ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ​ និង​ស.ស.យ.ក​ នឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី

image

ភ្នំពេញ៖​ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក​)​ នឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយចាប់ផ្តើមពីថ្ងៃទី១៤​ រហូតដល់ថ្ងៃទី១៩​ ខែមេសា​ ឆ្នាំ២០២៦​។

ដើម្បីឱ្យព្រឹត្តិការណ៍ដ៏ធំមួយនេះដំណើរការទៅដោយរលូន សប្បាយរីករាយ និងជោគជ័យ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦​ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំកិច្ចប្រជុំមួយ ស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍នេះក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន​ ស.ស.យ.ក​ និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ​ នៅសាលារាជធានីភ្នំពេញ។

នាឱកាសនោះ​ លោក ឃួង ស្រេង បានលេីកឡេីងថា​ ការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ តែងរៀបចំជារៀងរាល់ឆ្នាំនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ វត្តភ្នំ។​ តែសម្រាប់ឆ្នាំ២០២៦​ ក្រោមការសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍នេះធំជាងឆ្នាំកន្លងទៅនៅរាជធានីភ្នំពេញ ដោយចាប់ផ្តើមពីថ្ងៃទី១៤រហូតដល់ថ្ងៃទី១៩មេសា។

លោក ឃួង ស្រេង​ បានបន្តថា​ ព្រឹត្តិការណ៍នេះ ធ្វើឡើង ដើម្បីថែរក្សាការពារ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី របស់ដូនតា និងការស្គាល់ច្បាស់ពីអត្តសញ្ញាណជាតិ ជាផ្នែកមួយ នៃ ខឿនការពារជាតិដ៏រឹងមាំរបស់ប្រជាជន។

លោកឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី​ មានប្រសាសន៍ថា​ ព្រឹត្តិការណ៍ដ៏ធំនេះ ធ្វើឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំ២០២៦ ហើយព្រឹត្តិការណ៍នេះ ក៏មិនខុសពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលបានរៀបចំឡើងកាលពីថ្ងៃទី៣១ធ្នូ ចំថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២៥ឡើយ គឺក្នុងគោលបំណងនាំមកនូវការជួបជុំគ្នា ទាំងប្រជាពលរដ្ឋក្នុង​ និងក្រៅស្រុក។ ជាមួយនឹងការផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋខ្មែរឯនាយសមុទ្រ អំពីអត្ថន័យនៃការជួបជុំសាច់ញាតិបងប្អូនក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រកបដោយភាពកក់ក្តៅ និងមនោសញ្ចេតនានឹកនា និងវិលត្រឡប់មកលេងស្រុកកំណើតវិញ។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្តថា​ការឈ្លានពានពីអ្នកជិតខាង ធ្វើឱ្យយើង មានស្មារតី សាមគ្គីភាពកាន់តែខ្លាំងឡើង។​ រិតតែឈ្លានពាន ខ្មែរកាន់តែរួបរួម។​ សេដ្ឋកិច្ចយើងរីកចំរើន វិស័យការពារជាតិយើងកាន់តែរឹងមាំ។

សូមបញ្ជាក់ថា​ ព្រឹត្តិការណ៍ដ៏ធំនេះនឹងធ្វើឡើងនៅទីតាំងធំៗចំនួន៣កន្លែង និងតូចចំនួន៣កន្លែងទៀត ក្នុងនោះទីតាំងធំៗចំនួន៣កន្លែងនោះ​ រួមមាន​ ទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ វត្តភ្នំ ផ្លូវថ្មើជើងចតុមុខ​ និងនៅសួនវឌ្ឍនៈ រហូតដល់ផ្សាររាត្រី។​ ចំណែក៣កន្លែងតូចៗ នៅសួនមុខ
វត្តបទមវតី បាសាក់លែនផ្លូវលេខ១៥៥​ និងនៅផ្លូវជុំវិញផ្សារទួលទំពូង​ ក្នុងខណ្ឌចំការមន៕