ព័ត៌មានជាតិ

ក្រុមហ៊ុនចិន ចុះកិច្ចព្រមព្រៀងទិញគ្រាប់ស្វាយចន្ទីពីកម្ពុជា មានតម្លៃ ៣៥លានដុល្លារ ក្នុងដំណាក់កាលដំបូង និងគ្រោងពង្រីកឱ្យឈានដល់ ៤០០លានដុល្លារ នៅពេលអនាគត

image

ភ្នំពេញ៖ ក្រុមហ៊ុន Men Sarun MDR Co., Ltd. របស់កម្ពុជា និងក្រុមហ៊ុន China Bonded Port Group Co., Ltd. របស់ចិន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី «កិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកម្ពុជា» នៅក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ១១ខែមីនា ឆ្នាំ២០២៦។ តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងចាប់ផ្តើមនាំចេញគ្រាប់ស្វាយចន្ទីទាំងសំបក (ប្រភេទ M23) ក្នុងជំហានដំបូងដែលមានទំហំទឹកប្រាក់ប្រមាណ ៣៥លានដុល្លារអាម៉េរិក ដោយភាគីទាំងពីរមានចក្ខុវិស័យយុទ្ធសាស្ត្រក្នុងការជំរុញទំហំនាំចេញបន្ថែមទៀត ដែលរំពឹងថានឹងអាចកើនឡើងដល់សក្តានុពលទឹកប្រាក់ប្រមាណ ៤០០លានដុល្លារអាម៉េរិក នាពេលអនាគត។

ការចុះកិច្ចព្រមព្រៀងនេះ មានការអញ្ជើញចូលរួមជាសាក្សី ពីលោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ (EPTF) និងលោក Jiang Xiaofei នាយកនៃគណៈកម្មាធិការការងារពង្រីកសហគ្រាសនៅក្រៅប្រទេស នៃវិទ្យាស្ថានចិនសម្រាប់យុទ្ធសាស្រ្តនវានុវត្តន៍ និងអភិវឌ្ឍន៍។

គួរបញ្ជាក់ផងដែរថា សមិទ្ធផលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល និងផ្គូរផ្គងយ៉ាងសកម្មរបស់ ក្រុមការងារជំរុញការនាំចេញ (EPTF) នៃក្រសួងពាណិជ្ជកម្ម ដែលតែងតែដើរតួនាទីជាតួអង្គស្នូលក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកនាំចេញកម្ពុជា ជាមួយអ្នកបញ្ជាទិញសក្តានុពលអន្តរជាតិ។ ទន្ទឹមនឹងនេះ កិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងក្រុមហ៊ុនទាំងពីរ មិនត្រឹមតែធានាបាននូវកំណើននៃការនាំចេញស្វាយចន្ទីទៅកាន់ទីផ្សារប្រទេសចិនជាបន្តបន្ទាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញាវិជ្ជមានដ៏ធំក្នុងការទាក់ទាញវិនិយោគិនចិន ឱ្យមកបណ្តាក់ទុននៅកម្ពុជា ដើម្បីពង្រីកវិសាលភាពនៃការនាំចេញកសិផលជាតិចូលទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕