លោកត្រាំ៖ ប្រតិបត្តិការយោធាអាម៉េរិកប្រឆាំងអ៊ីរ៉ង់ គឺជាបេសកកម្មសង្គ្រោះពិភពលោកឱ្យផុតពីមហន្តរាយនុយក្លេអ៊ែរ
សហរដ្ឋអាម៉េរិក៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានរៀបរាប់ថា ប្រតិបត្តិការយោធារបស់សហរដ្ឋអាម៉េរិកប្រឆាំងនឹងអ៊ីរ៉ង់ គឺជាបេសកកម្មសង្គ្រោះពិភពលោកឱ្យផុតពីមហន្តរាយនុយក្លេអ៊ែរ។ លោកជឿថា បើគ្មានការសម្រេចចិត្តវាយប្រហារយ៉ាងឆាប់រហ័ស និងខ្លាំងក្លាបែបនេះទេ អ៊ីរ៉ង់នឹងអាចផលិតអាវុធប្រល័យលោកបានរួចរាល់ក្នុងពេលដ៏ខ្លី ដែលនឹងឈានទៅដល់ការផ្ទុះសង្គ្រាមលោកលើកទី៣ ជាមិនខានឡើយ ។
មេដឹកនាំអាម៉េរិករូបនេះ បានលើកសរសើរមិនដាច់ពីមាត់នូវបច្ចេកវិទ្យាយោធាអាម៉េរិក ជាពិសេសយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-2 ដែលលោកអះអាងថាគ្មានប្រទេសណាមួយអាចធ្វើតាមបានឡើយ។ លោកសង្កត់ធ្ងន់ថា ភាពជោគជ័យនៃការវាយប្រហារចំគោលដៅ ១០០% នៅពាក់កណ្តាលអធ្រាត្រ បានបង្ហាញឱ្យពិភពលោកឃើញពីអំណាចយោធាដ៏លើសលប់របស់អាម៉េរិក ដែលអាចកម្ទេចសត្រូវឱ្យចុះចាញ់ក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍ ។
លោក ត្រាំ ក៏បានរៀបរាប់ពីការដួលរលំទាំងស្រុងនៃរចនាសម្ព័ន្ធកងទ័ព និងថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់ ដោយលោកអះអាងថា មេដឹកនាំកំពូលៗត្រូវបានកម្ចាត់ចោលជាបន្តបន្ទាប់។ ស្ថានភាពនេះ បានធ្វើឱ្យអ៊ីរ៉ង់ស្ថិតក្នុងភាពច្របូកច្របល់ខ្លាំងបំផុត រហូតដល់ថ្នាក់លោក ត្រាំ និយាយបែបលេងសើចថា លោកលែងដឹងថាត្រូវចរចាជាមួយអ្នកណា ព្រោះមេដឹកនាំថ្មីដែលឡើងមកជំនួសសុទ្ធតែត្រូវបានសម្លាប់អស់ភ្លាមៗ ។
លោក ត្រាំ បាននិយាយការពារសកម្មភាពរបស់លោកថាជាកាតព្វកិច្ចចំពោះមនុស្សជាតិ ដើម្បីកម្ចាត់មនោគមវិជ្ជាជ្រុលនិយមដែលលោកយល់ថាជាការគំរាមកំហែងដល់សន្តិសុខសកល។ ទោះបីជាជម្លោះនេះបង្កឱ្យមានក្ដីព្រួយបារម្ភជាច្រើន ប៉ុន្តែលោក ត្រាំ នៅតែប្រកាន់ជំហរថា អ្វីដែលលោកបានធ្វើគឺជាការងារដ៏អស្ចារ្យមួយ ដើម្បីធានាថាគ្មានប្រទេសណាដែលមានចេតនាអាក្រក់ អាចមានឱកាសប្រើប្រាស់អាវុធនុយក្លេអ៊ែរបានឡើយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Financial Express/ Moshe Mizrahi via Reuters on CNN