រយៈពេល១៥ថ្ងៃ នគរបាលជាតិឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌជាង ១៥០នាក់ បញ្ជូនទៅតុលាការ
ភ្នំពេញ៖ រយៈពេលកន្លះខែមកនេះ ពោលគឺ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នគរបាលជាតិនៃក្រសួងមហាផ្ទៃ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋានរហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ចំនួន១០៧ករណី ឃាត់ខ្លួនជនសង្ស័យសរុប ១៥៣នាក់ កសាងសំណុំរឿង បញ្ជូនទៅតុលាការ។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។
ក្នុងរបាយការណ៍ បានបញ្ជាក់ថា បទល្មើសព្រហ្មទណ្ឌដែលសមត្ថកិច្ចបង្ក្រាបបានក្នុងរយៈពេលកន្លះខែនេះ មានជាអាទិ៍ បទល្មើសអំពើហិង្សា ឆបោក លួច ឆក់ ប្លន់ រំលោភសេពសន្ថវៈ ឃាតកម្ម និងប្រើប្រាស់អាវុធខុសច្បាប់។ បទល្មើសទាំងនេះ កើតឡើងក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ខេត្តរតនគិរី កណ្ដាល ត្បូងឃ្មុំ បាត់ដំបង ពោធិ៍សាត់ ព្រះវិហារ ក្រចេះ ព្រះសីហនុ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ កំពង់ធំ តាកែវ កំពត និងខេត្តស្ទឹងត្រែង។
ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ជាទិសដៅអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសបង្កើនការយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់ ចាប់ពីដើមនីតិកាលទី៧ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម សំដៅផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ៕