ព័ត៌មានជាតិ

ធនាគារ វីង ស្វាគមន៍គណៈប្រតិភូនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងជំរុញនវានុវត្តន៍ឌីជីថលក្នុងវិស័យច្បាប់

image

ភ្នំពេញ៖ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ ធនាគារ វីង (ខេមបូឌា) ម.ក  ដែលជាធនាគារឌីជីថល រីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ចការងារ និងការពិភាក្សាជាយុទ្ធសាស្ត្រ នៅទីស្នាក់ការកណ្តាល "ធនាគារ វីង ថៅវើ"។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង បានទទួលស្វាគមន៍ដោយផ្ទាល់ចំពោះ ឯកឧត្តម សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគណៈប្រតិភូអមដំណើរ។ គោលបំណងចម្បងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់ពីប្រតិបត្តិការដ៏ទំនើបរបស់ធនាគារ វីង និងពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។

ក្នុងឱកាសនោះ គណៈប្រតិភូបានអញ្ជើញធ្វើទស្សនកិច្ចនៅអគារធនាគារ វីង ថៅវើ ដែលជាអគារវៃឆ្លាតបំពាក់ដោយបរិក្ខារទំនើបចុងក្រោយ។ ដំណើរទស្សនកិច្ចនេះ បានបង្ហាញពីបរិយាកាសការងារដ៏រស់រវើក និងការប្រើប្រាស់បច្ចេកវិទ្យានវានុវត្តន៍ ដែលជាកម្លាំងចលករដ៏សំខាន់នៅពីក្រោយឧត្តមភាពនៃសេវាកម្មហិរញ្ញវត្ថុឌីជីថលរបស់ធនាគារ វីង ក្នុងនាមជាធនាគារឈានមុខគេមួយនៅក្នុងស្រុក។

បន្ទាប់ពីទស្សនកិច្ចតាមការិយាល័យជំនាញ ភាគីទាំងពីរ ក៏បានរៀបចំបទបង្ហាញ និងកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាដោយផ្តោតលើការស្វែងរកដំណោះស្រាយហិរញ្ញវត្ថុឌីជីថលដ៏រឹងមាំ ដើម្បីគាំទ្រដល់ប្រតិបត្តិការការងារក្នុងវិស័យច្បាប់។ កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រនេះ មានគោលបំណងរួមចំណែកជំរុញប្រសិទ្ធភាពការងារ និងកំណើនសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

បណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង បានមានប្រសាសន៍ថា៖ «យើងខ្ញុំមានកិត្តិយសយ៉ាងខ្លាំងដែលបានទទួលស្វាគមន៍ ឯកឧត្តមប្រធាន និងគណៈប្រតិភូនៃគណៈមេធាវី។ យើងជឿជាក់យ៉ាងមុតមាំថា តាមរយៈការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាហិរញ្ញវត្ថុ និងវិស័យច្បាប់ យើងនឹងអាចបង្កើតឱ្យមាននូវដំណោះស្រាយថ្មីៗដែលផ្តល់អត្ថប្រយោជន៍ដល់សង្គមជាតិទាំងមូល។»

ធនាគារ វីង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាយុត្តិធម៌ និងការអភិវឌ្ឍសង្គមជាតិ។ ធនាគារ វីង នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកសាងភាពជាដៃគូសហការជាមួយស្ថាប័នរដ្ឋ និងឯកជន ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន និងប្រកបដោយនវានុវត្តន៍៕