អ្នកបើកបរនៅហ្វីលីពីន សម្រុកទៅចាក់ប្រេង ព្រោះខ្លាចឡើងថ្លៃដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ា
ហ្វីលីពីន៖ អ្នកបើកបរយានយន្តជាច្រើន បានសម្រុកទៅកាន់ស្ថានីយប្រេងនានានៅទូទាំងទីក្រុងម៉ានីល កាលពីថ្ងៃពុធ បន្ទាប់ពីមានការភ័យខ្លាចថា តម្លៃប្រេងនឹងហក់ឡើងខ្ពស់ខ្លាំង ដែលបង្កឡើងដោយជម្លោះរវាងសហរដ្ឋអាម៉េរិក អ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ ។
អ្នកបើកបរម្នាក់ បានរៀបរាប់ថា «យើងពិតជាពិបាកខ្លាំងណាស់ ព្រោះតម្លៃប្រេងឡើងថ្លៃភ្លាមៗបែបនេះ វាធ្វើឱ្យប៉ះពាល់ខ្លាំង ដោយសង្គ្រាមនៅអ៊ីរ៉ង់ កំពុងធ្វើឱ្យពួកយើងទាំងអស់គ្នាមានបញ្ហា»។ ចំណែកអ្នកបើកបរម្នាក់ទៀត បានលើកឡើងថា រដ្ឋាភិបាលគួរតែអនុញ្ញាតឱ្យបុគ្គលិកទាំងរដ្ឋ និងឯកជនឈប់សម្រាកពីការងារផ្ទាល់នៅឯការិយាល័យ ដើម្បីជួយកាត់បន្ថយការប្រើប្រាស់ប្រេង និងជួយសម្រួលដល់ប្រជាជនកុំឱ្យរងទុក្ខខ្លាំងពេកក្នុងគ្រាមានវិបត្តិបែបនេះ ។
ការសម្រុកទៅចាក់សាំងនាពេលនេះ កើតឡើងបន្ទាប់ពីរដ្ឋាភិបាលហ្វីលីពីន បានព្រមានថា តម្លៃប្រេងឆៅពិភពលោកអាចនឹងឡើងថ្លៃខ្លាំង ដោយសារតែភាពតានតឹងនៅមជ្ឈិមបូព៌ា ដែលកំពុងគំរាមកំហែងដល់ផ្លូវដឹកជញ្ជូនប្រេងសំខាន់ៗ ជាពិសេស ច្រកសមុទ្រហ័រមូស (Hormuz) ខណៈហ្វីលីពីន គឺជាប្រទេសដែលត្រូវទិញប្រេងពីក្រៅប្រទេសស្ទើរតែទាំងអស់ ដូច្នេះហើយទើបប្រទេសនេះងាយរងគ្រោះបំផុតនៅពេលទីផ្សារថាមពលពិភពលោកមានភាពរវឹកវរ ។
ដើម្បីទប់ទល់នឹងស្ថានភាពនេះ ប្រធានាធិបតី ហ្វឺឌីណាន់ ម៉ាកូស ជូញៀរ (Ferdinand Marcos Jr.) បានប្រកាសវិធានការសន្សំសំចៃថាមពលជាបន្ទាន់ រួមមានការកំណត់ឱ្យមន្ត្រីរដ្ឋាភិបាលធ្វើការតែ ៤ថ្ងៃក្នុងមួយសប្តាហ៍ ដោយបានប្រកាសអនុវត្តចាប់តាំងពីថ្ងៃទី ៩ ខែមីនាកន្លងមក ដើម្បីកាត់បន្ថយការប្រើប្រាស់សាំង។ អាជ្ញាធរ បានព្រមានថា តម្លៃសាំងអាចនឹងឡើងថ្លៃ ១៣ ប៉េសូក្នុងមួយលីត្រ (ប្រហែល ០.២៣ ដុល្លារ) ខណៈប្រេងម៉ាស៊ូតអាចកើនឡើងថ្លៃ ២៤.២៥ ប៉េសូ ហើយរដ្ឋាភិបាលកំពុងពិចារណាផ្តល់ប្រាក់ឧបត្ថម្ភ និងកាត់បន្ថយពន្ធដើម្បីជួយសម្រាលបន្ទុកប្រជាជន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Reuters/ ABS-CBN