ស្លាប់មនុស្ស១០នាក់ក្នុងមួយគ្រួសារ អំឡុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអ៊ែល នៅលីបង់
លីបង់៖ រូបភាពវីដេអូដែលទីភ្នាក់ងារសារព័ត៌មាន VIORY បានចេញកាលពីថ្ងៃពុធ បានបង្ហាញពីទិដ្ឋភាពសំណង់អគារមួយកន្លែងត្រូវខូចខាតខ្ទេចខ្ទីទាំងស្រុង នៅក្នុងភូមិតាមនីន (Tamnin) ភាគខាងកើតប្រទេសលីបង់ បន្ទាប់ពីមានការវាយប្រហារតាមអាកាសដែលគេសង្ស័យថាជាស្នាដៃរបស់អ៊ីស្រាអ៊ែល។ ការវាយប្រហារនេះ បានសម្លាប់សមាជិកគ្រួសារជនជាតិស៊ិរីមួយគ្រួសារដែលមានសមាជិក ១០នាក់ ។
អ្នកជិតខាងម្នាក់ បានរៀបរាប់ទាំងក្ដុកក្ដួលថា ហេតុការណ៍ទម្លាក់គ្រាប់បែកបានកើតឡើងនៅម៉ោង ៨ ព្រឹក ចំពីលើសំណង់អគារក្បែរផ្ទះរបស់លោក ខណៈទីតាំងខាងលើនេះ គ្រាន់តែជាទីកន្លែងផលិតឥដ្ឋ និងជាកន្លែងស្នាក់នៅរបស់ជនភៀសខ្លួនស៊ិរីតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា នៅទីនោះគ្មានអ្វីពាក់ព័ន្ធនឹងយោធាឡើយ។ ក្នុងនោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់លីបង់ រាយការណ៍ថា យន្តហោះចម្បាំងសត្រូវ បានវាយប្រហារចំអគារដែលគ្រួសារស៊ិរីស្នាក់នៅ បណ្តាលឱ្យស្លាប់ ១០នាក់ និងរបួស ៥នាក់ផ្សេងទៀត ។
ទោះបីជាអ៊ីស្រាអ៊ែល មិនទាន់បានប្រកាសជាផ្លូវការអំពីការវាយប្រហារនៅតំបន់តាមនីន (Tamnin) នេះក៏ដោយ ប៉ុន្តែយោធាអ៊ីស្រាអ៊ែល បានបញ្ជាក់ថា ខ្លួនកំពុងបើកយុទ្ធនាការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ សំដៅលើមូលដ្ឋានរបស់ក្រុមហេសបូឡាហ៍ (Hezbollah) ក្នុងទីក្រុងបេរូត និងបានព្រមានឱ្យប្រជាជននៅតាមភូមិមួយចំនួនជម្លៀសខ្លួនជាបន្ទាន់។ សកម្មភាពនេះ កើតឡើងបន្ទាប់ពីក្រុមហេសបូឡាហ៍ បានប្រកាសចូលរួមក្នុងសង្គ្រាម ដើម្បីសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមីនី (Ali Khamenei) ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ VIORY