ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រំពឹងថា ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ នាចុងខែមីនាខាងមុខនេះ នឹងជួយជម្រុញឱ្យវិស័យទេសចរណ៍ក្នុងខេត្ត កើនឡើងទ្វេដង ទាំងភ្ញៀវជាតិ និងអន្តរជាតិ

image

ក្រចេះ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថា នាចុងខែមីនាខាងមុខនេះ ខេត្តក្រចេះ នឹងរៀបចំបង្កើនូវព្រឹត្តិការណ៍បុណ្យទន្លេ ថ្នាក់ជាតិលើកទី១០ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧-២៨-២៩ ខែមិនា ឆ្នាំ២០២៦ ក្រោមប្រធានបទ "ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ"។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាស្ដីអំពីការត្រៀមរៀបចំព្រិត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅព្រឹកព្រឹកទី១២ ខែមីនានេះ លោក ហួត ហាក់ រំពឹងថា ព្រឹត្តិការណ៍បុណ្យទន្លេនេះ នឹងជួយជម្រុញឱ្យវិស័យទេសចរណ៍ក្នុងខេត្តក្រចេះ កាន់តែទាក់ទាញ និងអាចកៀរគរភ្ញៀវទេសចរភ្ញៀវជាតិ និងអន្តរជាតិ ឱ្យមានកំណើនកើនឡើងទ្វេដងបន្ថែមទៀត។

ទន្ទឹមគ្នានេះដែរ លោករដ្ឋមន្ត្រី បន្ថែមថា ព្រឹត្តិការណ៍នេះ នឹងជួយផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ អាជីវករ អ្នកលក់ដូរនៅក្នុងតំបន់ ក៏ដូចជា ប្រជាពលរដ្ឋ ដែលរស់នៅទូទាំងខេត្តទាំងមូល អាចបង្កើនប្រាក់ចំណូលបន្ថែម តាមរយៈការធ្វើអាជីវកម្មលក់ដូរ ដូចជា ម្ហូបអាហារ នំចំណី វត្ថុអានុស្សារីយ៍ និងសេវាកម្មផ្សេងៗជាដើម។

លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានសម្ដែងនូវការសាទរ និងក្ដីរីករាយជាខ្លាំង ដែលខេត្តក្រចេះក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០នេះ ដោយលោកបានមានប្រសាសន៍ថា សព្វថ្ងៃនេះ ខេត្តក្រចេះ បានរៀបចំកែលម្អ ផ្លូវ សួនច្បារ ភ្លើងពណ៌។ មានសណ្ឋាគារ ចំនួន ១២កន្លែង ស្មើនឹង ៤៤៣បន្ទប់, ផ្ទះសំណាក់ ចំនួន ២០កន្លែង ស្មើរ ២២០បន្ទប់។ ភោជនីយដ្ឋាន និងអាហារដ្ឋាន សរុប ៤០កន្លែង, កន្លែងម៉ាស្សាសុខភាព ១២កន្លែង និងកន្លែងត្រៀម ៧កន្លែង ស្មើរ ៤១បន្ទប់។

លោកអភិបាលខេត្តក្រចេះ បានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅក្នុងខេត្តក្រចេះ សូមមេត្តាជួយរៀបចំសណ្ដាប់នៃការរស់នៅប្រចាំថ្ងៃ ឱ្យមានរបៀបរៀបរយល្អ រក្សាឲ្យបាននូវក្រមសីលធម៌ និងភាពសប្បាយរីករាយដែលអាចគ្រប់គ្រង់លើស្មារតីខ្លួនឯងបាន ក្នុងនាមជាម្ចាស់ផ្ទះត្រៀមទទួលស្វាគមន៍ ភ្ញៀវទេសចរណ៍ជាតិ នឹងអន្តរជាតិ៕

អត្ថបទ៖ សារី ណែត