រោងចក្រកែច្នៃផ្លែស្វាយមួយនៅខេត្តកំពង់ស្ពឺ បានបង្ហូរសំណល់រាវមិនសម្អាត បង្កផលប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ និងបរិស្ថាន
កំពង់ស្ពឺ៖ រោងចក្រកែច្លៃផ្លែស្វាយ របស់ក្រុមហ៊ុន Khun Da Sambath Co., Ltd. ស្ថិតនៅជាប់ផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ៧៣-៧៤ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានរកឃើញដំណើរការដោយគ្មានច្បាប់ពាក់ព័ន្ធវិស័យបរិស្ថាន និងបានបង្ហូរកាកសំណល់រាវចេញក្រៅរោងចក្របង្កឱ្យប៉ះពាល់បរិស្ថាន និងជះក្លិន ស្អុយប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅក្រោយរោងចក្រចម្ងាយប្រហែល ៧០០ម៉ែត្រ បានត្អូញត្អែរពីបញ្ហាក្លិនស្អុយចេញពីទីតាំងរោងចក្រស្វាយនេះ ព្រមទាំងបញ្ហាទឹកស្អុយហូរពីទីតាំងរោងចក្រមកដល់ប្រឡាយមុខផ្ទះរបស់គាត់ ជាពិសេស នៅរដូវវស្សា។ ការណ៍នេះនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រុមមន្ត្រីជំនាញអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិសា្ថន បានចុះទៅដល់ទីតាំងរោងចក្រ និងបានរកឃើញថា ក្រុមហ៊ុនបានប្រព្រឹត្តល្មើសទៅនឹងមាត្រា១៦១ មាត្រា១៧៣ មាត្រា៦៦៨ និងមាត្រ៨៤៥ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងអនុក្រឹត្យលេខ៤២ និងអនុក្រឹត្យលេខ ១០៣ ស្ដីពីការត្រួតពិនិត្យការបំពុលទឹក។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងបរិស្ថានបានចាត់វិធានការ ដោយក្រុមហ៊ុនត្រូវបញ្ឈប់ការបញ្ចេញបបង្ហូរសំណល់រាវចេញពីទីតាំងក្រុមហ៊ុនជាបន្ទាន់, ក្រុមហ៊ុននឹងទទួលរងនូវពិន័យអន្តរកាល, ក្រុមហ៊ុនត្រូវផ្ដល់សំណងការខូចខាតបរិស្ថាន និងត្រូវស្តារបរិស្ថានឡើងវិញ នៅទីតាំងដែលទទួលរងការបំពុល, ក្រុមហ៊ុនត្រូវធ្វើអាងប្រព្រឹត្តិកម្មសំណល់រាវ សម្អាតឱ្យបានស្អាតមុនបង្ហូរចេញ, ក្រុមហ៊ុនត្រូវស្នើសុំច្បាប់ និងលិខិតអនុញ្ញាតពីក្រសួងបរិស្ថាន, ត្រូវរៀបចំសម្អាតអនាម័យបរិស្ថាននៅក្នុងទីតាំងក្រុមហ៊ុនឱ្យបានល្អប្រសើរ ដូចជា ការរៀបចំទីតាំងទុកដាក់សំណល់រឹងពីផលិតកម្មឱ្យបានត្រឹមត្រូវ និងបែងចែកសំណល់ឱ្យដាច់ដោយឡែក៕