សហរដ្ឋអាម៉េរិក ប្រកាសស៊ើបអង្កេតពាណិជ្ជកម្មថ្មីលើដៃគូពាណិជ្ជកម្មជាច្រើន រួមទាំងកម្ពុជា
វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក បានប្រកាសបើកការស៊ើបអង្កេតថ្មីលើដៃគូពាណិជ្ជកម្មធំៗជាច្រើនរបស់ខ្លួន ដែលក្នុងនោះក៏រួមមាន កម្ពុជា ផងដែរ ដើម្បីពិនិត្យថាតើប្រទេសទាំងនេះមានអនុវត្តន៍ពាណិជ្ជកម្មមិនយុត្តិធម៌ឬយ៉ាងណា ដែលអាចនាំឱ្យអាម៉េរិកដាក់ពន្ធនាំចូលថ្មីលើទំនិញពីប្រទេសទាំងនោះ។ ការស៊ើបអង្កេតនេះ ផ្តោតលើពីរចំណុចសំខាន់ គឺបញ្ហា ផលិតកម្មលើសសមត្ថភាពផលិត និងការបង្ខំឱ្យធ្វើការនៅក្នុងខ្សែផលិតកម្ម ដែលអាចពាក់ព័ន្ធនឹងការរំលោភសិទ្ធិការងារ។
ការប្រកាសនេះធ្វើឡើងដោយលោក Jamieson Greer តំណាងពាណិជ្ជកម្មអាម៉េរិក កាលពីថ្ងៃទី ១១ខែមីនា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា ការស៊ើបអង្កេតផ្អែកលើមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ អាចនាំឱ្យមានការដាក់ពន្ធនាំចូលថ្មីលើទំនិញពីប្រទេសជាច្រើននៅរដូវក្តៅខាងមុខនេះ ប្រសិនបើរកឃើញការអនុវត្តពាណិជ្ជកម្មមិនស្មើភាព។
ប្រទេសដែលស្ថិតក្នុងការស៊ើបអង្កេត រួមមាន ចិន សហភាពអឺរ៉ុប ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងម៉ិកស៊ិក ព្រមទាំងប្រទេសនៅអាស៊ីអាគ្នេយ៍មួយចំនួនដូចជា វៀតណាម ថៃ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី បង់ក្លាដែស និង កម្ពុជា ផងដែរ។
លោក Greer បានបញ្ជាក់ថា អាមេរិកមានគោលបំណងបញ្ចប់ការស៊ើបអង្កេតនេះ មុនពេលពន្ធបណ្តោះអាសន្នដែលត្រូវបានដាក់ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅចុងខែកុម្ភៈ និងផុតកំណត់នៅខែកក្កដាខាងមុខ។
លោកបាននិយាយថា សហរដ្ឋអាម៉េរិក នឹងមិនអនុញ្ញាតឱ្យឧស្សាហកម្មក្នុងស្រុករបស់ខ្លួនត្រូវរងផលប៉ះពាល់ពីប្រទេសផ្សេងៗ ដែលអាចនាំចេញផលិតផលលើសសមត្ថភាពផលិត និងបញ្ហាផលិតកម្មរបស់ខ្លួនចូលទៅទីផ្សារអាម៉េរិកទៀតឡើយ។
ការស៊ើបអង្កេតនេះកើតឡើងបន្ទាប់ពី តុលាការកំពូលអាម៉េរិក បានសម្រេចថា ពន្ធដែលរដ្ឋបាលរបស់លោក ត្រាំ ដាក់លើប្រទេសជាច្រើនកាលពីខែមេសា ឆ្នាំមុន គឺមិនស្របច្បាប់។ បន្ទាប់ពីសេចក្តីសម្រេចនោះ លោក ត្រាំ បានប្រកាសដាក់ពន្ធសកលថ្មី ១០% ក្រោមមាត្រា ១២២នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ លើទំនិញនាំចូលពីបរទេស ហើយបានលើកឡើងថា អាចបង្កើនដល់ ១៥% នៅពេលខាងមុខ។
អ្នកវិភាគមើលឃើញថា ការស៊ើបអង្កេតថ្មីនេះ អាចក្លាយជាមធ្យោបាយមួយសម្រាប់រដ្ឋបាលអាមេរិកក្នុ ងការស្តារឡើងវិញនូវគោលនយោបាយពន្ធពាណិជ្ជកម្ម និងបង្កើនសម្ពាធលើដៃគូពាណិជ្ជកម្មរបស់ខ្លួន។
សម្រាប់ កម្ពុជា ប្រសិនបើការស៊ើបអង្កេតនាំឱ្យមានការដាក់ពន្ធថ្មី លើទំនិញនាំចេញទៅទីផ្សារអាមេរិក វាអាចប៉ះពាល់ដល់វិស័យនាំចេញសំខាន់ៗ ដូចជា សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ដែលអាមេរិកជាទីផ្សារធំបំផុតមួយរបស់កម្ពុជា។
ជាមួយគ្នានេះផងដែរ ការប្រកាសស៊ើបអង្កេតនេះក៏កើតឡើង ខណៈមន្ត្រីជាន់ខ្ពស់អាម៉េរិក គ្រោងជួបពិភាក្សាជាមួយភាគីចិននៅទីក្រុង ប៉ារីស នៅចុងសប្តាហ៍នេះ ដើម្បីរៀបចំផ្លូវសម្រាប់កិច្ចប្រជុំរវាងលោក ដូណាល់ ត្រាំ និង លោក ស៊ី ជីនពីង ដែលគ្រោងធ្វើឡើងនៅទីក្រុង ប៉េកាំង នៅចុងខែមីនានេះ៕
ប្រភព៖ BBC/ Reuters