រុស្ស៊ី និងអាស៊ែបៃហ្សង់ កំពុងបញ្ជូនជំនួយទៅអ៊ីរ៉ង់ រួមមានអាហារ និងឱសថ ដើម្បីសម្រួលការលំបាក
អាស៊ែបៃហ្សង់៖ យន្តហោះរបស់ក្រសួងកិច្ចការសង្គ្រោះបន្ទាន់រុស្ស៊ី បានចុះចតនៅព្រលានយន្តហោះអន្តរជាតិឡាការ៉ាន (Lankaran) ក្នុងប្រទេសអាស៊ែបៃហ្សង់ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីដឹកជញ្ជូនអំណោយ និងឱសថសម្រាប់បញ្ជូនបន្តទៅកាន់ប្រទេសអ៊ីរ៉ង់ ។
យោងតាមសេចក្តីថ្លែងការណ៍ បានឱ្យដឹងថា យន្តហោះប្រភេទ IL-76 បានដឹកជញ្ជូនឱសថជាង ១៣ តោន ពីទីក្រុងមូស្គូ ដោយអំណោយទាំងនេះនឹងត្រូវប្រគល់ជូនតំណាងស្របច្បាប់នៃរដ្ឋាភិបាលអ៊ីរ៉ង់។ ក្នុងពេលដំណាលគ្នា ប្រទេសអាស៊ែបៃហ្សង់ក៏បានផ្ញើជំនួយមនុស្សធម៌ក្នុងនាមប្រធានាធិបតី អ៊ីលហាម អាលីយ៉េវ (Ilham Aliyev) ទៅឱ្យអ៊ីរ៉ង់ផងដែរ ដែលរួមមានអាហារប្រហែល ៣០ តោន និងថ្នាំពេទ្យជិត ២ តោន ។
គួររំឭកថា សហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែល បានបើកការវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ ជាការឆ្លើយតប អ៊ីរ៉ង់បានវាយបកវិញលើគោលដៅយោធារបស់អាម៉េរិក និងអ៊ីស្រាអ៊ែលក្នុងតំបន់ ដែលបណ្តាលឱ្យមានករណីផ្ទុះជាច្រើននៅតាមបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រ។ កាលពីថ្ងៃចន្ទ លោក ដូណាល់ ត្រាំ បានបង្ហើបថា សង្គ្រាមនេះអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗ ប៉ុន្តែលោកមិនទាន់បានកំណត់ពេលវេលាច្បាស់លាស់នៅឡើយទេ។ តាមទិន្នន័យចុងក្រោយ ខាងអ៊ីរ៉ង់បានរាយការណ៍ថាមានមនុស្សស្លាប់ជាង ១,៣០០ នាក់ ខណៈអាម៉េរិកទទួលស្គាល់ថាមានទាហានខ្លួន ៨ នាក់បានស្លាប់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.