ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្រេចបង្កើតរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ហ្គ្រេន បូកគោ

image

អត្ថបទ៖ ហ៊ន សុភ័ក្រ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចបង្កើតរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ហ្គ្រេន បូកគោ ដែលមានទីតាំងស្ថិតនៅភូមិព្រែកទាល់ និងភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលដែលចះុហត្ថលេខាដោយប្រមុខរាជរដ្ឋាភិបាល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជានៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។

ក្នុងសេចក្តីសម្រេចបានបញ្ជាក់ថា រដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសនេះ មានភារកិច្ចសំខាន់ៗ ត្រួតពិនិត្យតាមមុខជំនាញសមត្ថកិច្ចចំពោះការចេញពី និងចូលមក នូវទំនិញ មធ្យោបាយ និងជនានុជនគ្រប់រូបរបស់តំបន់។ អនុវត្តការត្រួតពិនិត្យបែបបទគយ សម្រាប់ការចេញ-ចូល ទំនិញ និងសម្រួលបែបបទរដ្ឋបាលដល់កិច្ចដំណើរការរបស់តំបន់ ជាមួយក្រសួង-ស្ថាប័ន មានសមត្ថកិច្ចជំនាញនានា របស់រាជរដ្ឋាភិបាល។ ត្រួតពិនិត្យការអនុវត្តការងាររបស់អ្នកអភិវឌ្ឍន៍តំបន់ និងអ្នកវិនិយោគក្នុងតំបន់ លើរាល់ សកម្មភាពនៅក្នុងតំបន់ ដោយផ្អែកតាមគោលការណ៍ដែលបានកំណត់ពិនិត្យលើសំណើសុំចុះបញ្ជីវិនិយោគ ពិនិត្យផ្តល់ជូននូវការលើកទឹកចិត្ត ការចេញលិខិត អនុញ្ញាត អាជ្ញាបណ្ណ វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ដែលបានស្នើឡើងដោយ អ្នកវិនិយោគក្នុងតំបន់ ដើម្បីធ្វើការសម្រេចជូននៅនឹងកន្លែងធ្វើការត្រួតពិនិត្យការងារសកម្មភាពតាមមុខជំនាញនៅក្នុងតំបន់។ សហការជាមួយអ្នកអភិវឌ្ឍន៍តំបន់ ដោះស្រាយការងារដែលស្ថិតនៅក្នុងសមត្ថកិច្ចរបស់ខ្លួន សម្រួលរាល់បែបបទដែលពាក់ព័ន្ធ ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។ ធ្វើរបាយការណ៍ការងារប្រចាំខែ ប្រចាំត្រីមាស ឆមាស និងឆ្នាំ ពីសកម្មភាពរបស់តំបន់ ជូនមកក្រសួង-ស្ថាប័នគ្រប់គ្រង និងគណៈកម្មាធិការវិនិយោគកម្ពុជា។ធ្វើកិច្ចការផ្សេងៗទៀត ក្នុងការសម្របសម្រួលដោះស្រាយរាល់សំណើរបស់អ្នកវិនិយោគ ក្នុងតំបន់ ពាក់ព័ន្ធទៅនឹងបណ្តាក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាល៕