រុស្ស៊ីបារម្ភថា សកម្មភាពរបស់អាម៉េរិក កំពុងគំរាមកំហែងដល់សន្តិសុខពិភពលោកយ៉ាងធ្ងន់ធ្ងរ
រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ើហ្គី ឡាវរ៉ូវ (Sergei Lavrov) កាលពីថ្ងៃទី ១៦ ខែមីនា បានសម្តែងក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះអនាគតនៃសន្តិសុខពិភពលោក។ លោកបានរិះគន់ថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអ៊ែល និងអាម៉េរិក កាលពីថ្ងៃទី ២៨ ខែកុម្ភៈ មិនត្រឹមតែសំដៅលើមេដឹកនាំអ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានវាយប្រហារលើសាលារៀន មន្ទីរពេទ្យ រចនាសម្ព័ន្ធជនស៊ីវិល និងសូម្បីតែទីតាំងនុយក្លេអ៊ែរដែលស្ថិតក្រោមការត្រួតពិនិត្យអន្តរជាតិទៀតផង ។
លោក ឡាវរ៉ូវ (Lavrov) សង្កត់ធ្ងន់ថា ទង្វើនេះបានធ្វើឱ្យពិភពលោកបាត់បង់ទំនុកចិត្តលើការចរចាការទូត ហើយធ្វើឱ្យប្រទេសជាច្រើនយល់ថា «មានតែការផលិតអាវុធនុយក្លេអ៊ែរឱ្យមាននៅក្នុងដៃប៉ុណ្ណោះ ទើបអាចការពារខ្លួនពីការឈ្លានពានបាន»។ ការណ៍នេះ គឺជាគ្រោះថ្នាក់ដ៏ធំនៃការរីករាលដាលអាវុធនុយក្លេអ៊ែរទូទាំងសកលលោក ។
ក្រៅពីនេះ លោកបានព្រមានអំពីគម្រោងនៃប្រព័ន្ធការពារមីស៊ីលហ្គោលដិនដូម (Golden Dome) និងការដាក់ពង្រាយអាវុធវាយប្រហារនៅក្នុងទីអវកាសនៅឆ្នាំ ២០២៨។ លោកថា សកម្មភាពទាំងនេះ កំពុងប្រែក្លាយទីអវកាសឱ្យទៅជាសមរភូមិសង្គ្រាមបន្ថែមទៀត ។
លោកក៏បានលើកឡើងពីការគំរាមកំហែងនៃអាវុធគីមី និងជីវសាស្ត្រ ដែលត្រូវគេយកមកធ្វើជានយោបាយ និងការបង្កើតមេរោគសិប្បនិម្មិតថ្មីៗ ដែលពិបាកនឹងរកឃើញទោះប្រើប្រាស់វិធីសាស្ត្រទំនើបក៏ដោយ។ លោករំឭកថា រុស្ស៊ីនៅតែបើកចរចាជាមួយគ្រប់ប្រទេស ដើម្បីសន្តិសុខរួមដោយផ្អែកលើច្បាប់របស់អង្គការសហប្រជាជាតិ ប៉ុន្តែពិភពលោកត្រូវតែរួមគ្នាបញ្ឈប់ការរំលោភបំពានពីសំណាក់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តរបស់អាម៉េរិក ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ (US Navy/Handout/Reuters)/ (Fatemeh Bahrami/Anadolu/Getty Images)