ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងសុខាភិបាល បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធអេឡិចត្រូនិកចុះបញ្ជីផ្តល់ថ្នាំបង្ការ (EIR) និងប្រព័ន្ធគ្រប់គ្រងព័ត៌មានមូលដ្ឋានសុខាភិបាល (HFMIS)
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល (ក.ស.ប.) បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធអេឡិចត្រូនិកចុះបញ្ជីផ្តល់ថ្នាំបង្ការ (EIR) និងប្រព័ន្ធគ្រប់គ្រងព័ត៌មានមូលដ្ឋានសុខាភិបាល (HFMIS)។
កន្លងមក ក្រសួងសុខាភិបាល និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការគ្នាអភិវឌ្ឍប្រព័ន្ធចាក់វ៉ាក់សាំង (vaccine.gov.kh) ដែលបានជួយសម្រួលដល់ការគ្រប់គ្រង និងកត់ត្រាប្រវត្តិនៃការចាក់វ៉ាក់សាំង ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ហើយប្រព័ន្ធនេះមានភាពធន់សាយប័រនិងមាត្រសម្បទា (Scalability) ដែលត្រូវបានប្រើប្រាស់ដោយវេជ្ជបណ្ឌិតនិងបុគ្គលិកពេទ្យប្រមាណជាង ៨ ០០០នាក់ និងបានកត់ត្រាអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ រហូតដល់ប្រមាណជិត ១៥លាននាក់។
ជាមួយគ្នានេះ ដោយមានតម្រូវការបន្ថែមក្នុងការគ្រប់គ្រងនិងកត់ត្រាប្រវត្តិនៃការចាក់ថ្នាំបង្ការផ្សេងទៀត ក.ស.ប. និង ក.ប.ទ. ក៏បានពិភាក្សានិងយល់ឃើញថាប្រព័ន្ធចាក់វ៉ាក់សាំងដែលមានស្រាប់មានភាពសក្តិសមបំផុតក្នុងការយកទៅពង្រីកវិសាលភាពប្រើប្រាស់ក្នុងកម្រិតជាតិ ដោយគ្រាន់តែយកមកធ្វើការអភិវឌ្ឍបន្ថែមនិងពង្រីកសមត្ថភាពឱ្យក្លាយទៅជាប្រព័ន្ធថ្មីមួយទៀត ដែលមានឈ្មោះថា ប្រព័ន្ធអេឡិចត្រូនិកចុះបញ្ជីផ្តល់ថ្នាំបង្ការ (Electronic Immunization Registry/EIR) ដែលមានភាពធន់សាយប័រ និងសមត្ថភាពខ្ពស់ជាងមុន ព្រមទាំងអាចធ្វើអន្តរប្រតិបត្តិការ។
បន្ទាប់ពីបានអភិវឌ្ឍនិងធ្វើការវាយតម្លៃអំពីភាពធន់សាយប័រនិងភាពរួចរាល់នៃបច្ចេកទេសរួចមក ប្រព័ន្ធ EIR ត្រូវបានដាក់ឱ្យដំណើរការសាកល្បងកាលពីខែតុលា ឆ្នាំ២០២៤ នៅមណ្ឌលសុខភាពចំនួន ២ទីតាំង គឺមណ្ឌលសុខភាពសំរោងក្រោម និងមណ្ឌលសុខភាពជ្រោយចង្វារ និងនៅខែមករា ឆ្នាំ២០២៥ បានដាក់ឱ្យដំណើរការសាកល្បង ១ទីតាំងបន្ថែមទៀត គឺមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក ព្រមទាំងបានបន្តបណ្តុះបណ្តាលបុគ្គលិកពេទ្យនិងដាក់ឱ្យដំណើរការសាកល្បងនៅតាមបណ្តាស្រុកប្រតិបត្តិ និងមូលដ្ឋានសុខាភិបាលផ្សេងទៀត។ ជាលទ្ធផលគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ ប្រព័ន្ធ EIR ត្រូវបានប្រើប្រាស់នៅមូលដ្ឋានសុខាភិបាលចំនួន ១,៤៤៣ ទីតាំង បុគ្គលិកប្រើប្រាស់ចំនួន ២,៦៥៤ នាក់ ទិន្នន័យប្រជាពលរដ្ឋបានចុះក្នុងប្រព័ន្ធចំនួន ១៧៤,៦៨៨ នាក់ និងកំណត់ត្រាវ៉ាក់សាំងចំនួន ១,១០០,១៤៩។
ក្រោយពីដាក់ឱ្យដំណើរការសាកល្បងអស់រយៈពេលជាងមួយឆ្នាំកន្លងមក ប្រព័ន្ធ EIR ទទួលបានការសាទរជាច្រើន ដែលឈានដល់ការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅតាមមន្ទីរពេទ្យជាតិ មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព និងប៉ុស្ដិ៍សុខភាព នៅទូទាំងប្រទេស។ ជាមួយគ្នានេះ ប្រជាពលរដ្ឋទូទៅក៏អាចពិនិត្យមើលប្រវត្តិនៃការទទួលថ្នាំបង្ការនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព ឬប៉ុស្ដិ៍សុខភាពរបស់រដ្ឋ តាមរយៈកម្មវិធី MyHealth ដែលជាកូនកម្មវិធី (Mini-App) នៅក្នុងកម្មវិធី DGSuperApp ផងដែរ។
សូមបញ្ជាក់ថា ប្រព័ន្ធ EIR គឺជាថ្នាលឌីជីថលដែលមានសុវត្ថិភាព អន្តរប្រតិបត្តិការ និងងាយស្រួលក្នុងការប្រើប្រាស់ ដែលជាឃ្នាស់ឌីជីថលជំនួសឱ្យការកត់ត្រាប្រវត្តិនៃការចាក់ថ្នាំបង្ការដោយដៃនិងប្រើក្រដាស ទៅជាការកត់ត្រាតាមប្រព័ន្ធឌីជីថលដោយស្វ័យប្រវត្តិ ដែលក្នុងនោះរួមមាន (១) កាលវិភាគផ្តល់ថ្នាំបង្ការសម្រាប់ទារកអាយុក្រោម ២ឆ្នាំ (Routine Vaccination) (២) ការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន (HPV Vaccines) សម្រាប់កុមារីអាយុ ៩ឆ្នាំ (៣) ការផ្តល់វ៉ាក់សាំងតេតាណូស និងខាន់ស្លាក់សម្រាប់ស្ត្រីក្នុងវ័យបន្តពូជអាយុចាប់ពី១៥ឆ្នាំ ដល់ ៤៤ឆ្នាំ និង(៤) វ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋទូទៅ ដូចជាវ៉ាក់សាំងកូវីដ-១៩ ជាដើម។
ប្រព័ន្ធ EIR មានមុខងារសំខាន់ៗ ដូចជា (១) បង្កើតគណនីនៃការចាក់ថ្នាំបង្ការជូនប្រជាពលរដ្ឋ និងអាចស្វែងរកព័ត៌មាននៃការចាក់ថ្នាំបង្ការបានយ៉ាងងាយស្រួលនិងឆាប់រហ័ស (២) កត់ត្រាប្រវត្តិនៃការទទួលថ្នាំបង្ការរបស់ទារក កុមារ និងប្រជាពលរដ្ឋទូទៅ និងកាលវិភាគដែលនឹងត្រូវទទួលថ្នាំបង្ការបន្ទាប់ (៣) តាមដាននិងផ្ទៀងផ្ទាត់ប្រវត្តិនៃការទទួលថ្នាំបង្ការគ្រប់ប្រភេទដោយស្វ័យប្រវត្តិ ដើម្បីជំនួសឱ្យការកត់ត្រាក្នុងទម្រង់ជាក្រដាស និង (៤) អាចចូលទៅពិនិត្យមើល និងទាញយករបាយការណ៍ប្រចាំខែអំពីទិន្នន័យអ្នកទទួលថ្នាំបង្ការ ដើម្បីជាមូលដ្ឋានក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។
ដោយឡែក ប្រព័ន្ធគ្រប់គ្រងព័ត៌មានមូលដ្ឋានសុខាភិបាល (HFMIS) ត្រូវបានអភិវឌ្ឍឡើងក្នុងគោលបំណង ដូចជា (១) មើលទីតាំងនៃមូលដ្ឋានសុខាភិបាលឯកជនទូទាំងប្រទេសកម្ពុជា (២) ស្វែងយល់ពីទំហំ និងប្រភេទនៃមូលដ្ឋានសុខាភិបាលឯកជននីមួយៗ (ចំនួននិងប្រភេទបុគ្គលិក ប្រភេទនៃមូលដ្ឋានសុខាភិបាល និងប្រភេទសេវា) និង (៣) តាមដានស្ថានភាព និងភាពស្របច្បាប់របស់មូលដ្ឋានសុខាភិបាលឯកជន។
ប្រព័ន្ធ HFMIS នេះ មានមុខងារសំខាន់ៗ ដូចជា (១) បច្ចុប្បន្នភាពទិន្នន័យមូលដ្ឋានសុខាភិបាល (២) ស្ថិតិនៃស្ថានភាពស្របច្បាប់របស់មូលដ្ឋានសុខាភិបាលឯកជននីមួយៗ រួមមាន អាជ្ញាបណ្ណកំពុងមានសុពលភាព អាជ្ញាបណ្ណជិតផុតសុពលភាព (រយៈពេលយ៉ាងតិចជាង៩០ថ្ងៃ) និងអាជ្ញាបណ្ណផុតសុពលភាព (៣) ផ្ទាំងសម្រាប់បែងចែងប្រភេទមូលដ្ឋានសុខាភិបាល (៤) ផ្ទាំងសម្រាប់បែងចែកតាមខេត្ត-ស្រុក (៥) បញ្ជីឈ្មោះមូលដ្ឋានសុខាភិបាល និង (៦) ស្វែងរកទីតាំងនៅលើ Google Map។
ក.ស.ប. និង ក.ប.ទ. នឹងបន្តសហការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនានាបន្ថែមទៀត ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យសុខាភិបាលឱ្យបានកាន់តែលឿន ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕