អ៊ីរ៉ង់បន្តបាញ់មីស៊ីលបាលីស្ទិកលើកទី៤២ ក្នុងប្រតិបត្តិការ True Promise 4 លើគោលដៅអ៊ីស្រាអ៊ែល និងមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់
អ៊ីរ៉ង់៖ កងកម្លាំងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានបញ្ចេញវីដេអូដែលបង្ហាញពីការបាញ់មីស៊ីលបាលីស្ទិកជាលើកទី៤២ ដែលជាផ្នែកមួយនៃប្រតិបត្តិការយោធា ទ្រូ ប្រូមីស៤ (True Promise 4) និងជាប្រតិបត្តិការសងសឹកទ្រង់ទ្រាយធំ ។
ការវាយប្រហារនេះបានប្រើប្រាស់អាវុធទំនើបៗជាច្រើនប្រភេទ សំដៅទៅលើទីក្រុងធំៗរបស់អ៊ីស្រាអ៊ែល និងមូលដ្ឋានយោធារបស់សហរដ្ឋអាម៉េរិកដែលស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ទោះជាបែបណាក្ដី ទីតាំង និងកាលបរិច្ឆេទច្បាស់លាស់នៃវីដេអូនេះ មិនទាន់ត្រូវបានបញ្ជាក់ដោយឯករាជ្យនៅឡើយ ។
ជម្លោះយោធារវាងភាគីទាំងពីរបានឆាបឆេះយ៉ាងខ្លាំងតាំងពីចុងខែកុម្ភៈ បន្ទាប់ពីអាម៉េរិក និងអ៊ីស្រាអ៊ែលបានធ្វើការវាយប្រហាររួមគ្នាលើអ៊ីរ៉ង់។ ជាការឆ្លើយតប អ៊ីរ៉ង់បានបើកយុទ្ធនាការវាយបកជាបន្តបន្ទាប់ ដែលបង្កឱ្យមានការផ្ទុះ និងភាពភ័យខ្លាចដល់បណ្តាប្រទេសជិតខាងជាច្រើននៅក្នុងតំបន់ឈូងសមុទ្រ ។
ដោយឡែក ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានផ្ញើសារព្រមានយ៉ាងធ្ងន់ៗទៅកាន់មេដឹកនាំថ្មីរបស់អ៊ីរ៉ង់ លោក ម៉ុចតាបា ខាមីនី (Mojtaba Khamenei) ថា «មេដឹកនាំថ្មីរបស់អ៊ីរ៉ង់រូបនេះ នឹងមិនអាចកាន់តំណែងបានយូរឡើយ បើការជ្រើសរើសនេះធ្វើឡើងដោយគ្មានការយល់ព្រមពីសហរដ្ឋអាម៉េរិក» ។
វិបត្តិសង្គ្រាមនេះ មិនត្រឹមតែបង្កវិនាសកម្មដល់ជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងអង្រួនស្ថិរភាពនយោបាយ និងសន្តិសុខថាមពលនៅទូទាំងពិភពលោកថែមទៀតផង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ VIORY