លោកត្រាំ ជំរុញដល់បណ្ដាប្រទេសដែលពឹងផ្អែកខ្លាំងលើច្រកសមុទ្រហ័រមូស ត្រូវចូលរួមជួយការពារទាំងអស់គ្នា
សហរដ្ឋអាម៉េរិក៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ ហាក់កំពុងដាក់សម្ពាធដល់បណ្ដាប្រទេសមហាអំណាចសេដ្ឋកិច្ចនៅតំបន់អាស៊ី និងអឺរ៉ុប ឱ្យបញ្ជូនកម្លាំងមកជួយសហរដ្ឋអាម៉េរិក ក្នុងការការពារច្រកសមុទ្រហ័រមូស (Hormuz)។ លោក ត្រាំ បានលើកយកទិន្នន័យមកបង្ហាញថា ប្រទេសដូចជា ជប៉ុន ចិន និងកូរ៉េខាងត្បូង គឺជាអ្នកដែលត្រូវខាតបង់ធ្ងន់ធ្ងរបំផុតប្រសិនបើច្រកសមុទ្រនេះត្រូវបានបិទ ព្រោះពួកគេពឹងផ្អែកស្ទើរតែទាំងស្រុងលើប្រេងដែលដឹកឆ្លងកាត់ទីនោះ ។
អំឡុងទទួលទានអាហារថ្ងៃត្រង់ជាមួយសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌល ត្រាំ ខេនីឌី (Trump Kennedy) កាលពីថ្ងៃចន្ទ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបន្តអំពាវនាវជាថ្មីឱ្យប្រទេសដទៃទៀតចូលរួមជួយលោកក្នុងការរក្សាសន្តិសុខ និងបើកច្រកសមុទ្រហ័រមូសឡើងវិញ ។
លោកបានថ្លែងថា «យើងជំរុញយ៉ាងខ្លាំងដល់ប្រទេសផ្សេងទៀត ដែលសេដ្ឋកិច្ចរបស់ពួកគេពឹងផ្អែកលើច្រកសមុទ្រនេះ ខ្លាំងជាងអាម៉េរិក។ យើងប្រើប្រាស់ប្រេងពីច្រកសមុទ្រនេះមិនដល់ ១% ផង ប៉ុន្តែប្រទេសខ្លះប្រើច្រើនណាស់»។ លោកបញ្ជាក់ទៀតថា ជប៉ុនពឹងផ្អែកលើច្រកនេះ ៩៥%, ចិន ៩០%, កូរ៉េខាងត្បូង ៣៥% ហើយប្រទេសនៅអឺរ៉ុបជាច្រើនទៀតក៏ប្រើប្រាស់ច្រើនដែរ។ ដូច្នេះ ប្រទេសទាំងនោះគួរមកជួយអាម៉េរិកដើម្បីការពារច្រកសមុទ្រនេះ ។
នៅមុននេះ លោក ត្រាំ និយាយថា លោកកំពុងរៀបចំចងក្រងសម្ព័ន្ធមិត្តប្រហែល ៧ ប្រទេស ដើម្បីជួយរក្សាច្រកសមុទ្រហ័រមូសឱ្យនៅបើកចំហ ទោះបីជាឈ្មោះប្រទេសទាំងនោះមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការក៏ដោយ។ លោកបន្ថែមថា វានឹងក្លាយជាអនាគតដ៏អាក្រក់បំផុតសម្រាប់អង្គការណាតូ (NATO) បើមិនព្រមផ្ដល់ជំនួយក្នុងរឿងនេះទេ ។
ដោយឡែក រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស់ អារ៉ាជី (Abbas Araghchi) បានឆ្លើយតបវិញថា ច្រកសមុទ្រហ័រមូស តែងតែបើកចំហរជានិច្ចសម្រាប់ប្រទេសដែលមិនមែនជាសត្រូវប៉ុណ្ណោះ ប៉ុន្តែវានឹងត្រូវបិទចំពោះសត្រូវ និងអ្នកដែលសហការជាមួយសត្រូវ»។ គួរបញ្ជាក់ថា ជម្លោះនេះបានផ្ទុះឡើងខ្លាំងតាំងពីថ្ងៃទី ២៨ ខែកុម្ភៈ បន្ទាប់ពីអាម៉េរិក និងអ៊ីស្រាអ៊ែលបានបើកការវាយប្រហារលើអ៊ីរ៉ង់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Sources from VIORY/ Zee News