ប្រជានេសាទនៅខេត្តកំពត អាចនឹងផ្អាកដំណើរការចេញទៅនេសាទ ប្រសិនតម្លៃប្រេងនៅតែបន្តឡើងថ្លៃ
កំពត៖ ប្រជានេសាទខេត្តកំពត បានឱ្យដឹងថា ការចេញទៅនេសាទមួយជើងៗ ត្រូវប្រើប្រាស់ប្រេងអស់ ៣ទៅ ៤កាន ហើយដោយសារប្រេងឡើងថ្លៃ ប្រាក់កម្រៃត្រូវបានកាត់បន្ថយអស់ពាក់កណ្តាល នៅសល់បានត្រឹមតែទប់ទល់ជីវភាពមួយថ្ងៃៗប៉ុណ្ណោះ។ បើប្រេងនៅតែបន្តឡើងថ្លៃ ទូកនេសាទទាំងអស់នឹងឈប់ចេញទៅនេសាទ មិនត្រឹមតែអ្នកនេសាទទេ ឈ្មួញកណ្តាល និងអាជីវករលក់គ្រឿងសមុទ្រ នឹងត្រូវប្រឈមបញ្ហាជីវភាព ខណៈបច្ចុប្បន្នទូកនេសាទប្រមាណ៥០% មិនបានចេញទៅនេសាទនោះទេ។
ប្រជានេសាទខេត្តកំពត បានបញ្ជាក់ថា បច្ចុប្បន្នប្រេងក្នុងមួយកានតម្លៃប្រមាណជាង ១៦ម៉ឺនរៀល ដែលពីមុនតម្លៃប្រមាណចន្លោះពីជាង ៩ម៉ឺនរៀល ដល់ជាង ១០ម៉ឺនរៀលតែប៉ុណ្ណោះក្នុងមួយកាន ដែលកត្តាឡើងថ្លៃនេះបានធ្វើឱ្យប៉ះពាល់ដល់ចំណូលរបស់ពួកគាត់ខ្លាំង។
ចំណែកអ្នកទិញគ្រឿងសមុទ្រទៅលក់បន្តបានបញ្ជាក់ថា ជាង ២០ឆ្នាំហើយ ដែលគាត់បានរកស៊ីមុខរបរនេះ កាលតម្លៃប្រេងនៅធម្មតា គាត់អាចរកប្រាក់ចំណេញបានខ្លះៗ ប៉ុន្តែពេលដែលប្រេងឡើងថ្លៃ គាត់ទិញ និងលក់ដើម្បីរក្សាម៉ូយតែប៉ុណ្ណោះ ដោយសារគាត់ទិញគ្រឿងសមុទ្រពីទូកថ្លៃ ហើយយកទៅលក់ក្នុងតម្លៃធម្មតាដូចសព្វមួយដង ព្រោះបើលក់ថ្លៃពេក ភ្ញៀវក៏មិនទិញដែរ។
លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានឱ្យដឹងដែរថា បច្ចុប្បន្ន ទូករបស់ប្រជានេសាទនៅខេត្តកំពតដែលមានម៉ាស៊ីនប្រើប្រេងម៉ាស៊ូតប្រមាណ៥០% ប៉ុណ្ណោះ បានចេញទៅនេសាទ ហើយទូកដែលមិនបានចេញទៅនេសាទក៏ដោយសារប្រេងថ្លៃពេក ព្រោះបើពួកគាត់ចេញទៅក៏មិនសូវចំណេញ ឬអាចនឹងខាតដើមក៏ថាបាន។
ចំណែកឯលោក សោម វិចិត្រ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពត បានបញ្ជាក់ថា រាល់ថ្ងៃក្រុមការងារមន្ទីរបានចុះត្រួតពិនិត្យតម្លៃលក់ប្រេងនៅតាមស្ថានីយតាមបណ្តាក្រុង-ស្រុក ហើយពិនិត្យឃើញថា ពុំមានស្ថានីយលក់លើសតំលៃដែលកំណត់ដោយប្រកាសអន្តរក្រសួងឡើយ។ ស្ថានីយផ្អាកលក់បណ្តោះអាសន្នដោយសារដាច់ស្តុកប្រេងនៅទូទាំងខេត្តមានចំនួនតែ ៧ស្ថានីយប៉ុណ្ណោះ ដោយពួកគេរង់ចាំប្រេងចូលពីក្រុមហ៊ុន និងបើកលក់ឡើងវិញពេលមានប្រេង។ ក្រៅពីនេះពុំមានស្ថានីយណាលក់ច្រកក្នុងធុង ឬប៊ីដុងនោះឡើយ៕
អត្ថបទ៖ វង្ស សុធារម្យ