អំឡុងកំពុងប្រជុំក្នុងសភា! តំណាងរាស្ត្រអ៊ីស្រាអ៊ែល ផ្អើលរត់រកកន្លែងសុវត្ថិភាព ក្រោយឭសំឡេងស៊ីរ៉ែន
អ៊ីស្រាអ៊ែល៖ អំឡុងកិច្ចប្រជុំគណៈកម្មាធិការមួយកាលពីដើមសប្ដាហ៍នេះ សមាជិកសភាអ៊ីស្រាអ៊ែល (Knesset) បាននាំគ្នាស្ទុះក្រោកឈរ និងរត់រកទីកន្លែងសុវត្ថិភាព បន្ទាប់ពី «សំឡេងស៊ីរ៉ែនព្រមានពីការវាយប្រហារតាមអាកាស» បានបន្លឺឡើងយ៉ាងកងរំពង។ ហេតុការណ៍នេះកើតឡើង ខណៈកងទ័ព និងប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអ៊ែលកំពុងមមាញឹកក្នុងការបាញ់ស្ទាក់មីស៊ីល ដែលបាញ់ចេញពីប្រទេសអ៊ីរ៉ង់ ។
អតីតសមាជិកសភាមួយរូប បានឱ្យដឹងថា សំឡេងស៊ីរ៉ែនបានបន្លឺឡើងចំពេលគណៈកម្មាធិការហិរញ្ញវត្ថុកំពុងប្រជុំ។ លោកបានសរសេរនៅលើបណ្តាញសង្គម X ថា សមាជិកមកពីគណៈកម្មាធិការផ្សេងៗទៀត បាននាំគ្នារត់ចូលមកក្នុងបន្ទប់ប្រជុំហិរញ្ញវត្ថុនេះ ព្រោះបន្ទប់នេះត្រូវបានប្រើប្រាស់ជាទីជម្រកការពារគ្រាប់បែកផងដែរ ។
ដោយឡែក បំណែកនៃមីស៊ីលដែលត្រូវបានប្រព័ន្ធការពារអាកាសបាញ់ស្ទាក់ឯណោះវិញ បានធ្លាក់នៅតាមទីកន្លែងជាច្រើនក្នុងទីក្រុងយ៉េរ៉ូសាឡឹម កាលពីថ្ងៃចន្ទ រួមមានទាំងនៅក្បែរបណ្ណាល័យជាតិ វិមានសភា និងព្រះវិហារនៅក្នុងតំបន់ប្រវត្តិសាស្ត្រក្នុងទីក្រុងនេះ ។
គួរបញ្ជាក់ថា អ៊ីរ៉ង់ និងអ៊ីស្រាអ៊ែល បានបើកការវាយប្រហារគ្នាដោយប្រើមីស៊ីលទៅវិញទៅមក ចាប់តាំងពីចុងខែមុនមកម្ល៉េះ បន្ទាប់ពីការវាយប្រហារតាមអាកាសរួមគ្នារវាងអាម៉េរិក និងអ៊ីស្រាអ៊ែល បានសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ដែលបានអូសទាញតំបន់មជ្ឈិមបូព៌ាទាំងមូលឱ្យធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាម ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY