ព័ត៌មានជាតិ

កម្ពុជា កំពុងបង្កើនកិច្ចប្រឹងប្រែងទាក់ទាញវិនិយោគអាម៉េរិក ខណៈអាម៉េរិកជាទីផ្សារនាំចេញធំបំផុត ប៉ុន្តែការវិនិយោគនៅមានកម្រិតទាប

image

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បន្តបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការទាក់ទាញវិនិយោគពីសហរដ្ឋអាម៉េរិក តាមរយៈការរៀបចំកិច្ចសន្ទនាលើកទី ៤រវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-សហរដ្ឋអាម៉េរិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងបង្កើនទំនុកចិត្តដល់សហគមន៍ធុរកិច្ចអាមេរិកក្នុងការវិនិយោគនៅកម្ពុជា ខណៈដែលរដ្ឋអាម៉េរិក គឺជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ប៉ុន្តែការវិនិយោគផ្ទាល់នៅតែមានកម្រិតតិចតួចនៅឡើយ។

កិច្ចសន្ទនានេះ ត្រូវបានដឹកនាំដោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយ លោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះក៏មានការចូលរួមពី លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាអនុប្រធានទី៣ នៃ CDC ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងសពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា (AmCham Cambodia) តំណាងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC) វិស័យឯកជន និងអ្នកជំនាញជាច្រើន។

កិច្ចសន្ទនាលើកទី៤នេះ ធ្វើឡើង ក្នុងគោលបំណងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសដល់វិនិយោគិនអាម៉េរិក ដែលកំពុងវិនិយោគនៅកម្ពុជាបានលើកឡើងពីបញ្ហាប្រឈមនានា ធានាដល់ការតាមដាន និងស្វែងរកដំណោះស្រាយសមស្រប សំដៅពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីកសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចអាម៉េរិក ព្រមទាំងជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា កិច្ចសន្ទនានេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងទំនាក់ទំនងកាន់តែរឹងមាំរវាងរដ្ឋាភិបាល និងធុរកិច្ច ក៏ដូចជាកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិកផងដែរ។ វេទិកានេះបង្ហាញពីស្មារតីចាស់ទុំ និងសហការគ្នាដែលកំណត់នូវភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងសហរដ្ឋអាម៉េរិក។ ការរៀបចំកិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជនគឺជាយន្តការដែលចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងការរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ហើយគោលការណ៍នេះធានាថាការវិនិយោគដែលមានស្រាប់នឹងបន្តរីកចម្រើន និងពង្រីកខ្លួនជាបន្តបន្ទាប់ក្នុងរយៈពេលវែង។

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្រ្ដី ក៏បានធ្វើបច្ចុប្បន្នភាពថ្មីនូវព័ត៌មានពាក់ព័ន្ធមួយចំនួន មានជាអាទិ៍៖ ការអនុម័តគម្រោងវិនិយោគក្នុងឆ្នាំ២០២៥, ស្ថានភាពពាណិជ្ជកម្មរវាងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលមានការកើនឡើងគួរជាទីកត់សម្គាល់ និងវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ កម្ពុជា-អាម៉េរិក ផងដែរ។

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីគំនិតផ្តួចផ្តើម លើការរៀបចំជំនួបអាហារពេលព្រឹកការងារជាមួយសភាពាណិជ្ជកម្មអន្តរជាតិនានានៅកម្ពុជា ដើម្បីផ្តល់លទ្ធភាពឱ្យវិនិយោគិន ផ្លាស់ប្តូរព័ត៌មានជាមួយរាជរដ្ឋាភិបាលបានកាន់តែញឹកញាប់ និងជិតស្និទ្ធជាងមុន សំដៅផ្លាស់ប្តូរការយល់ដឹង និងពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការគាំទ្រវិនិយោគិន។ យន្តការនេះនឹងបម្រើជាវេទិកាបន្ថែមមួយទៀតដើម្បីស្តាប់ពីបញ្ហាប្រឈមថ្មីៗរបស់វិនិយោគិននៅក្នុងបរិបទបម្រែបម្រួលដ៏ឆាប់រហ័សនៅលើសកលលោក និងជាមូលដ្ឋានក្នុងការរៀបចំសេចក្តីព្រាងរបៀបវារៈសម្រាប់កិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនលើកក្រោយៗទៀត។

ទន្ទឹមនឹងនេះ លោកស្រីភារធារី បានបង្ហាញការពេញចិត្តដែលបានសហការដឹកនាំកិច្ចសន្ទនាលើកទី៤នេះ ជាមួយនឹងសុឆន្ទៈក្នុងការរួមគ្នាពិនិត្យ និងពិភាក្សាស្វែងរកដំណោះស្រាយសមស្របសម្រាប់បញ្ហាប្រឈមនានាដែលវិនិយោគិនអាមេរិកបានលើកឡើង សំដៅចូលរួមចំណែកក្នុងការលើកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា ក៏ដូចជាពង្រឹង និងពង្រីកវត្តមានរបស់សហគ្រាសអាមេរិកឱ្យមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជាបន្ថែមទៀត។

បច្ចុប្បន្ន សហរដ្ឋអាម៉េរិក គឺជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ប៉ុន្តែការវិនិយោគផ្ទាល់របស់អាម៉េរិក នៅកម្ពុជា មានកម្រិតតិចតួចនៅឡើយ។ យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេលពីរខែដំបូង ឆ្នាំ២០២៦ កម្ពុជា នាំចេញទៅសហរដ្ឋអាម៉េរិក មានតម្លៃ ២ ២៦២លានដុល្លារអាម៉េរិក កើនឡើង ៣៩,១% ខណៈកម្ពុជា នាំចូលពីអាម៉េរិក មានតម្លៃ ៨០លានដុល្លារអាម៉េរិក កើនឡើង ៦៤,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ដោយឡែក ក្នុងរយៈពេលពីរខែដំបូង ឆ្នាំនេះ កម្ពុជា ទាក់ទាញការវិនិយោគផ្ទាល់ពីសហរដ្ឋអាម៉េរិក មានតម្លៃទឹកប្រាក់ប្រហែល ៨លានដុល្លារអាម៉េរិកប៉ុណ្ណោះ ស្មើនឹងប្រមាណ ០,៨៣% នៃការវិនិយោគសរុប។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕