កម្ពុជា វៀតណាម និងជប៉ុន បង្កើនចំណងមិត្តភាព និងសាមគ្គីភាពក្នុងតំបន់ ដើម្បីឈានទៅសម្រេចគោលដៅ "ពិភពលោកគ្មានមីន"
សៀមរាប៖ ប្រទេសកម្ពុជា វៀតណាម និងជប៉ុន បានបោះជំហានទៅមុខមួយជំហានទៀតលើវិស័យមីន តាមរយៈការបង្កើនចំណងមិត្តភាព និងសាមគ្គីភាពក្នុងតំបន់ ដើម្បីឈានទៅសម្រេចគោលដៅ "ពិភពលោកគ្មានមីន"។
មានប្រសាសន៍នៅក្នុងពិធីបិទ វគ្គហ្វឹកហ្វឺនកម្ពុជា-វៀតណាមស្តីពី «ការថែទាំ និងមូលដ្ឋានប្រតិបត្តិការម៉ាស៊ីនបោសសម្អាតមីន នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានលើកឡើងថា ប្រទេសជប៉ុនតែងតែបានជួយគាំទ្រដល់កម្ពុជាលើច្រើនវិស័យ ក្នុងនោះវិស័យដោះមីន ក៏ប្រទេសជប៉ុនបានជួយឧបត្ថម្ភគាំទ្រទាំងសម្ភារៈបច្ចេកទេសនិងថវិកាយ៉ាងច្រើនផងដែរ។ លោកបន្តថា ជាក់ស្តែងវគ្គហ្វឹកហ្វឺននេះ ក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីភាគីជប៉ុនដែរ ដែលនេះ បានបង្ហាញពីការបោះជំហានទៅមុខមួយជំហានទៀតសម្រាប់ប្រទេសទាំងបីកម្ពុជា វៀតណាម ជប៉ុន នៅក្នុងការប្តេជ្ញាចិត្ត ដើម្បីសម្រេចគោលដៅ ពិភពលោកគ្មានមីន នាពេលខាងមុខ។
លោក ហេង រតនា បន្ថែមទៀតថាគ្រឿងចក្រធន់ធ្ងន់ត្រូវបានយកទៅធ្វើប្រតិបត្តិការនៅតំបន់ផ្សេងៗគឺទៅតាមតំបន់ដែលរងផលប៉ះពាល់ដូចជា ចម្ការមីន ចម្ការគ្រាប់ និងតំបន់គ្រាប់បែកចង្កោមផងដែរ ជាពិសេសការធ្វើសមាហរណកម្មជាមួយក្រុមដទៃទៀត ដូចជាក្រុមបោសសម្អាតដោយដៃ និងក្រុមសុនខជាដើម ដើម្បីពន្លឿនកិច្ចប្រតិបត្តិការ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះលោកសង្ឃឹមថាការចែករំលែកចំនេះដឹងបន្ថែមទៀតស្តី នីតិវីធីបទដ្ឋានប្រតិបត្តិស្តង់ដារ (SOP) ដែលសមស្របទៅនឹងស្ថានភាពភូមិសាស្ត្រនៃប្រទេសវៀតណាមក្នុងការប្រើប្រាស់គ្រឿងចក្រវាយកម្ទេចមីន។
កម្មវិធីហ្វឹកហ្វឺននេះ មានរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែមីនា មានសិក្ខាកាមជាមន្ត្រីបច្ចេកទេសវៀតណាមចំនួន០៨រូប (ក្នុងនោះមានសិក្ខាកាមនារី០១រូប) ដែលបានទទួលបានការគាំទ្រពីក្រុមហ៊ុនNIKKEN និងតាមរយៈអង្គការJICS។ រយៈពេលពេញ១សប្តាហ៍នេះ សិក្ខាកាមរបស់វៀតណាមទទួលបានការហ្វឹកហ្វឺនប្រកបដោយវិជ្ជាជីវៈ និងបទពិសោធលើទីលានក្រោមការសហការរវាងគ្រូជំនាញបច្ចេកទេសរបស់អង្គភាព CMAC រួមជាមួយនឹងការបង្ហាញបន្ថែមលើគ្រឿងចក្របោសសម្អាតមីនដោយផ្ទាល់ ហើយការហ្វឹកហ្វឺននេះគឺជាកំរិតមូលដ្ឋាន ក្នុងការថែទាំប្រចាំថ្ងៃ និងប្រតិបត្តិការគ្រឿងចក្រ មានរយៈពេលខ្លី អាចអនុវត្តការងារថែទាំប្រចាំថ្ងៃ, អាចប្រតិបត្តិការគ្រឿងចក្រ Nikken DMS-V16 កាត់សម្អាតគុម្ពោតព្រៃ, និងអាចប្រតិបត្តិការគ្រឿងចក្រ Nikken DMS-V16 កាត់សម្អាតគុម្ពោតព្រៃ និងវាយដី។
តំណាងសិក្ខាកាម VNMAC លោក ផាម វ៉ានទុង (Pham Van Tuong) បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គភាព CMAC ជាពិសេសគ្រូបង្គោល និងក្រុមការងារទាំងអស់ ដែលបានចែករំលែកបទពិសោធបច្ចេកទេសនៃការប្រើប្រាស់គ្រឿងចក្រធន់ធ្ងន់យ៉ាងមានតម្លៃជូនដល់សិក្ខាកាម។ លោកបានបញ្ជាក់ថា ចំណេះដឹងដែលទទួលបានពីវគ្គហ្វឹកហ្វឺននេះ នឹងក្លាយជាទុនដ៏សំខាន់សម្រាប់យកទៅអភិវឌ្ឍន៍សមត្ថភាពការប្រើប្រាស់គ្រឿងចក្រធន់ធ្ងន់ក្នុងប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះនៅក្នុងប្រទេសវៀតណាមដែលនៅមានការគំរាមកំហែងដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅឡើយ។
លោក វ៉ាតាណាបេ ជីនិឆិ (Watanabe Jinichi) ប្រធានគ្រប់គ្រងគម្រោងជាន់ខ្ពស់នៃអង្គការ JICS បានមានប្រសាសន៍ថា វគ្គហ្វឹកហ្វឺននេះមូលដ្ឋាននេះមានរយៈពេលខ្លី ក៏ប៉ុន្តែគ្រូបណ្តុះបណ្តាលរបស់អង្គភាពស៊ីម់ាក់បានព្យាយាមផ្តល់ការបណ្តុះបណ្តាលប្រកបដោយវិជ្ជាជីវៈដល់សិក្ខាកាមវៀតណាម ដែលនឹងត្រៀមខ្លួនសម្រាប់ការប្រើប្រាស់គ្រឿងចក្រវាយកម្ទេចមីនដែលនឹងត្រូវដឹកបញ្ជូនទៅប្រទេសវៀតណាមនៅពេលខាងមុខ។
ចាប់តាំងពីឆ្នាំ២០១៩មក ក្រោមការគាំទ្រថវិកាដោយអង្គការJICS អង្គភាព CMAC បានរៀបចំវគ្គហ្វឹកហ្វឺនមានចំនួន៧វគ្គ ដោយមានសិក្ខាកាមចូលរួមចំនួន៨៦រូប មកពីប្រទេសកូឡុំប៊ី ឡាវ និងអ៊ុយក្រែន។ តាមរយៈវគ្គហ្វឹកហ្វឺននេះ ក៏ជាការបង្ហាញពីកិច្ចសហប្រតិបត្តិការល្អរវាងអង្គភាព CMAC និអង្គភាព VNMAC ព្រមទាំងដៃគូអន្តរជាតិ ក្នុងការចែករំលែកបទពិសោធ និងជំរុញការងារសកម្មភាពកំចាត់មីនមនុស្សធម៌នៅក្នុងតំបន់៕
អត្ថបទ៖ ជា ស្រស់