ជប៉ុន ចិន និងកូរ៉េខាងត្បូង មិនទាន់ចង់លូកដៃក្នុងសង្គ្រាមមជ្ឈិមបូព៌ា តាមការចង់បានរបស់អាម៉េរិកនោះឡើយ
អាស៊ី៖ មហាអំណាចអាស៊ីទាំងបី រួមមាន ជប៉ុន ចិន និងកូរ៉េខាងត្បូង កំពុងស្ថិតក្នុងស្ថានភាពប្រយ័ត្នប្រយែង បន្ទាប់ពីលោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យពួកគេបញ្ជូនកម្លាំងទៅជួយបើកច្រកសមុទ្រហ័រមូស។ ទោះបីជាប្រទេសទាំងនេះសុទ្ធតែទទួលរងផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដោយសារតែការកើនឡើងតម្លៃប្រេង និងការរអាក់រអួលផ្លូវដឹកជញ្ជូនក៏ដោយ ប៉ុន្តែពួកគេហាក់មិនទាន់ចង់លូកដៃចូលក្នុងជម្លោះប្រដាប់អាវុធដោយផ្ទាល់ តាមការចង់បានរបស់អាម៉េរិកនោះឡើយ ។
ក្នុងនោះ ជប៉ុនបានបង្ហាញជំហរច្បាស់លាស់ក្នុងការប្រកាន់ភ្ជាប់នូវផ្លូវការទូត និងច្បាប់រដ្ឋធម្មនុញ្ញសន្តិភាពរបស់ខ្លួន ដោយបដិសេធមិនបញ្ជូននាវាចម្បាំងទៅអមការពារនាវាដឹកទំនិញនៅឡើយ។ លោកស្រីនាយករដ្ឋមន្ត្រី សាណាអិ តាកាអ៊ិឈិ (Sanae Takaichi) សង្កត់ធ្ងន់ថា ជប៉ុននឹងធ្វើការសម្រេចចិត្តដោយឯករាជ្យ ដើម្បីស្វែងរកវិធីសាស្ត្របន្ធូរបន្ថយភាពតានតឹងជាមួយអ៊ីរ៉ង់ ជាជាងការប្រើប្រាស់កម្លាំងបាយដែលនាំឱ្យសភាពការណ៍កាន់តែអាក្រក់ ។
ចំពោះប្រទេសចិន បានបង្ហាញមតិរិះគន់រាល់សកម្មភាពយោធាដែលធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពសកល ហើយបានជំរុញឱ្យអាម៉េរិក និងអ៊ីស្រាអ៊ែលបញ្ឈប់ការវាយប្រហារជាបន្ទាន់។ ចិនយល់ថាការប្រើប្រាស់សម្ពាធយោធាមិនមែនជាដំណោះស្រាយយូរអង្វែងឡើយ ហើយចិនក៏កំពុងប្រើប្រាស់បញ្ហាច្រកសមុទ្រនេះ ជាឧបករណ៍ក្នុងការចរចានយោបាយ និងសេដ្ឋកិច្ចជាមួយរដ្ឋបាលលោក ត្រាំ ផងដែរ ជាពិសេសពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋនាពេលខាងមុខ ។
ដោយឡែក នៅក្នុងប្រទេសកូរ៉េខាងត្បូងឯណោះវិញ សម្ពាធពីលោក ត្រាំ បានបង្កឱ្យមានរលកនៃការតវ៉ាពីសំណាក់ប្រជាពលរដ្ឋ ដែលមិនចង់ឱ្យរដ្ឋាភិបាលរបស់ខ្លួនក្លាយជាឧបករណ៍សង្គ្រាមរបស់អាម៉េរិក។ ភាពចម្រូងចម្រាសនេះ បានធ្វើឱ្យរដ្ឋាភិបាលក្រុងសេអ៊ូល ហាក់កំពុងស្ថិតនៅក្នុងស្ថានភាពពិបាកដោះស្រាយ រវាងការរក្សាមិត្តភាពដ៏រឹងមាំជាមួយអាម៉េរិក និងការជៀសវាងពីការធ្លាក់ខ្លួនចូលក្នុងសង្គ្រាមមជ្ឈិមបូព៌ា ដែលអាចនាំមកនូវមហន្តរាយដល់ជាតិទាំងផ្នែកនយោបាយ និងសន្តិសុខ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Sources from VIORY