ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល អះអាងថា កងទ័ពរបស់ខ្លួនបានសម្លាប់ប្រធានសន្តិសុខ និងមេបញ្ជាការកងកម្លាំងបាស៊ីជីរបស់អ៊ីរ៉ង់

image

អ៊ីស្រាអ៊ែល៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអ៊ែល លោក អ៊ីស្រាអ៊ែល ខាត់ (Israel Katz) អះអាងថា កងទ័ពអ៊ីស្រាអែល (IDF) បានសម្លាប់លោក អាលី​ ឡារីយ៉ានី (Ali Larijani) ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ និងមន្ត្រីជាន់ខ្ពស់ដទៃទៀត ក្នុងការវាយប្រហារតាមអាកាសពីយប់ថ្ងៃចន្ទ ឈានចូលថ្ងៃអង្គារ ។

លោក Katz ថ្លែងថា «នាយករដ្ឋមន្ត្រី ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ និងរូបលោក បានបញ្ជាឱ្យកងទ័ពបន្តតាមប្រមាញ់មេដឹកនាំនៃរបបភេរវកម្ម និងរបបដឹកនាំតាមបែបគាបសង្កត់នៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីកុំឱ្យរបបដឹកនាំមួយនេះ មានកម្លាំងងើបឡើងមកបញ្ជាឱ្យគេវាយប្រហារយើងបានទៀត» ។

លោក Katz បន្ថែមថា លោកទើបតែទទួលបានព័ត៌មានថ្មីៗមកថា លោក Larijani លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ និងលោក ហ្គូឡាំរ៉េហ្សា​ សូឡេម៉ានី​ (Gholamreza Soleimani) មេបញ្ជាការកងកម្លាំងបាស៊ីជី (Basij) ដែលជាអង្គភាពបង្ក្រាបដ៏សំខាន់របស់អ៊ីរ៉ង់ ត្រូវបានកម្ចាត់ចោលកាលពីយប់ថ្ងៃចន្ទ។
គិតត្រឹមពេលចេញផ្សាយព័ត៌មាននេះ ភាគីអ៊ីរ៉ង់មិនទាន់មានការឆ្លើយតប ឬបញ្ជាក់អ្វីនៅឡើយទេ ជុំវិញការអះអាងទាំងពីរនេះ ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអ៊ែល បានចាប់ផ្ដើមបើកការវាយប្រហារលើអ៊ីរ៉ង់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈមក។ ជាការឆ្លើយតប អ៊ីរ៉ង់ក៏បានបាញ់ប្រហារលើគោលដៅអ៊ីស្រាអ៊ែល និងអាមេរិកក្នុងតំបន់វិញដែរ។ ជម្លោះនេះបានរីករាលដាលកាន់តែខ្លាំង រហូតមានការវាយបកគ្នាទៅវិញទៅមករវាងអ៊ីស្រាអ៊ែល និងក្រុមហេសបូឡានៅតាមព្រំដែនលីបង់។ បើតាមទិន្នន័យចុងក្រោយ អ៊ីរ៉ង់មានអ្នកស្លាប់លើសពី ១,៤០០ នាក់ ខណៈអាមេរិកស្លាប់ ១៣ នាក់ និងអ៊ីស្រាអ៊ែលស្លាប់ ១៥ នាក់ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ (AP Photo/Bilal Hussein, File; Atta Kenare/AFP via Getty Images, File)/ AFP