។ ចង្ក្រាននេះក៏មានការពិសោធន៍ចេញពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាផងដែរ ក្នុងការផលិតយ៉ាងណាឱ្យមានគុណភាព បច្ចេកទេស និងការបើកាយកាបូនចូលក្នុងបរិយាកាសមានកំរិតទាប៕