អ៊ីរ៉ង់ ចោទអាម៉េរិក និងអ៊ីស្រាអ៊ែល ថាបង្កសង្គ្រាមបំផ្លាញមនុស្សជាតិ និងបង្កើតភាពវឹកវរដល់សន្តិសុខតាមផ្លូវទឹកអន្តរជាតិ
អ៊ីរ៉ង់៖ អ៊ីរ៉ង់បានចេញមុខរិះគន់យ៉ាងធ្ងន់ៗលើសហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែល ដោយចោទប្រកាន់ថា មហាអំណាចទាំងពីរនេះ គឺជាអ្នកបង្កសង្គ្រាមបំផ្លាញមនុស្សជាតិ និងបង្កើតភាពវឹកវរដល់សន្តិសុខតាមផ្លូវទឹកអន្តរជាតិ។ ទីក្រុងតេហរ៉ង់យល់ថា សកម្មភាពយោធារបស់អាម៉េរិក គឺជាទង្វើខុសច្បាប់ និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដែលពិភពលោកមិនគួរមើលរំលង ។
ចំពោះបញ្ហាច្រកសមុទ្រហ័រមូស អ៊ីរ៉ង់បានអះអាងពីអំណាចគ្រប់គ្រងទាំងស្រុងរបស់ខ្លួន ដោយបញ្ជាក់ថាមានតែនាវាមកពីប្រទេសជាមិត្តប៉ុណ្ណោះ ទើបអាចឆ្លងកាត់បាន។ អ៊ីរ៉ង់ បានព្រមានចំៗទៅកាន់អាម៉េរិក និងសម្ព័ន្ធមិត្តអាម៉េរិកថា មិនត្រូវប្រើប្រាស់ផ្លូវទឹកនេះជាមូលដ្ឋានដើម្បីវាយប្រហារលើខ្លួនឡើយ ហើយក៏បានជំរុញឱ្យប្រទេសដទៃកុំជួយជ្រោមជ្រែងដល់ផែនការរបស់លោក ដូណាល់ ត្រាំ ក្នុងការបញ្ជូនទ័ពមកបើកច្រកសមុទ្រនេះដោយបង្ខំ ។
ជម្លោះដែលបានចាប់ផ្ដើមតាំងពីចុងខែកុម្ភៈមកនេះ បានប្រែទៅជាសង្គ្រាមទ្រង់ទ្រាយធំ បន្ទាប់ពីការបាត់បង់ជីវិតរបស់មេដឹកនាំកំពូលលោក អាលី ខាមីនី (Ali Khamenei)។ ការវាយបកសងសឹកពីសំណាក់អ៊ីរ៉ង់ និងក្រុមហេសបូឡាហ៍ ប្រឆាំងនឹងគោលដៅអាម៉េរិក និងអ៊ីស្រាអ៊ែល បានធ្វើឱ្យតំបន់មជ្ឈិមបូព៌ាទាំងមូលស្ថិតក្នុងស្ថានភាពអាសន្ន និងគ្មានសុវត្ថិភាពសម្រាប់ការធ្វើដំណើរ និងពាណិជ្ជកម្ម ។
ផលប៉ះពាល់នៃសង្គ្រាមនេះ បានរីករាលដាលដល់សេដ្ឋកិច្ចសកលយ៉ាងដំណំ ដោយសារតែការរំខានដល់ការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រហ័រមូស។ តម្លៃប្រេង ដែលបានហក់ឡើងខ្ពស់លើសពីកម្រិតធម្មតា បានបង្កជាវិបត្តិសេដ្ឋកិច្ច និងការតវ៉ានៅតាមបណ្ដាប្រទេសជាច្រើន ដែលបង្ហាញថាជម្លោះរវាងអាម៉េរិក-អ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ មិនមែនជាបញ្ហាតំបន់ទៀតនោះទេ ប៉ុន្តែវាជាវិបត្តិសកលដែលកំពុងគំរាមកំហែងដល់ស្ថិរភាពពិភពលោក ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Omar Sanadiki via AP on CNN/ Louai Beshara via AFP on Middle East Eye