លោករដ្ឋមន្ត្រី ហេង សួរ បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងដាក់ចេញទិសដៅអនុវត្តបន្តសម្រាប់គម្រោងកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការដឹកនាំរៀបចំអនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) បានដឹកនាំកិច្ចប្រជុំគណៈកម្មការ លើកទី២ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្តនៃការអនុវត្តគម្រោង ដោយមានការអញ្ជើញចូលរួមពីសមាជិក ដែលតំណាងក្រសួង ស្ថាប័ន គ្រឹះស្ថានបណ្ដុះបណ្ដាល និងវិស័យឯកជនពាក់ព័ន្ធ។
លោករដ្ឋមន្រ្តីបានលើកឡើងថា កិច្ចប្រជុំបានពិភាក្សាលើវឌ្ឍនភាពការងារនៃការអនុវត្តគម្រោងក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក និងវាយតម្លៃពីដំណើរការអនុវត្ត ក៏ដូចជាការផ្តល់យោបល់បន្ថែម ឱ្យស្របតាមសូចនាករទិសដៅអភិវឌ្ឍន៍ធនធានមនុស្សឱ្យក្លាយជាកម្លាំងពលកម្មជំនាញក្នុងវិស័យអាទិភាពចំនួន៣ រួមមាន៖ ជំនាញវិស្វកម្មឧស្សាហកម្ម (Industrial Engineering) បច្ចេកវិទ្យាបន្សីលោហៈ (Machining Technology) ជំនាញការសរសេរកូដភ្ជាប់បណ្តាញកុំព្យូទ័រ (IT Networks/Programming) នៅគ្រឹះស្ថានបណ្តុះបណ្តាល ចំនួន ៨។
ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី បានថែ្លងអំណរគុណចំពោះកិច្ចខិតខំអនុវត្តការងាររបស់សមាជិកគណៈកម្មការ ក៏ដូចជាគ្រឹះស្ថានបណ្តុះបណ្តាល ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដ៏ល្អប្រសើរ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ជំនាញទាំងនេះ ក៏នឹងជួយទៅដល់ការអភិវឌ្ឍជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម (Automation) ដែលជាមហិច្ឆតានៃការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាខឿនឧហ្សាហកម្មផងដែរ។
តាមរយៈគម្រោងនេះ នឹងផ្តល់ការបណ្តុះបណ្តាល ដល់យុវជន និងកម្មករនិយោជិត ប្រមាណជាង ៣ម៉ឺននាក់ តាមរយៈគ្រឹះស្ថានបណ្តុះបណ្តាល និងមូលនិធិអភិវឌ្ឍន៍ជំនាញ ដោយបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា វានឹងក្លាយទៅជាឆ្អឹងខ្នងមួយ ដែលបំពេញនូវការខ្វះខាតជំនាញជាន់ខ្ពស់ពាក់ព័ន្ធជំនាញទាំងបីនេះ។ ជារួម គម្រោងនេះសម្រេចបាននូវសមិទ្ធផលល្អប្រសើរ។ ជាមួយគ្នានេះ សមាជិកគណៈកម្មការ តំណាងវិស័យឯកជន និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធក៏បានចែករំលែកពីបទពិសោធអនុវត្តល្អៗ ក៏ដូចជាបានលើកឡើងនូវសំណូមពរពាក់ព័ន្ធសំខាន់ៗផងដែរ។
លោករដ្ឋមន្រ្តី ក៏បានជំរុញគ្រឹះស្ថានបណ្តុះបណ្តាលទាំង៨ ឱ្យព្យាយាមអស់លទ្ធភាពស្វះស្វែងរកកិច្ចសហការយ៉ាងជិតស្និទ្ធបន្ថែមទៀតជាមួយវិស័យឯកជននៅតាមរោងចក្រ សហគ្រាស ឬក្រុមហ៊ុនពាក់ព័ន្ធនឹងជំនាញទាំងបីនេះ។ កិច្ចសហការ ដែលភ្ជាប់ទៅនឹងការបណ្តុះបណ្តាលនៅកន្លែងការងារ (Work Base Learning)នេះ នឹងជួយផ្តល់ឱកាសដ៏មានតម្លៃដល់សិស្សចុះធ្វើកម្មសិក្សា ឬអនុវត្តការងារជាក់ស្តែង ហើយនៅពេលបញ្ចប់ការសិក្សា សិស្សមិនមែនចេះតែទ្រឹស្តីនោះទេ។ លើសពីនេះ ក៏ត្រូវជំរុញការងារផ្សព្វផ្សាយពីគម្រោងបន្ថែមទៀត ជាពិសេស គឺដើម្បីទាក់ទាញសិស្សនារីឱ្យចុះឈ្មោះចូលរៀន។
គួរបញ្ជាក់ថា គម្រោងនេះបានចាប់ផ្តើមអនុវត្តចាប់ពីចុង ឆ្នាំ២០២៤ រហូតដល់ចុង ឆ្នាំ២០៣០ ក្រោមឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕