ថៃស្នើឱ្យអ៊ីរ៉ង់ជួយស្វែងរកនាវិក ៣នាក់ដែលបាត់ខ្លួន ក្រោយការវាយប្រហារលើនាវាដឹកទំនិញនៅច្រកសមុទ្រហ័រមូស
ថៃឡង់ដ៍៖ ក្រសួងការបរទេសថៃ បានឱ្យដឹងថា ប្រទេសថៃបានស្នើដល់ប្រទេសអ៊ីរ៉ង់ ឱ្យជួយក្នុងកិច្ចប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនាវិកជនជាតិថៃចំនួន ៣ នាក់ ដែលបានបាត់ខ្លួនពីនាវាដឹកទំនិញឈ្មោះ ម៉ាយូរី ណារី (Mayuree Naree) បន្ទាប់ពីនាវានេះ ទទួលរងនូវការវាយប្រហារពីសំណាក់កងកម្លាំងអ៊ីរ៉ង់ នៅក្បែរច្រកសមុទ្រហ័រមូស (Hormuz)។
កាលពីថ្ងៃទី ១៥ ខែមីនា លោក សីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) រដ្ឋមន្ត្រីការបរទេសថៃ បានជួបជជែកតាមទូរសព្ទជាមួយសមភាគីអ៊ីរ៉ង់ លោក សេយ៉េដ អាប់បាស់ អារ៉ាជី (Seyyed Abbas Araghchi) ដើម្បីស្នើសុំជំនួយក្នុងការស្វែងរកនាវិកទាំង ៣ នាក់នោះ។ ក្នុងកិច្ចសន្ទនានេះ លោក សីហាសាក់ បានសុំដល់ភាគីអ៊ីរ៉ង់ ត្រូវជួយឱ្យអស់ពីសមត្ថភាពក្នុងកិច្ចការសង្គ្រោះអ្នកដែលបាត់ខ្លួន ។
ទន្ទឹមនឹងការដោះស្រាយបញ្ហាចំពោះមុខ លោក សីហាសាក់ ក៏បានជំរុញឱ្យភាគីជម្លោះទាំងអស់ងាកមកដោះស្រាយបញ្ហាតាមផ្លូវសន្តិវិធីវិញ ដោយប្រទេសថៃយល់ថា មានតែការចរចា និងការទូតប៉ុណ្ណោះ ទើបអាចបញ្ឈប់ភាពវឹកវរនៅតំបន់មជ្ឈិមបូព៌ាបាន ហើយវាក៏ជួយការពារកុំឱ្យមានផលប៉ះពាល់ដល់សន្តិសុខស្បៀង និងការដឹកជញ្ជូនទំនិញជាសកលផងដែរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Khaosod English | រូបភាព៖ MFA on Microsoft Bing/ Thai Enquirer/ Iran Military