ព័ត៌មានជាតិ

លោក អ៊ុំ រាត្រី នាំយកអំណោយអង្គការ ហាន់ឆាន់ខាំ ជូនដល់មណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ នៅស្រុកមង្គលបូរី

image

បន្ទាយមានជ័យ ៖ អង្គការហាន់ឆាន់ខាំ បាននាំយកអំណោយ រួមមាន អង្ករ នំ និងសម្ភារមួយចំនួន ប្រគល់ជូនដល់កុមារៗដែលស្នាក់នៅមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ស្រុកមង្គលបូរី សម្រាប់ចាត់ចែងប្រេីប្រាស់តាមតម្រូវការក្នុងមណ្ឌល។

ពិធីនេះ ប្រព្រឹត្តទៅក្រោមវត្តមាន លោក អ៊ុំ រាត្រី អភិបាលខេត្ត ដោយមានការចូលរួមពីលោក គីម យ៉ុងអ៊ុក ប្រធានអង្គការហាឆាន់ខាំ និងភរិយា ព្រមទាំងក្រុមការងារ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៦។

លោក គីម យ៉ុងអ៊ុក បានបង្ហាញអំពីក្តីសប្បាយរីករាយនៅពេលដែលឃើញកុមារៗ មានភាពរួសរាយរាក់ទាក់ បង្ហាញអំពីក្ដីស្រឡាញ់ចំពោះរូបលោក ក៏ដូចជាក្រុមការងារ ។ លោក ក៏បានអរគុណចំពោះរដ្ឋបាលខេត្ត ដែលតែងជួយសម្របសម្រួល បង្កភាពងាយស្រួលដល់ក្រុមការងាររបស់លោក ដើម្បីចូលរួមចំណែកលើកកម្ពស់ធនធានមនុស្ស ក៏ដូចជាជួយដល់កុមារនៅក្នុងខេត្តបន្ទាយមានជ័យមានឱកាសក្នុងការសិក្សារៀនសូត្រ ក្រេបយកចំណេះដឹង។

នាឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណចំពោះលោក គីម យ៉ុងអ៊ុក ប្រធានអង្គការហាឆាន់ខាំ និងភរិយា ដែលបាននាំយកនូវអំណោយមានអង្ករ និងសម្ភារផ្តល់ជូនដល់មណ្ឌលសម្រាប់ប្រើប្រាស់ ដេីម្បីចូលរួមចំណែកជាមួយរដ្ឋបាលខេត្តក្នុងកិច្ចការងារសង្គម។ លោក ក៏ បានបញ្ជាក់ថា ជានិច្ចកាល អង្គការ តែងតែចូលរួមចំណែកគ្រប់សម្មភាពជាមួយរដ្ឋបាលខេត្ត ក៏ដូចជាចូលរួមក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈ វិស័យអប់រំនៅក្នុងខេត្តបន្ទាយមានជ័យ ជាដេីម។

ក្នុងនោះដែរ លោកអភិបាលខេត្ត ក៏បានធ្វើការណែនាំទៅដល់កុមារ ដែលកំពុងស្នាក់នៅមណ្ឌល ត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះដឹង ដេីម្បីក្លាយជាធនធានដ៏សំខាន់សម្រាប់ប្រទេសជាតិ និងត្រូវស្ដាប់ដំបូន្មានលោកគ្រូ-អ្នកគ្រូ ក៏ដូចជារាមច្បងនៅក្នុងមណ្ឌល។ មួយវិញទៀត ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន។

អំណោយដែលផ្តល់ជូន រួមមាន អង្ករ១តោន, នំកញ្ចប់៣០០កញ្ចប់ , នំប៉ុង២០០នំ សម្លៀកបំពាក់ ៤កេសធំ រួមនឹងថវិកាមួយចំនួន៕