នគរបាលឃាត់ខ្លួនមេក្លោង និងបក្ខពួកគ្រឿងញៀន៧នាក់ នៅកំពង់ស្ពឺ ត្រឹមតែ៧២ម៉ោង
កំពង់ស្ពឺ៖ មេក្លោង និងបក្ខពួកដែលពួនសំងំក្នុងទីតាំងអសុវត្ថិភាព តែអាចបញ្ជាទិញ-លក់និងចរាចរណ៍គ្រឿងញៀនទៅឱ្យអ្នកផ្សេងបាន ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួនបានចំនួន ៧នាក់ ក្រោមប្រតិបត្តិការដែលប្រើពេលត្រឹមតែ៧២ម៉ោងប៉ុណ្ណោះ។
លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឱ្យដឹងនៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ថា កម្លាំងនគរបាលផែនការងារប្រឆាំងគ្រឿងញៀនក្រោមការដឹកនាំរបស់ស្នងការរង២រូប និងសម្របសម្រួលដោយលោក ស៊ិន វិរៈ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តបានបើកប្រតិបត្តិការស្រាវជ្រាវករណីទិញលក់ និងចរាចរណ៍គ្រឿងញៀនដែលមានការបញ្ជា និងចាត់តាំងត្រឹមត្រូវពីប្រភពអាថ៌កំបាំង ដោយប្រើពេលអស់រយៈពេល៧២ម៉ោង។ ទីបំផុតកម្លាំងជំនាញបានឃាត់ខ្លួនមនុស្សប្រុសស្រីជាមុខសញ្ញាមេក្លោង និងបក្ខពួក៧នាក់ និងរឹបអូសគ្រឿងញៀនបានចំនួនធំ។
លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ បានបញ្ជាក់ថាគ្រឿងញៀនដែលរឹបអូសបាន គឺមុខសញ្ញាខាងលើបានយកទៅលាក់ទុកនៅទីសុវត្ថិភាពមួយដើម្បីផ្តល់បន្តទៅមុខសញ្ញាផ្សេងទៀត និងមួយចំនួនធំដែលជនសង្ស័យជាបក្ខពួកបានបញ្ជាឱ្យយកមកលាក់ទុកដេីម្បីធ្វេីសកម្មភាពចែកចាយលក់បន្ដអោយទៅអ្នកផ្សេង។ គ្រឿងញៀនដែលរឹបអូសបានមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១៥កញ្ចប់(ធំ១០,មធ្យម២,តូច៣)មានទម្ងន់ប្រមាណ១៦៩៧.២៧ក្រាម, សារធាតុមិនច្បាស់ ១កញ្ចប់មធ្យម ទម្ងន់ ២,៩៣ក្រាម, ទូរស័ព្ទចំនួន៩គ្រឿង, ម៉ូតូ២គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀន ១, ថង់វេចខ្ចប់ និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ប្រតិបត្តិការនេះសមត្ថកិច្ចជំនាញបានផ្ដេីមចេញពីចំណុចភូមិពង្រ ឃុំស្រង់ ស្រុកគងពិសីឃាត់ខ្លួនឈ្មោះ ខឹម សុផា ហៅ វ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិពង្រ ឃុំស្រង់ ស្រុកគងពិសី, ឈ្មោះ រឿន គឹមសាន្ត ហៅ មុំ ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិសន្លង់ ឃុំទឹកល្អក់ ស្រុកគងពិសី, ឈ្មោះ ស៊ិប ដន ហៅ គោ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី, ឈ្មោះ យឿន យ៉េង ភេទស្រី អាយុ ៣៣ឆ្នាំ, ឈ្មោះ ឌឹម ឡាញ់ ភេទស្រី អាយុ៤០ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ៨ ភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគងពិសី, ឈ្មោះ នួន សុខុន ហៅ នីន ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង, ឈ្មោះ សា រ៉ាថាន់ ភេទប្រុស
អាយុ ៣៤ឆ្មាំ នៅភូមិកំណប់ ឃុំរំលាំងគ្រើល ស្រុកសំរោងទង។ រីឯបក្ខពួកម្នាក់ទៀត ឈ្មោះ ខ ព ស នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទងបានរត់គេចខ្លួនបាត់។
បច្ចុប្បន្នមេក្លោង និងបក្ខពួកទាំង៧នាក់ខាងលើ កំពុងស្ថិតក្រោមការសួរនាំរបស់មន្រ្តីជំនាញនៃការិល័យប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
អត្ថបទ៖ ប៊ុត សារុន