ក្រុមហ៊ុន Vingroup ស្នើសុំសាងសង់ស្ពាន និងផ្លូវក្រោមបាតសមុទ្រតម្លៃ ៣,៥ ពាន់លានដុល្លារក្នុងទីក្រុងហូជីមិញ
វៀតណាម៖ ក្រុមហ៊ុន វីនហ្គ្រុប (Vingroup) ដែលជាក្រុមហ៊ុនឯកជនធំជាងគេនៅវៀតណាម បានដាក់សំណើសាងសង់ផ្លូវឆ្លងកាត់សមុទ្រប្រវែង ១៤ គីឡូម៉ែត្រ ដែលរួមបញ្ចូលគ្នានូវស្ពាន និងផ្លូវក្រោមបាតសមុទ្រ ដើម្បីតភ្ជាប់តំបន់ឆ្នេរចំនួនពីរក្នុងទីក្រុងហូជីមិញ។ គម្រោងនេះ នឹងឆ្លងកាត់ឈូងសមុទ្រកាញ់រ៉ៃ (Ganh Rai) រវាងតំបន់កឹងយ៉ាវ (Can Gio) និងក្រុងវុងតោវ (Vung Tau) ដើម្បីជំនួសឱ្យការជិះសាឡាង ដែលត្រូវចំណាយពេលពី ៩០ ទៅ ១២០ នាទី។ នៅពេលរួចរាល់ វានឹងកាត់បន្ថយពេលធ្វើដំណើរមកត្រឹមតែ ១០ ទៅ ២០ នាទីប៉ុណ្ណោះ ជាមួយនឹងទុនវិនិយោគសរុបប្រមាណ ៣,៥៤ ពាន់លានដុល្លារអាម៉េរិក។
តំបន់កឹងយ៉ាវ (Can Gio) និងវុងតោវ (Vung Tau) បានក្លាយជាផ្នែកមួយនៃទីក្រុងហូជីមិញ កាលពីខែកក្កដា ឆ្នាំ ២០២៥ ក្រោយការរៀបចំរដ្ឋបាលថ្មី ប៉ុន្តែតំបន់ទាំងពីរនេះមិនទាន់មានផ្លូវគោកតភ្ជាប់គ្នាផ្ទាល់នៅឡើយទេ។ អ្នកដំណើរត្រូវជិះសាឡាង ឬបើកបរវាងតាមផ្លូវជាតិលេខ ៥១ ដែលចំណាយពេលដល់ទៅ ៣ ម៉ោងកន្លះ។ តាមគម្រោងរបស់ វីនហ្គ្រុប (Vingroup) ផ្លូវថ្មីនេះ នឹងមានស្ពានប្រវែង ៨ គីឡូម៉ែត្រ ផ្លូវក្រោមទឹកប្រវែង ៣,១ គីឡូម៉ែត្រ និងផ្លូវតភ្ជាប់រវាងស្ពាននិងផ្លូវក្រោមដី ជិត ៣ គីឡូម៉ែត្រទៀត ។
បច្ចេកទេសសាងសង់ផ្លូវក្រោមទឹក នឹងត្រូវប្រើវិធីសាស្ត្រទម្លាក់បំពង់បេតុង ដែលគេយកបំណែកបេតុងធ្វើរួចជាស្រេចពីលើគោក យកទៅបណ្ដែតលើទឹក រួចទម្លាក់ឱ្យលិចទៅក្នុងរណ្តៅដែលគេជីកនៅបាតសមុទ្រ។ វិធីនេះធ្លាប់បានប្រើជោគជ័យរួចមកហើយក្នុងការសាងសង់ផ្លូវក្រោមទឹក ធូ ធៀម (Thu Thiem) នៅទន្លេសាយហ្គន កាលពីឆ្នាំ ២០១១ ។
ស្ពាន និងផ្លូវក្រោមទឹកនេះ នឹងមានគន្លងផ្លូវចំនួន ៦ សម្រាប់តែរថយន្ត និងឡានដឹកទំនិញប៉ុណ្ណោះ។ ម៉ូតូនឹងមិនត្រូវបានអនុញ្ញាតឱ្យបើកបរលើស្ពាន ឬក្នុងផ្លូវក្រោមទឹកនេះទេ ប៉ុន្តែរដ្ឋាភិបាលមានគម្រោងសាងសង់ផ្លូវតាមមាត់ឆ្នេរមួយផ្សេងទៀត សម្រាប់បម្រើប្រយោជន៍ដល់អ្នកជិះម៉ូតូ និងកង់ ។
ចំពោះការផ្តល់ប្រាក់កាសវិញ វីនហ្គ្រុប (Vingroup) បានស្នើសុំវិនិយោគក្រោមទម្រង់សាងសង់-ផ្ទេរ (BT) ដែលមានន័យថា ក្រុមហ៊ុនចេញថ្លៃសាងសង់ និងការដោះស្រាយផលប៉ះពាល់ដីធ្លីទាំងអស់ រួចរដ្ឋាភិបាលនឹងប្រគល់ដីរដ្ឋដែលមានតម្លៃស្មើនឹងប្រាក់ចំណាយរបស់ក្រុមហ៊ុននៅពេលក្រោយ។ ក្រុមហ៊ុនក៏បានស្នើសុំឱ្យរដ្ឋកំណត់យកខ្លួនជាអ្នកវិនិយោគផ្ទាល់តែម្តង ដោយមិនបាច់ដេញថ្លៃ ព្រោះគម្រោងនេះមានទំហំធំធេង និងមានបច្ចេកទេសស្មុគស្មាញបំផុត ។
តាមផែនការ ក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើមសាងសង់នៅត្រីមាសទី ២ ឆ្នាំ ២០២៦ និងបញ្ចប់នៅដើមឆ្នាំ ២០២៩។ ប្រសិនបើសម្រេចបានតាមគ្រោងទុក គម្រោងនេះនឹងក្លាយជាសមិទ្ធផលដ៏ធំមួយ រួមជាមួយផ្លូវរថភ្លើងល្បឿនលឿន និងតំបន់ទីក្រុងរណបតាមមាត់ឆ្នេរ ដែលនឹងធ្វើឱ្យតំបន់កឹងយ៉ាវ (Can Gio) ក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់របស់វៀតណាម ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ eVnExpress on MSN | រូបភាព៖ eVnExpress on MSN/ VN Economy