ព័ត៌មានជាតិ

នូវែលសេឡង់ ផ្តល់ជំនួយបន្ថែមចំនួន ៧,៥ លានដុល្លារនូវែលសេឡង់ ដល់កម្ពុជា លើការងារបោសសម្អាតមីន និងការបន្តផ្តល់អាហារូបករណ៍

image

នូវែលសេឡង់៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជួបជជែកពិភាក្សាទ្វេភាគី ជាមួយលោក វីនស្តុន ភីធឺរ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់។ 

លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនភាគីនូវែលសេឡង់ នូវសេចក្តីសោមនស្សរីករាយ ចំពោះទស្សនកិច្ចលើកដំបូងរបស់លោក នៅប្រទេសនូវែលសេឡង់ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសំខាន់ៗដូចជា៖ ពាណិជ្ជកម្ម វិនិយោគ អប់រំ និងកសិកម្ម។ 

ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់នូវែលសេឡង់ដែលបានផ្តល់ជំនួយបន្ថែមចំនួន ៧,៥ លានដុល្លារនូវែលសេឡង់ (ប្រមាណ ៤,៣លានដុល្លារអាម៉េរិក) ដល់កម្ពុជា លើការងារបោសសម្អាតមីន និងការបន្តផ្តល់អាហារូបករណ៍ដល់កម្ពុជា។ ក្នុងន័យនេះ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំកម្ពុជា-នូវែលសេឡង់ តែងតែឆ្លៀតឱកាសជួបពិភាក្សាគ្នា។

ក្នុងជំនួបនោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានឆ្លៀតឱកាសធ្វើបច្ចុប្បន្នភាពជូនភាគីមិត្តនូវការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ។

សូមជម្រាបថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញបន្តដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងអូក្លិន ប្រទេសនូវែលសេឡង់ បន្ទាប់ពីបានចាកចេញពី ប្រទេសសិង្ហបុរី៕

អត្ថបទ៖ សន ពិសិដ្ឋ