ព័ត៌មានអន្តរជាតិ

លោក ហ្សេលែនស្គី សុំជំនួយប្រេងម៉ាស៊ូតពីរូម៉ានី ខណៈកំពុងមានជម្លោះរឿងបំពង់ប្រេងជាមួយហុងគ្រី និងស្លូវ៉ាគី

image

អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ុយក្រែនកំពុងត្រូវការការផ្គត់ផ្គង់ប្រេងម៉ាស៊ូតជាបន្ទាន់ បន្ទាប់ពីភាពតានតឹងជាមួយប្រទេសហុងគ្រី និងស្លូវ៉ាគី បានធ្វើឱ្យរំខានដល់លំហូរថាមពលក្នុងតំបន់ ។

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៊ូឆារ៉េស (Bucharest) ក្រោយជំនួបជាមួយប្រធានាធិបតីរូម៉ានី លោក នីកូស័រ ឌែន (Nicusor Dan) លោក ហ្សេលែនស្គី បានបញ្ជាក់ថា «ខ្ញុំសូមប្រាប់អ្នកថា យើងគ្រាន់តែត្រូវការប្រេងម៉ាស៊ូតប៉ុណ្ណោះ។ ខ្ញុំបានស្នើសុំទៅកាន់លោកប្រធានាធិបតី ហើយយើងពិតជាចង់ឱ្យមានការយោគយល់ និងផ្តល់ជំនួយបែបនេះដល់អ៊ុយក្រែន» ។

ក្រៅពីប្រេងម៉ាស៊ូត លោក ហ្សេលែនស្គី ក៏បានលើកឡើងដែរថា អ៊ុយក្រែន និងរូម៉ានី កំពុងពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការថាមពលឱ្យកាន់តែទូលំទូលាយ រួមទាំងលទ្ធភាពនៃការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ ឬ LNG របស់អាម៉េរិក ឆ្លងកាត់រូម៉ានីមកកាន់ប្រទេសអ៊ុយក្រែនផងដែរ។ លោកបានសង្កត់ធ្ងន់ថា ឧស្ម័ន LNG របស់អាម៉េរិកមានសារៈសំខាន់ណាស់ ហើយលោកចង់ឱ្យប្រទេសជិតខាងដូចជារូម៉ានី ជួយសម្រួលដល់ការដឹកជញ្ជូនក្នុងបរិមាណដ៏ច្រើន ។

ទន្ទឹមនឹងនេះ ប្រទេសទាំងពីរគ្រោងនឹងសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីថ្មីចំនួន ២ ដើម្បីពង្រឹងសន្តិសុខថាមពលរបស់អ៊ុយក្រែន ដែលនឹងអនុញ្ញាតឱ្យអ៊ុយក្រែនទទួលបានថាមពលអគ្គិសនីកាន់តែច្រើនក្នុងករណីអាសន្ន ដោយខ្សែបណ្តាញទីមួយរំពឹងថានឹងរួចរាល់នៅចុងឆ្នាំនេះ ។

វិបត្តិនេះ បានកើតឡើងបន្ទាប់ពីហុងគ្រី និងស្លូវ៉ាគី បានចោទប្រកាន់អ៊ុយក្រែនថា មានចេតនាបញ្ឈប់ការផ្គត់ផ្គង់ប្រេងពីរុស្ស៊ីតាមបំពង់ឌ្រូស្បា (Druzhba) ដោយសារតែមូលហេតុនយោបាយ ខណៈអ៊ុយក្រែនអះអាងថា បំពង់ប្រេងនោះរងការខូចខាតព្រោះតែការវាយប្រហាររបស់រុស្ស៊ី។ ជាការឆ្លើយតប ហុងគ្រី និងស្លូវ៉ាគី បានផ្អាកការបញ្ជូនប្រេងម៉ាស៊ូតទៅឱ្យអ៊ុយក្រែនវិញ និងបានរារាំងកញ្ចប់ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ី ដើម្បីបង្ខំឱ្យអ៊ុយក្រែនបើកបំពង់ប្រេងឌ្រូស្បា (Druzhba) ឡើងវិញ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Bernadett Szabo via REUTERS