ព័ត៌មានអន្តរជាតិ

មេដឹកនាំរូម៉ានី ប្រកាសអនុញ្ញាតឱ្យអាម៉េរិកចូលប្រើប្រាស់មូលដ្ឋានទ័ព ដើម្បីធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងជម្លោះជាមួយអ៊ីរ៉ង់

image

រូម៉ានី៖ ប្រធានាធិបតីរូម៉ានី លោក នីកូស័រ ឌែន (Nicusor Dan) បានប្រកាសកាលពីថ្ងៃពុធថា លោកកំពុងស្នើទៅកាន់សភា ដើម្បីសុំការអនុម័តឱ្យកងទ័ពសហរដ្ឋអាម៉េរិក អាចប្រើប្រាស់មូលដ្ឋានទ័ពនៅក្នុងប្រទេសរបស់ខ្លួន សម្រាប់ប្រតិបត្តិការយោធាដែលពាក់ព័ន្ធនឹងជម្លោះនៅអ៊ីរ៉ង់។ ការដាក់ពង្រាយនេះ ធ្វើឡើងក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ និងក្នុងនាមជាសមាជិកអង្គការណាតូ (NATO) ។

សំណើរបស់អាម៉េរិក ផ្តោតលើការដាក់ពង្រាយយន្តហោះចាក់សាំងលើអាកាស, បរិក្ខារស៊ើបការណ៍សម្ងាត់ និងប្រព័ន្ធទំនាក់ទំនងផ្កាយរណប នៅឯមូលដ្ឋានទ័ពអាកាសក្បែរសមុទ្រខ្មៅ។ រដ្ឋាភិបាលរូម៉ានីបញ្ជាក់ថា នេះគឺជាឧបករណ៍បម្រើឱ្យវិស័យការពារជាតិប៉ុណ្ណោះ និងជួយពង្រឹងសន្តិសុខជាតិឱ្យកាន់តែរឹងមាំក្នុងគ្រាដែលមានវិបត្តិ ។

លោកប្រធានាធិបតីរូម៉ានី បានធានាចំពោះពលរដ្ឋខ្លួនថា មិនមានហេតុផលអ្វីដែលត្រូវបារម្ភពីសុវត្ថិភាពនោះទេ ព្រោះបរិក្ខារទាំងនេះមិនមែនជាប្រភេទអាវុធវាយប្រហារធុនធ្ងន់ឡើយ។ ការដាក់ពង្រាយថ្មីនេះនឹងមានលក្ខណៈបណ្តោះអាសន្ន និងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងច្បាស់លាស់ដោយច្បាប់នៃប្រទេសរូម៉ានី ។

ការសម្រេចចិត្តរបស់រូម៉ានីក្នុងការបើកដៃឱ្យអាម៉េរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួន កើតឡើងចំពេលដែលស្ថានភាពនៅមជ្ឈិមបូព៌ាកំពុងឡើងកម្តៅខ្លាំង ក្រោយការស្លាប់របស់មេដឹកនាំកំពូលអ៊ីរ៉ង់។ ជម្លោះនេះ បានរីករាលដាលដល់ការវាយប្រហារគ្នាទៅវិញទៅមកនៅតំបន់ឈូងសមុទ្រ ដែលជំរុញឱ្យអាម៉េរិកត្រូវស្វែងរកការគាំទ្រពីសម្ព័ន្ធមិត្តក្នុងតំបន់អឺរ៉ុប ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Phil Noble via Reuters/ AFP