ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន ប្រកាសបញ្ចេញប្រេងបម្រុងរដ្ឋ និងឯកជន ដើម្បីទប់ទល់នឹងវិបត្តិនៅមជ្ឈិមបូព៌ា

image

ជប៉ុន៖ ចំពេលដែលភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាកំពុងកើនឡើងខ្លាំង នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ិឈិ (Sanae Takaichi) បានប្រកាសនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃពុធថា ជប៉ុននឹងបញ្ចេញប្រេងពីឃ្លាំងបម្រុងរបស់រដ្ឋ និងឯកជន ដើម្បីជួយសម្រួលដល់ទីផ្សារថាមពលដែលកំពុងជួបការលំបាក ។

លោកស្រីនាយករដ្ឋមន្ត្រី លើកឡើងថា ដោយសារតែស្ថានភាពនៅប្រទេសអ៊ីរ៉ង់ តម្លៃប្រេងឆៅបានហក់ឡើងខ្ពស់ ដោយកាលពីដើមសប្តាហ៍នេះ វាស្ទើរតែឡើងដល់ ១២០ ដុល្លារក្នុងមួយបារ៉ែល។ លោកស្រីបារម្ភថា បើទោះជាបច្ចុប្បន្នតម្លៃប្រេងឆៅស្ថិតនៅក្នុងតម្លៃថេរក្នុងរង្វង់ប្រហែល ៩០ ដុល្លារក៏ដោយ ប៉ុន្តែតម្លៃសាំងនៅក្នុងប្រទេសជប៉ុន អាចនឹងហក់ឡើងលើសពី ២០០ យ៉េនក្នុងមួយលីត្រ (ប្រហែល ១,៣៥ ដុល្លារ) ។

ជប៉ុនបានសម្រេចចិត្តធ្វើជាអ្នកនាំមុខ ក្នុងការបញ្ចេញប្រេងបម្រុងនៅថ្ងៃទី ១៦ ខែមីនាខាងមុខនេះ ដើម្បីជួយឱ្យការផ្គត់ផ្គង់ និងតម្រូវការប្រេងក្នុងទីផ្សារអន្តរជាតិមានតុល្យភាព។ ជាជំហានដំបូង ជប៉ុននឹងបញ្ចេញប្រេងបម្រុងរបស់ក្រុមហ៊ុនឯកជនសម្រាប់ប្រើប្រាស់បាន ១៥ថ្ងៃ និងប្រេងបម្រុងរបស់រដ្ឋសម្រាប់ប្រើប្រាស់បាន ១ខែ ។

ការសម្រេចចិត្តនេះ ធ្វើឡើងដោយសារតែជប៉ុនកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំង ព្រោះជប៉ុនអាស្រ័យលើប្រេងពីតំបន់មជ្ឈិមបូព៌ារហូតដល់ ៩៥% និងឧស្ម័ន ១១% ហើយការដឹកជញ្ជូនស្ទើរតែទាំងអស់ត្រូវឆ្លងកាត់ច្រកសមុទ្រហ័រមូស (Hormuz)។ នៅពេលដែលច្រកសមុទ្រនេះ ត្រូវបានបិទដោយសារតែសង្គ្រាម ក៏នឹងធ្វើឱ្យការផ្គត់ផ្គង់ប្រេងមកកាន់ប្រទេសជប៉ុន នឹងត្រូវកាត់ផ្ដាច់យ៉ាងច្រើននៅចុងខែមីនានេះ ។

គួររំឭកថា សង្គ្រាមនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី ២៨ ខែកុម្ភៈ នៅពេលអាម៉េរិក និងអ៊ីស្រាអ៊ែលវាយប្រហារលើអ៊ីរ៉ង់។ ជាការឆ្លើយតប អ៊ីរ៉ង់បានបិទផ្លូវទឹក និងវាយប្រហារលើនាវាដឹកទំនិញនានា រួមទាំងនាវាជប៉ុនមួយគ្រឿងផងដែរ កាលពីថ្ងៃពុធ។ ក្នុងពេលជាមួយគ្នា ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ក៏បានសន្យាថានឹងបញ្ចេញប្រេងបម្រុងចំនួន ៤០០ លានបារ៉ែល ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចពិភពលោក ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Kyodo via REUTERS/ (Representative Image) Jajibu on Microsoft Bing