ទីក្រុងហូជីមិញ ត្រៀមចំណាយ ១,៥៥ពាន់លានដុល្លារ សាងសង់ផ្លូវយុទ្ធសាស្ត្រឆ្ពោះមកព្រំដែនកម្ពុជា
វៀតណាម៖ រដ្ឋបាលទីក្រុងហូជីមិញ បានសម្រេចដាក់ចេញនូវគម្រោងខ្នាតយក្សដោយសាងសង់ផ្លូវថ្នល់ចំនួន ៣ខ្សែ ក្នុងទំហំទឹកប្រាក់ប្រមាណជា ១,៥៥ ពាន់លានដុល្លារអាម៉េរិក ដើម្បីពង្រឹងការតភ្ជាប់សេដ្ឋកិច្ចជាមួយខេត្តតៃនិញ ដែលជាច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់ជាប់ព្រំដែនប្រទេសកម្ពុជា។ ការវិនិយោគដ៏ធំសម្បើមនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការដឹកជញ្ជូនដែលកំពុងកើនឡើង និងការផ្លាស់ប្តូរភូមិសាស្ត្ររដ្ឋបាលថ្មីនៅក្នុងតំបន់ ។
មូលហេតុចម្បងនៃគម្រោងនេះ គឺបន្ទាប់ពីការរួមបញ្ចូលគ្នា រវាងខេត្តឡុងអាន និងខេត្តតៃនិញ កាលពីឆ្នាំ២០២៥ ដែលធ្វើឱ្យខេត្តថ្មីនេះមានផ្ទៃដីធំទូលាយ ប៉ុន្តែប្រព័ន្ធផ្លូវថ្នល់ដែលមានស្រាប់មិនទាន់អាចឆ្លើយតបនឹងសកម្មភាពសេដ្ឋកិច្ចដ៏មមាញឹកបាននៅឡើយទេ។ ការបង្កើតផ្លូវថ្មីទាំងនេះ នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចថ្មី តភ្ជាប់តំបន់ជាយដែនមកកាន់មជ្ឈមណ្ឌលសេដ្ឋកិច្ចហូជីមិញឱ្យកាន់តែជិតបង្កើត ។
ក្នុងចំណោមគម្រោងទាំងនោះ ការពង្រីកមហាវិថី វ៉ូ វ៉ាន់កៀន (Vo Van Kiet) គឺជាចំណុចលេចធ្លោជាងគេបំផុត ដោយវាគឺជាផ្លូវយុទ្ធសាស្ត្រដែលរត់កាត់ចំកណ្តាលទីក្រុងហូជីមិញតែម្ដង។ ការបន្ថែមប្រវែងផ្លូវជាង ១២ គីឡូម៉ែត្រឆ្ពោះទៅព្រំដែនខេត្តតៃនិញ នឹងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញពីទីក្រុងទៅកាន់តំបន់ព្រំដែនឱ្យមានភាពរហ័ស និងងាយស្រួលជាងមុន ។
ក្រៅពីនេះ ផ្លូវថ្មីនៅទិសពាយព្យនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅជុំវិញតំបន់ឧស្សាហកម្មធំៗ។ ដោយសារតែការចំណាយលើការសងជំងឺចិត្ត និងដោះស្រាយផលប៉ះពាល់ដីធ្លីមានតម្លៃខ្ពស់ ផ្លូវនេះត្រូវបានចាត់ទុកថាជាការវិនិយោគដ៏សំខាន់ដើម្បីបើកផ្លូវសម្រាប់ការអភិវឌ្ឍន៍តំបន់ឧស្សាហកម្មថ្មីៗ និងតភ្ជាប់ផ្លូវក្រវ៉ាត់ក្រុងសំខាន់ៗចូលគ្នា ។
ផ្លូវជាតិលេខ 50B ថ្មី ក៏ជាផ្នែកមួយមិនអាចខ្វះបាននៃគម្រោងនេះដែរ ដោយវាត្រូវបានរចនាឡើងដើម្បីចែករំលែកបន្ទុកចរាចរណ៍ដ៏ធ្ងន់ធ្ងរពីផ្លូវជាតិលេខ ១។ ផ្លូវនេះនឹងមិនត្រឹមតែជួយឱ្យការធ្វើដំណើរទៅព្រំដែនកម្ពុជាកាន់តែងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងបង្កើតជាច្រករបៀងដឹកជញ្ជូនថ្មីមួយទៀតឆ្ពោះទៅកាន់បណ្តាខេត្តនៅភាគខាងត្បូងវៀតណាម ឬតំបន់ដីសណ្តទន្លេមេគង្គ ។
អាជ្ញាធរទីក្រុងហូជីមិញ កំពុងរុញច្រានគម្រោងនេះយ៉ាងសស្រាក់សស្រាំ ដោយបានកំណត់កាលបរិច្ឆេទច្បាស់លាស់សម្រាប់គ្រប់ដំណាក់កាលទាំងអស់។ តាមផែនការ ការដ្ឋានសាងសង់នឹងត្រូវចាប់ផ្ដើមនៅពាក់កណ្តាលឆ្នាំ២០២៦ នេះហើយ ហើយរដ្ឋាភិបាលក៏បានត្រៀមខ្លួនរួចជាស្រេចនូវផែនការសងជំងឺចិត្ត និងការរៀបចំទីលំនៅថ្មីជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដើម្បីធានាឱ្យការសាងសង់អាចបញ្ចប់តាមការកំណត់នៅឆ្នាំ២០២៧ ។
គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់តម្លៃជាង ១,៥ ពាន់លានដុល្លារខាងលើនេះ គឺជាយុទ្ធសាស្ត្ររយៈពេលវែងរបស់វៀតណាម ក្នុងការប្រែក្លាយតំបន់ជាប់ព្រំដែនកម្ពុជាឱ្យទៅជាតំបន់សេដ្ឋកិច្ចដ៏រស់រវើក។ នៅពេលផ្លូវទាំងនេះសាងសង់រួចរាល់ វានឹងជួយកាត់បន្ថយចំណាយដឹកជញ្ជូន ជំរុញពាណិជ្ជកម្មឆ្លងដែន និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែរឹងមាំ ដែលផ្តល់ផលប្រយោជន៍ដល់ទាំងវៀតណាម និងការតភ្ជាប់ពាណិជ្ជកម្មជាមួយកម្ពុជា ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ eVnExpress on MSN | រូបភាព៖ Quynh Tran on Vn Express International/ TNO