ស្ពានបេតុងដំរីផុង នឹងជួយលើកកម្ពស់ជីវភាពពលរដ្ឋជាង ២ពាន់គ្រួសារ ក្នុងឃុំចំនួន៣ នៅស្រុកទឹកឈូ ខេត្តកំពត ក្រោយសាងសង់រួចរាល់
កំពត៖ សមិទ្ធផលដ៏ថ្លៃថ្លាជាប្រវត្តិសាស្ត្រថ្មីមួយទៀតពីរាជរដ្ឋាភិបាលកម្ពុជា ដែលជាអំណោយរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺស្ពានបេតុងដំរីផុង ត្រូវបានបើកការដ្ឋានសាងសង់ឡើងឆ្លងកាត់៣ឃុំក្នុងស្រុកទឹកឈូ មានចំនួនគ្រួសារ ២,៨៨០គ្រួសារ។ ក្រោយស្ពានបេតុងនេះសាងសង់រួចនឹងបង្ករភាពងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាដឹកញ្ជូនកសិផលទៅកាន់ទីផ្សារ។
លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោក នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានបើកការដ្ឋានសាងសង់ស្ពានបេតុងដំរីផុង ដែលស្ថិតនៅផ្ទាល់លើភូមិសាស្ត្រព្រំប្រទល់រវាងឃុំស្ទឹងកែវ និងឃុំថ្មីនៃស្រុកទឹកឈូ ខេត្តកំពត។
នាឱកាសនោះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ដោយមើលឃើញពីតម្រូវការចាំបាច់ ក៏ដូចជាការលំបាករបស់ប្រជាពលរដ្ឋដែលធ្វើដំណើរ និងដឹកកសិផលទៅកាន់ទីផ្សារឆ្លងកាត់ស្ពានដំរីផុង សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានផ្តល់ជូនស្ពានដំរីផុងនេះជាស្ពានបេតុងសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង ដែលជាការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ។
លោក នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ស្ពានបេតុងដំរីផុង មានប្រវែង ៦០ម៉ែត្រ ទទឹង ៨ម៉ែត្រ រួមនឹងផ្លូវបេតុងអមសងខាងក្បាលស្ពានប្រវែងសរុប ២០០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់០.២ម៉ែត្រ។ ស្ពានបេតុងនេះទទួលការសាងសង់ដោយបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ហើយបើតាមការគ្រោងទុកស្ពាននេះនឹងសាងសង់រួចរាល់ក្នុងរយៈពេល ៤ខែ។ សមិទ្ធផលថ្មីនេះក្រោយការសាងសង់រួចនឹងឆ្លើយតបនូវផលប្រយោជន៍ជាពហុបំណង និងប្រកបដោយសក្តានុពលដែលប្រជាពលរដ្ឋបានទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
លោក អ៊ឹម ច័ន្ធសោធន អភិបាលស្រុកទឹកឈូ បានឱ្យដឹងថា ស្ពានដំរីផុងគឺជាតម្រូវការដ៍ចាំបាច់ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋដើម្បីដឹកកសិផលទៅកាន់ទីផ្សារ ធ្វើដំណើរទៅសាលារៀន ទៅមណ្ឌលសុខភាព និងឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយទៀតទាំងក្នុងខេត្ត និងក្រៅខេត្ត។ នារដូវវស្សាអ្នកធ្វើដំណើរមានការលំបាកខ្លាំង ហើយជាញឹកញាប់ស្ពានត្រូវបានបំផ្លាញដោយទឹកហូរ និងត្រូវចំណាយថវិកាជួសជុលទើបអាចធ្វើដំណើរបាន តែក៏មិនមានភាពរឹងមាំដែរ។ ចំពោះស្ពានមួយនេះអ្នកទទួលផលផ្ទាល់មានចំនួន ១២ភូមិ/៣ឃុំ ស្មើគ្រួសារ ២,៨៨០គ្រួសារ មានប្រជាពលរដ្ឋ ១២,២៥១នាក់ ដែលភាគច្រើនប្រកបរបរទទួលទានដាំដំណាំ និងធ្វើចំការ៕
អត្ថបទ៖ វង្ស សុធារម្យ