ក្រសួងសុខាភិបាល ទទួលអំណោយឱសថ សម្ភារៈ និងបរិក្ខារវេជ្ជសាស្រ្ត ពីអង្គការសុខភាពពិភពលោក ដើម្បីគាំទ្រការឆ្លើយតបសុខាភិបាល ចំពោះសហគមន៍ដែលរងផលប៉ះពាល់ ដោយស្ថានភាពនៅតំបន់ព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល បានរៀបចំពិធីប្រគល់-ទទួល ឱសថ សម្ភារៈ និងបរិក្ខារវេជ្ជសាស្រ្ត ដែលជាអំណោយរបស់អង្គការសុខភាពពិភពលោក (WHO) ជូនក្រសួងសុខាភិបាល ដើម្បីគាំទ្រការឆ្លើយតបសុខាភិបាល ចំពោះសហគមន៍ដែលរងផលប៉ះពាល់ដោយស្ថានភាពនៅតំបន់ព្រំដែនកម្ពុជា–ថៃ។
ពិធីប្រគល់សម្ភារៈនេះ បានប្រារព្ធឡើងក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោកស្រីវេជ្ជបណ្ឌិត Marianna Trias តំណាងអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជា។ សម្ភារៈជំនួយដែលបានផ្តល់រួមមាន ឧបករណ៍សង្គ្រោះបន្ទាន់ និងវះកាត់ កញ្ចប់សង្គ្រោះបន្ទាន់ ព្រមទាំងឱសថ និងសម្ភារៈ វេជ្ជសាស្ត្រចាំបាច់ផ្សេងៗ ដើម្បីគាំទ្រមន្ទីរពេទ្យ និងមណ្ឌលសុខភាពក្នុងការផ្តល់សេវា ព្យាបាល និងរក្សាបន្តសេវាសុខាភិបាលចាំបាច់ សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
ក្នុងឱកាសនេះ រដ្ឋមន្ត្រីសុខាភិបាល បានថ្លែងអំណរគុណ ចំពោះអង្គការសុខភាពពិភពលោក សម្រាប់ការគាំទ្រ ទាន់ពេលវេលា និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល និងការឆ្លើយតបចំពោះគ្រោះអាសន្នសុខភាពនានា។ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា សម្ភារៈទទួលបាននាពេលកន្លងមក និងនៅពេលនេះ នឹងត្រូវបានចែកចាយទៅកាន់បណ្តាខេត្តដែលរងផលប៉ះពាល់រួចហើយ ខណៈសម្ភារៈដែលនៅសេសសល់ នឹងត្រូវចែកចាយទៅកាន់មន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅតំបន់រងផលប៉ះពាល់ក្នុងពេលឆាប់ៗនេះ ហើយផ្នែកមួយនឹងត្រូវរក្សាទុក សម្រាប់ពង្រឹងការត្រៀមខ្លួនឆ្លើយតប ចំពោះវិបត្តិសុខភាពនាពេលអនាគត។
ក្នុងនាមក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះការគាំទ្របន្តរបស់អង្គការសុខភាពពិភពលោក WHO ក្នុងការពង្រឹងការតាមដានជំងឺ កម្មវិធីចាក់ថ្នាំបង្ការ ការបង្ការនិងគ្រប់គ្រងការឆ្លងរោគ ការផ្សព្វផ្សាយសារអប់រំសុខភាព និងការគាំទ្រផ្នែកសុខភាពផ្លូវចិត្ត និងសេវាជំនួយផ្លូវចិត្តសង្គម សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ កែវ ភិរុណ