រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និយាយថា អ៊ីរ៉ង់មិនបានទាក់ទងអាម៉េរិក ឬស្នើសុំឱ្យបញ្ឈប់សង្គ្រាមនោះទេ
អ៊ីរ៉ង់៖ នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស់ អារ៉ាជី (Abbas Araghchi) បានបញ្ជាក់គោលជំហរយ៉ាងរឹងមាំថា ទីក្រុងតេហ៍រ៉ង់មិនដែលបានទាក់ទងទៅសហរដ្ឋអាម៉េរិក ដើម្បីសុំការចរចាសន្តិភាព ឬសុំឱ្យបញ្ឈប់សកម្មភាពយោធានោះឡើយ។ សម្រាប់អ៊ីរ៉ង់ សង្គ្រាមនេះ នឹងមិនបញ្ចប់ដោយងាយៗនោះទេ ដរាបណាសត្រូវមិនទាន់ទទួលបានមេរៀនមួយដែលធ្វើឱ្យពួកគេរាងចាល និងមិនហ៊ានគិតចង់មកឈ្លានពានទឹកដីអ៊ីរ៉ង់ជាថ្មីម្តងទៀតនាថ្ងៃអនាគត ។
ទោះបីជាអ៊ីរ៉ង់មិនទាន់ព្រមទទួលយកបទឈប់បាញ់ក៏ដោយ ប៉ុន្តែមន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា វាមិនមែនមកពីអ៊ីរ៉ង់ស្រឡាញ់សង្គ្រាមនោះទេ ប៉ុន្តែវាគឺជាយុទ្ធសាស្ត្រដើម្បីការពារអធិបតេយ្យភាពជាតិ។ អ៊ីរ៉ង់ចង់ឱ្យការបញ្ចប់នៃជម្លោះនេះ ក្លាយជាការព្រមានដ៏មានឥទ្ធិពលមួយដល់ពិភពលោកថា រាល់ការវាយប្រហារមកលើខ្លួននឹងត្រូវទទួលលទ្ធផលតបស្នងវិញយ៉ាងធ្ងន់ធ្ងរ ។
ពាក់ព័ន្ធនឹងវិបត្តិថាមពល និងផ្លូវទឹក លោក Araghchi បានលើកឡើងពីភាពទាល់ច្រករបស់សហរដ្ឋអាម៉េរិក ដែលព្យាយាមរកជំនួយពីប្រទេសដទៃឱ្យមកជួយចរចាបើកច្រកសមុទ្រហ័រមូសឡើងវិញ។ អ៊ីរ៉ង់នៅតែរក្សាគោលការណ៍ «ជ្រើសរើសមិត្ត» ដោយអនុញ្ញាតឱ្យតែប្រទេសណាដែលមិនមានអរិភាពជាមួយខ្លួនប៉ុណ្ណោះ ដែលអាចប្រើប្រាស់ផ្លូវទឹកដ៏សំខាន់នេះបាន ខណៈសត្រូវនឹងត្រូវបន្តបិទខ្ទប់ដដែល ។
សង្រ្គាមដែលបានអូសបន្លាយតាំងពីចុងខែកុម្ភៈមកនេះ បានបង្កឱ្យមានការបាត់បង់ជីវិតមនុស្សរាប់ពាន់នាក់ និងធ្វើឱ្យសេដ្ឋកិច្ចសកលលោកជួបវិបត្តិយ៉ាងខ្លាំងក្លាតាមរយៈការឡើងថ្លៃប្រេង។ ខណៈចំនួនអ្នកស្លាប់ក្នុងប្រទេសអ៊ីរ៉ង់ មានច្រើនលើសលប់បើធៀបនឹងអាម៉េរិក និងអ៊ីស្រាអ៊ែល ប៉ុន្តែអ៊ីរ៉ង់នៅតែបង្ហាញសញ្ញាថានឹងមិនចុះញ៉មឡើយ ដែលនេះសបញ្ជាក់ថាស្ថានភាពនៅតំបន់មជ្ឈិមបូព៌ានៅតែបន្តស្ថិតក្នុងភាពគ្រោះថ្នាក់ខ្លាំងនៅឡើយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ (Screenshot/CBS)/ (AP Photo/Mark Schiefelbein)/ (Israel Defense Forces)/ (AP Photo/Rafiq Maqbool)/ (Moshe Mizrahi/Reuters)