ព័ត៌មានជាតិ

សមិទ្ធផលទេសចរណ៍ថ្មីមួយបន្ថែមទៀត រួមនឹងវិថីអាហារកាន់តែធ្វើឱ្យក្រុងកំពតមានភាពទាក់ទាញ

image

កំពត៖ ក្រោយពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ក៏ដូចជាសមិទ្ធផលទេសចរណ៍ប្លែក ថ្មីៗ បានធ្វើឱ្យកំណើនទេសចរមានការកើនឡើងជាបន្តបន្ទាប់ ហើយបានញ៉ាំងឱ្យជីវភាពរស់នៅ និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ។ ជាមួយគ្នានេះ ដើម្បីបង្កើនភាពទាក់ទាញបន្ថែមទៀត អភិបាលខេត្តកំពត​ លោក ម៉ៅ ធនិន បានសាងសង់រូបសំណាកបាតដៃសម្រាប់ភ្ញៀវទេសចរឡើងថតរូប និងរៀបចំសាងសង់វិថីអាហារដែលមានរចនាបថខ្មែរ ហើយសមិទ្ធផលទាំងពីរនេះនឹងសាងសង់រួចរាល់មុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់រូបសំណាកបាតដៃ និងវិថីអាហារ កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ដែលកំពុងសាងសង់ក្នុងក្រុងកំពត ដើម្បីជំរុញការសាងសង់ឱ្យបានឆាប់រហ័ស ដោយធ្វើយ៉ាងណាឱ្យបានរួចរាល់មុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកដល់។ តាមការបញ្ជាក់របស់លោកអភិបាលខេត្ត រូបសំណាកបាតដៃដែលកំពុងសាងសង់នេះ គឺមានសណ្ឋានជាបាតដៃទ្រ ដែលអាចឱ្យភ្ញៀវទេសចរឡើងទៅទស្សនាថ្ងៃលិច ជួរភ្នំបូកគោ ដងព្រែកកំពង់បាយ ពិសេសថតរូបអនុស្សាវរីយ៍បានយ៉ាងស្រស់ស្អាត។ រូបសំណាកបាតដៃនេះ ត្រូវបានសាងសង់ឡើងក្នុងបរិវេណឆ្នេរខ្សាច់ព្រែកកំពង់បាយមុខមន្ទីរពេទ្យបង្អែកខេត្ត ចន្លោះពីស្ពានចាស់ (ស្ពានឥន្ទធនូ) និងស្ពានថ្មថ្មី (ស្ពានកំពង់បាយ) ដែលមានកម្ពស់ ១២ម៉ែត្រ មានជណ្តើរឡើងចុះសងខាងរួមនឹងបង្កាន់ដៃផងដែរ ដែលមកទល់ពេលនេះការសាងសង់សម្រេចបានប្រមាណ ៦០ភាគរយហើយ។

ចំណែកឯវិថីអាហារដែលកំពុងសាងសង់នៅកណ្តាលក្រុងកំពត លើសួនច្បារផ្សារក្រណាត់ ក៏សម្រេចការសាងសង់បានប្រមាណ ៩០ភាគរយហើយ ដែលផ្សារនេះត្រូវបានសាងសង់តាមរចនាបថខ្មែរសុទ្ធសាត ជាមួយនឹងការបំពាក់នូវប្រព័ន្ធលូដោះទឹក ប្រព័ន្ធភ្លើង ដើម្បីផ្តល់ភាពងាយស្រួលដល់អាជីវករលក់ដូរក្នុងវិថីអាហានេះ។ ជាមួយគ្នានេះដែរ លោកអភិបាលខេត្តក៏បានបញ្ជាក់ដែរថា សម្រាប់អាជីវករដែលចូលលក់ដូរក្នុងវិថីអាហារនេះ តម្រូវឱ្យស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីបង្ហាញវប្បធម៌ អរិយធម៌ជាតិ ដល់ភ្ញៀវទេសចរបរទេសដែលមកលេងកម្សាន្តក្នុងខេត្ត ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តកាន់តែច្រើន។ ទន្ទឹមនឹងនោះ លោកអភិបាលខេត្តក៏បានជំរុញឱ្យអាជ្ញាធរក្រុងកំពត ត្រូវចុះត្រួតពិនិត្យការលក់ដូររបស់អាជីវករជាប្រចាំ ពិសេសធ្វើការណែនាំឱ្យអ្នកលក់ទាំងអស់គោរពតាមការណែនាំរបស់អាជ្ញាធរខេត្ត និងរក្សាបរិស្ថានអនាម័យឱ្យបានស្អាតជាប្រចាំ។

តាមការរំពឹងទុក សមិទ្ធផលទេសចរណ៍ថ្មីនេះ រួមនឹងវិថីអាហារ និងសាងសង់រួចរាល់នៅមុនពេលបុណ្យចូលឆ្នាំខ្មែរចូលមកដល់ ហើយសមិទ្ធផលទាំងពីរនេះនឹងកាន់តែធ្វើឱ្យក្រុងកំពត ក៏ដូចជាខេត្តកំពតមានភាពទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យមកលេងកម្សាន្តកាន់តែច្រើនបន្ថែមទៀតក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខ៕


អត្ថបទ៖​ វង្ស សុធារម្យ