ពលរដ្ឋថៃ ខាតបង់លុយរាប់ពាន់ដុល្លារ ព្រោះចង់បានបណ្ណចាក់សាំងឥតគិតថ្លៃដែលរៀបចំដោយជនឆបោកលើអ៊ីនធឺណិត
ថៃឡង់ដ៍៖ មជ្ឈមណ្ឌលប្រឆាំងបទល្មើសតាមប្រព័ន្ធអនឡាញរបស់ប្រទេសថៃ (AOC) បានចេញការព្រមានអំពីក្រុមឆបោក ដែលកំពុងឆ្លៀតឱកាសពេលតម្លៃប្រេងឡើងថ្លៃ តាមរយៈការផ្ញើសារមកកាន់ពលរដ្ឋ ក្រោមរូបភាពផ្ដល់ «បណ្ណចាក់សាំងឥតគិតថ្លៃ ឬការបញ្ចុះតម្លៃពិសេស» ដើម្បីល្បួងឱ្យជនរងគ្រោះចុចលើតំណភ្ជាប់ (Link) ក្លែងក្លាយ ។
ល្បិចឆបោកនេះ បានរីករាលដាលតាមរយៈសារ SMS, ប្រព័ន្ធបណ្ដាញសង្គម និងការផ្សាយពាណិជ្ជកម្មក្លែងក្លាយ ដែលបន្លំធ្វើជាម៉ាកស្ថានីយប្រេងល្បីៗ។ នៅពេលជនរងគ្រោះចុចលើតំណភ្ជាប់នោះ ពួកគេនឹងចូលទៅដល់គេហទំព័រដែលមើលទៅដូចជារបស់ពិត រួចតម្រូវឱ្យបំពេញព័ត៌មានផ្ទាល់ខ្លួន ឬលេខកូដ OTP។ ព័ត៌មានទាំងនេះ នឹងអាចធ្វើឱ្យក្រុមចោរ ចូលទៅកាន់គណនីធនាគារ និងផ្ទេរប្រាក់ចេញយ៉ាងងាយស្រួល និងឆាប់រហ័សបំផុត ។
នៅក្នុងករណីឆបោកជាក់ស្ដែងមួយ បុគ្គលិកការិយាល័យម្នាក់អាយុ ៣៤ ឆ្នាំ បានបាត់បង់ប្រាក់ជាង ៨ម៉ឺនបាត (ជាង ២,២០០ដុល្លារអាម៉េរិក) ក្នុងរយៈពេលត្រឹមតែ ១០ នាទីប៉ុណ្ណោះ បន្ទាប់ពីបានបំពេញព័ត៌មានដើម្បីស្នើសុំបណ្ណចាក់សាំងតម្លៃ ៥០០បាត តាមរយៈសារជូនដឹងដំណឹងក្លែងក្លាយ។ ជនរងគ្រោះម្នាក់ទៀតដែលជាអ្នកលក់អនឡាញ ក៏បានបាត់បង់ប្រាក់ជាង ៥ម៉ឺនបាត ក្រោយពីបានបំពេញការស្ទង់មតិមួយ ដើម្បីអាចប្ដូរយកបណ្ណចាក់សាំងតម្លៃ ៣០០ បាត ។
ករណីជាក់ស្ដែងខាងលើនេះ បានបង្ហាញថា ជនរងគ្រោះជាច្រើនបានខាតបង់ប្រាក់កាសរាប់ម៉ឺនបាត ដោយសារតែចង់បានបណ្ណចាក់សាំងដែលមានតម្លៃត្រឹមតែប៉ុន្មានរយបាតប៉ុណ្ណោះ ហើយការណ៍នេះ សបញ្ជាក់ឱ្យឃើញថា ក្រុមឆបោកកំពុងប្រើប្រាស់ភាពលោភលន់ និងតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ពលរដ្ឋ មកធ្វើជាឧបករណ៍ ។
ជាវិធានការការពារ អាជ្ញាធរបានណែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងមិនត្រូវជឿលើសារផ្ដល់រង្វាន់ដែលគ្មានប្រភពច្បាស់លាស់ឡើយ។ ប្រសិនបើមានការសង្ស័យ គួរត្រួតពិនិត្យ ឬទាក់ទងសួរនាំក្រុមហ៊ុនផ្ទាល់ ឬក៏រាយការណ៍ទៅកាន់លេខទូរស័ព្ទបន្ទាន់របស់ភ្នាក់ងារប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីការពារខ្លួនពីការបាត់បង់ទ្រព្យសម្បត្តិ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Thai Enquirer | រូបភាព៖ Thai Enquirer/ Thairath Online