ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ស្ពឺ ណែនាំមន្ត្រីពន្ធនាគារឱ្យបញ្ឈប់ការពាក់ពន្ធ័នឹងបទល្មើស និងត្រូវតាមដានពិនិត្យស្ថានភាព​ការរស់នៅរបស់ជនជាប់ឃុំ

image

កំពង់ស្ពឺ៖​ អភិបាល​រង​ខេត្ត​កំពង់ស្ពឺ​ លោក តូច ប៉ូលីវ៉ា បានដឹកនាំក្រុមការងារនៃរដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ​ និងកម្លាំងជំនាញនៃស្នងការដ្ឋាន អាវុធហត្ថ ចុះពិនិត្យស្ថានភាពរស់នៅជាក់ស្តែងជនជាប់ឃុំក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ​ លោក តូច ប៉ូលីវ៉ា បានធ្វើការឆែកឆេរ ត្រួតពិនិត្យកន្ត្រកផ្ទុកសម្លៀកបំពាក់ទាំងអស់របស់ជនជាប់ឃុំ ដើម្បីរកមើលរបស់ហាមឃាត់ដែលជនជាប់ឃុំលាក់ទុកប្រើប្រាស់។​ លោកបញ្ជាក់ថា ដោយនៅតាមពន្ធនាគារនៃខេត្តមួយចំនួនបានបែកធ្លាយមានជនជាប់ឃុំប្រើប្រាស់ទូរសព្ទដៃ លេងហ្វេសប៊ុក ប្រើប្រាស់គ្រឿងញៀន​ និងផឹកស៊ីជាដើម។​ ម្យ៉ាងវិញទៀត ការចុះពិនិត្យនេះដើម្បីពិនិត្យពីស្ថានភាពរស់នៅរបស់ជនជាប់ឃុំដែលកំពុងមានសភាពណែនណាន់តាន់តាប់ផងដែរ។

ទន្ទឹមនេះ​ លោក តូច ប៉ូលីវ៉ា ក៏បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពន្ធនាគារ​ខេត្តទាំងអស់មិនត្រូវប្រព្រឹត្តបទល្មើស ផ្តល់ទូរសព្ទឱ្យជនជាប់ឃុំប្រើប្រាស់​ ឬប្រព្រឹត្តបទល្មើសជាថ្នូរនឹងផលប្រយោជន៍ឡើយ។ ក្នុងករណីរកឃើញថាមានជាប់ពាក់ព័ន្ធ ច្បាប់មិនលើកលែងឱ្យឡើយ។​ ចំពោះមុខ ដើម្បីឱ្យការគ្រប់គ្រងទទួលបានសិទ្ធិ​ និងជៀសផុតពីបញ្ហាប្រឈមនានា ថ្នាក់ដឹកនាំ​ និងមន្ត្រីក្រោមឱវាទត្រូវបន្ត​តាមដាន​ត្រួតពិនិត្យ​ពី​ស្ថានភាព​ នៃ​ការគ្រប់គ្រង និង​ការរស់នៅ​របស់​អ្នក​ទោស​ឱ្យ​មាន​សណ្ដាប់ធ្នាប់​ល្អ បញ្ចៀស​ការកើត​មាន​បាតុភាព​ខុស​ប្រក្រតី​ណាមួយ។​ ក្រៅពីនេះបន្ត​ខិតខំ​ធ្វើការ​តម្កល់​ផលប្រយោជន៍​អង្គភាព​ និង​សន្តិសុខ​សាធារណៈ​ជាធំ ហើយ​ត្រូវ​មាន​ម្ចាស់ការ​គ្រប់គ្រង​អគារ​របស់​ខ្លួន​ឱ្យ​បាន​ល្អ កុំ​ឱ្យ​មាន​បាតុភាព ឬ​បទល្មើស​ណាមួយ​កើតឡើង។​ ជាងនេះទៀត​ ត្រូវរឹតបន្តឹងចំពោះអ្នកដែលចេញចូលសួរសុខទុក្ខជនជាប់ឃុំ ពិនិត្យ​ និងឆែកឆេររាល់បញ្ញើរបស់ក្រុមគ្រួសារដែលនាំចូលមកក្នុងពន្ធនាគារធ្វើយ៉ាងធានាឱ្យបានថាមិនមានរបស់ហាមឃាត់ដែលអាចនាំចូលឬប្រគល់ដល់ដៃជនជាប់ឃុំឡើយ​ ត្រូវបន្តរៀបចំសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ដើម្បីផាសុកភាពអ្នកជាប់ឃុំ។

លោក ទីន សុវណ្ណនី ឧត្តមអគ្គានុរក្សថ្នាក់លេខ២​ ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ​ បានឱ្យដឹងថា បច្ចុប្បន្នកំណើនជនជាប់ឃុំមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយគិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦​ មានជនជាប់ឃុំចំនួន​ ៣១០០នាក់ (ស្ត្រី១៩៤នាក់ ក្មេងតាមម្តាយ៧នាក់ ស្រី៤នាក់)។​ កំណើននៃជនជាប់ឃុំនេះ ភាគច្រើនគឺបទល្មើសគ្រឿងញៀន ក្មេងទំនើង ដែលមានរហូតដល់ជាង​ ២០០០នាក់​ លើចំនួនសរុបនៃជនជាប់ឃុំ៕



អត្ថបទ៖​ ប៊ុត សារុន