ព័ត៌មានជាតិ

រដ្ឋមន្ត្រីកិច្ចការនារី៖ នៅពេលដែលស្ត្រីរស់នៅដោយគ្មានអំពើហិង្សា គ្មានការភ័យខ្លាច និងគ្មានការរើសអើង នោះគ្រួសារ មានភាពរីកចម្រើន សង្គមជាតិរុងរឿង

image

ភ្នំពេញ៖ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា សន្តិភាពនិងសន្តិសុខ មិនអាចកាត់ផ្ដាច់ពីសុខុមាលភាពរបស់ស្ត្រី និងក្រុមគ្រួសារបានឡើយ។ នៅពេលដែលស្ត្រីរស់នៅដោយគ្មានអំពើហិង្សា គ្មានការភ័យខ្លាច និងគ្មានការរើសអើង នោះគ្រួសារ មានភាពរីកចម្រើន សង្គមជាតិរុងរឿង ហើយស្ត្រីនឹងក្លាយជាភ្នាក់ងារនៃសន្តិភាពនៅក្នុងគ្រួសារ ជា អ្នកអប់រំកូនចៅជំនាន់ក្រោយ អ្នកដឹកនាំសហគមន៍ និងជាមូលធនមនុស្ស ដែលរួមចំណែកដ៏ចម្បង ក្នុងការអភិវឌ្ឍប្រទេសជាតិ និងសុខដុមនីយកម្មសង្គម ក៏ដូចការកសាង និងថែរក្សាសុខសន្តិភាពយូរ អង្វែង។

លោកស្រីរដ្ឋមន្ត្រី មានប្រសាសន៍ដូចនេះ ក្នុងពិធីអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។

លោកស្រីកិត្តិបណ្ឌិត ក្នុងនាមជាស្ត្រីកម្ពុជាមួយរូប បានគោរពថ្លែងអរគុណ និងដឹងគុណ សម្តេចតេជោ ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំជើងឯកជាតិ ដែលបាននាំមកនូវវឌ្ឍនភាពលើ ការអនុវត្តយុទ្ធសាស្ត្រសមភាពយេនឌ័រ ក្នុងរយៈពេលជាង៣ទសវត្សរ៍កន្លងមក ព្រមទាំងគោរពថ្លែងអំណរគុណ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានបន្តវិនិយោគលើការកសាង និងបរិវត្តន៍មូលធនមនុស្ស ក្នុងនោះមូលធនស្ត្រី តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយចំណេះដឹង ជំនាញ សីលធម៌ សមធម៌ និងបរិយាបន្ន។

លោកស្រី អ៉ឹង កន្ថាផាវី មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានទទួលស្គាល់យ៉ាងមុតមាំថា «ស្ត្រី មិនត្រឹមតែជាអ្នកទទួលផលពីសុខសន្តិភាព ប៉ុណ្ណោះទេ ប៉ុន្តែស្ត្រី គឺជាភ្នាក់ងារនៃសន្តិភាពនៅក្នុងគ្រួសារ, ជាអ្នកអប់រំកូន ចៅជំនាន់ក្រោយ, អ្នកដឹកនាំសហគមន៍ និងជាមូលធនមនុស្ស ដែលរួមចំណែកដ៏ចម្បងក្នុងការអភិវឌ្ឍប្រទេសជាតិ សុខដុមនីយកម្មសង្គម និងនៅលើឆាកអន្តរជាតិ។ ក្រោយបញ្ចប់សង្គ្រាម, ក្រោមម្លប់នៃសុខសន្តិភាព ស្ត្រី គឺជាកម្លាំងចលករនាំមុខ ក្នុងការស្តារសេដ្ឋកិច្ចគ្រួសារ និងសហគមន៍ឡើងវិញ។

គួររំលឹកថា នៅថ្ងៃទី៨ មីនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ការបីបាច់ថែរក្សារបស់ស្ត្រី ផ្តល់ឱ្យមានតុល្យភាព, ប្រាជ្ញាស្មារតីរបស់ស្ត្រី ជួយនាំឱ្យមានការសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយភាពជា អ្នកដឹកនាំប្រកបដោយការយល់ចិត្តរបស់ស្ត្រី ជំរុញឱ្យមានភាពសុខដុមរមនា»៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី