ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី ចេញវិធានការរឹបអូសរថយន្តថៃដែលគ្មានបណ្ណអនុញ្ញាត និងរឹតត្បិតការលក់ប្រេងសាំងនៅតាមព្រំដែន

image

ម៉ាឡេស៊ី៖ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកម៉ាឡេស៊ី បានចេញសារព្រមានថា រាល់រថយន្តថៃទាំងឡាយណាដែលគ្មានបណ្ណអនុញ្ញាតសម្រាប់ការធ្វើចរាចរណ៍ជាអន្តរជាតិ (ICP) ហើយធ្វើដំណើរចូលក្នុងទឹកដីម៉ាឡេស៊ីលើសពី ២ គីឡូម៉ែត្រពីព្រំដែន នឹងត្រូវអាជ្ញាធររឹបអូសរថយន្តភ្លាមៗ ។

សារព្រមាននេះ ធ្វើឡើងនៅស្របពេលដែលអាជ្ញាធរម៉ាឡេស៊ី បានសម្រេចកំណត់ការលក់ប្រេងសាំងឱ្យរថយន្តដែលមានស្លាកលេខថៃ ក្នុងមួយគ្រឿង ត្រឹមតែ ៣៥ រីងហ្គីត (ប្រហែល ២៩០ បាត ឬ ៨ ដុល្លារ) ប៉ុណ្ណោះ នៅតាមស្ថានីយប្រេងក្បែរព្រំដែន។ ការសម្រេចចិត្តនេះ កើតឡើងបន្ទាប់ពីមានការសម្រុកទៅចាក់សាំងយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាជនថៃ ដោយសារតែក្ដីព្រួយបារម្ភរឿងខ្វះខាតប្រេងជាសកល ដែលបង្កឡើងដោយសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ។

មូលហេតុដែលពលរដ្ឋថៃសម្រុកទៅចាក់សាំងនៅម៉ាឡេស៊ី គឺដោយសារតម្លៃសាំងនៅទីនោះមានតម្លៃថោកជាងឆ្ងាយណាស់ បើធៀបនឹងតម្លៃប្រេងសាំងនៅក្នុងប្រទេសថៃ។ នៅម៉ាឡេស៊ី សាំងម៉ាស៊ូតមានតម្លៃតែប្រហែល ១៨ បាត (ប្រហែល ២,១០០ រៀល) និងសាំងធម្មតា (RON95) តម្លៃតែ ១៦ បាត (ឬប្រហែល ១,៩០០ រៀល) ប៉ុណ្ណោះក្នុងមួយលីត្រ។ អាជ្ញាធរម៉ាឡេស៊ី បញ្ជាក់ថា ការកំណត់ចំនួនលក់នេះ ក៏ដើម្បីទប់ស្កាត់ការរត់ពន្ធសាំងដែលរដ្ឋាភិបាលម៉ាឡេស៊ីបានចេញលុយឧបត្ថម្ភធន ។

តាំងពីដើមឆ្នាំនេះមក អាជ្ញាធរម៉ាឡេស៊ី បានចាប់ខ្លួនអ្នករត់ពន្ធសាំងបាន ៤៦ នាក់ និងដកហូតរថយន្តកែច្នៃសម្រាប់ដឹកសាំង ចំនួន ៧៥ គ្រឿង។ រថយន្តទាំងនោះភាគច្រើន ត្រូវបានបន្ថែមធុងសាំងធំៗនៅក្នុងឃ្លប់ខាងក្រោយ ឬក្រោមកន្លែងអង្គុយ ដើម្បីលួចដឹកសាំងឆ្លងដែនចូលក្នុងប្រទេសថៃ។ បច្ចុប្បន្ន អាជ្ញាធរម៉ាឡេស៊ី កំពុងតាមដានស្ថានីយសាំងចំនួន ៤៨ កន្លែងដែលនៅកៀកបំផុតជាមួយព្រំដែនថៃ ។

គួររំឭកថា កាលពីថ្ងៃអាទិត្យ នៅស្រុកប៊េតុង (Betong) ខេត្តយ៉ាឡា (Yala) គេឃើញមានរថយន្តតម្រង់ជួរគ្នាយ៉ាងវែងអន្លាយនៅតាមស្ថានីយប្រេងឥន្ធនៈ។ ស្ថានីយខ្លះ ក៏អស់សាំងម៉ាស៊ូត ហើយខ្លះទៀតត្រូវកាត់បន្ថយម៉ោងលក់ (បើកត្រឹមម៉ោង ១២ ថ្ងៃត្រង់ ដល់ ៦ ល្ងាចជាដើម) ដើម្បីរង់ចាំឡានដឹកសាំងមកដល់។ ក្រៅពីនេះ ស្ថានីយខ្លះក៏បានកំណត់ឱ្យម្នាក់ចាក់បានត្រឹមតែ ១,០០០ បាតប៉ុណ្ណោះ ហើយអ្នកភូមិខ្លះទៀតថែមទាំងបានយកធុងធំៗមកច្រកសាំងទៀតផង ដោយទុកសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម និងដឹកជញ្ជូន ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Thai Enquirer | រូបភាព៖ Khaosod English/ Screenshot from
Thai Enquirer's video.