ព័ត៌មានអន្តរជាតិ

ប្រេស៊ីល ដាក់ចេញវិធានការទប់ស្កាត់ការឡើងថ្លៃប្រេង ដើម្បីបន្ធូរបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ

image

ប្រេស៉ីល៖ ប្រធានាធិបតីប្រេស៊ីល លោក លូឡា (Lula) បានសម្តែងក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះតម្លៃប្រេងពិភពលោកដែលកំពុងហក់ឡើងខ្ពស់មិនធ្លាប់មាន។ លោកបានលេីកឡេីងថា សង្គ្រាមដែលកំពុងកើតឡើងគឺជាដើមហេតុចម្បងដែលធ្វើឱ្យទីផ្សារថាមពលមានភាពវឹកវរ និងប៉ះពាល់ដល់សេដ្ឋកិច្ចគ្រប់ប្រទេស។

ការឡើងថ្លៃប្រេងបានជះឥទ្ធិពលអាក្រក់រួចជាស្រេចទៅលើបណ្តាប្រទេសមហាអំណាចដូចជាសហរដ្ឋអាម៉េរិក ដែលតម្លៃសាំងបានកើនឡើងដល់ ២០%។ លោក Lula យល់ថា បើស្ថានភាពនេះនៅតែបន្ត វានឹងក្លាយជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់មនុស្សគ្រប់រូប ជាពិសេសគឺអ្នកដែលប្រកបរបរដឹកជញ្ជូន។

រដ្ឋាភិបាលប្រេស៊ីល​ បានប្រកាសដាក់ចេញនូវវិធានការបន្ទាន់ជាច្រើន ដើម្បីការពារប្រជាជនរបស់ខ្លួនពីផលប៉ះពាល់នៃសង្គ្រាមនេះ។ គោលដៅសំខាន់គឺការទប់ស្កាត់កុំឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ពេក រហូតធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋសាមញ្ញ។
លោក Lula បានពន្យល់ពីផលប៉ះពាល់ជាខ្សែច្រវាក់ថា កាលណាប្រេងឡើងថ្លៃ វានឹងធ្វើឱ្យទំនិញ និងម្ហូបអាហារគ្រប់មុខឡើងថ្លៃតាមនោះដែរ។ ដូច្នេះ ការរក្សាតម្លៃប្រេងឱ្យមានស្ថិរភាព គឺជាការជួយសង្គ្រោះដល់ការហូបចុករបស់ប្រជាជនក្រីក្រដែលមិនអាចខ្វះបាន។

មូលហេតុបន្ថែមនៃវិបត្តិនេះ គឺបណ្ដាលមកពីការបិទច្រកសមុទ្រហ័រមូស (Hormuz) ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយលើលោក ក្រោយការផ្ទុះអាវុធរវាងអាម៉េរិក-អ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ ខណៈការបិទផ្លូវទឹកនេះបានកាត់ផ្តាច់លំហូរប្រេងមួយផ្នែកធំ ដែលធ្វើឱ្យតម្លៃប្រេងលើទីផ្សារអន្តរជាតិហក់ឡើងស្ទើរតែគ្រប់គ្រងមិនបាន៕

ប្រែសម្រួល៖​ ឡេង​ លាងហេង
ប្រភព៖​ VIORY | រូបភាព៖ ambito & clickpetroleoegas on Microsoft Bing