ព័ត៌មានជាតិ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់បណ្ដឹងសរុបចំនួន ៦០ ទៅកាន់យន្តការសិទ្ធិមនុស្ស ទាំងក្នុងតំបន់ និងអន្តរជាតិ ក្នុងការការពារសិទ្ធិ និងសេរីភាពរបស់ប្រជាជនស៊ីវិល និងការពារបូរណភាពដែនដីកម្ពុជា ដោយអំពើឈ្លានពានរបស់ថៃមកលើកម្ពុជា

image

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហាញពីតួនាទីសកម្មរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារសិទ្ធិ និងសេរីភាពរបស់ប្រជាជនស៊ីវិល និងការពារបូរណភាពដែនដីកម្ពុជា តាមរយៈការចេញញត្តិថ្កោលទោស ការដាក់បណ្ដឹងទៅកាន់យន្តការសិទ្ធិមនុស្សទាំងក្នុងតំបន់ និងអន្តរជាតិ សរុបចំនួន ៦០ ឯកសារ ព្រមទាំងការចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនជនភៀសសឹក កងទ័ព និងគ្រួសារកងទ័ពចំនួន ១០ លើក។ នេះបើយោងតាមការឱ្យដឹងពីកិច្ចប្រជុំប្រចាំឆ្នាំ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមេធាវីស្ម័គ្រចិត្តរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។​

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបញ្ជាក់ឡើងវិញអំពីស្ថានភាពជម្លោះតាមព្រំដែនកម្ពុជា–ថៃ និងសកម្មភាពមួយចំនួនរបស់ភាគីថៃ ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋកម្ពុជា។ សកម្មភាពទាំងនោះ រួមមាន ការបិទព្រំដែនជាឯកតោភាគី ការរើសអើង និងការប្រើប្រាស់អំពើហិង្សាលើពលករកម្ពុជា ការបាញ់ប្រហារដល់កងកម្លាំងកម្ពុជានៅក្នុងដែនដីកម្ពុជា ការប្រើប្រាស់សំឡេងរំខានកម្រិតខ្ពស់ ដែលប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ប្រជាជនស៊ីវិល ព្រមទាំងការប្រើប្រាស់អាវុធធុនធ្ងន់ រួមមានយន្តហោះចម្បាំង គ្រាប់បែកចង្កោម និងសារធាតុផ្សែងពុល វាយប្រហារចូលមកជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា។

បន្ថែមពីនេះ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានបានលើកឡើងអំពីការបន្តកាន់កាប់ដែនដីកម្ពុជា ការដាក់ពង្រាយទូកុងតឺន័រ និងបន្លាលួស ការលួចបំផ្លាញ និងលួចទ្រព្យសម្បត្តិឯកជន និងសាធារណៈ ការបំផ្លិចបំផ្លាញវប្បធម៌ និងរូបបដិមា ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ថ្មីៗ ក្នុងចេតនាបង្កើត តថភាពថ្មីនៅនឹងកន្លែង (fait accompli) ដែលបានរារាំងជនភៀសសឹករាប់ម៉ឺននាក់ មិនឱ្យវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញបាន ទោះបីមានសេចក្ដីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ។

លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហរឥតងាករេក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានសុពលភាព។ ការដាក់ញត្តិតវ៉ាជាបន្តបន្ទាប់ប្រឆាំងនឹងការចូលទន្រ្ទាន និងការកាន់កាប់ដែនដីដោយខុសច្បាប់ ពីសំណាក់ភាគីថៃ គឺជាវិធានការស្របតាមច្បាប់អន្តរជាតិ និងជាភស្តុតាងបញ្ជាក់ថា កម្ពុជាមិនបានយល់ព្រម ឬទទួលស្គាល់ការបំពានទាំងនោះឡើយ។ ទោះយ៉ាងណា យន្តការផ្លូវច្បាប់អន្តរជាតិទាំងអស់ ត្រូវការពេលវេលាដើម្បីអនុវត្តតាមនីតិវិធីជាបន្តបន្ទាប់។

ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្ត្រី ក៏បានពិនិត្យការងាររបស់គ.ស.ម.ក. នៅក្នុងឆ្នាំ២០២៥ និងបានណែនាំការងារមួយចំនួនដើម្បីពង្រឹងប្រសិទ្ធភាពការងារ រួមមាន ការផ្តល់សេវាផ្លូវច្បាប់ និងមេធាវីស្ម័គ្រចិត្ត ការងារដោះស្រាយបណ្តឹង ការផ្សព្វផ្សាយរបាយការណ៍សិទ្ធិមនុស្សជាតិ ការចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងប្រទេស ការចុះស៊ើបអង្កេត និងស្រាវជ្រាវករណីរំលោភសិទ្ធិមនុស្ស ការអប់រំផ្សព្វផ្សាយច្បាប់ និងសិទ្ធិមនុស្ស ការងារគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ការងារសហប្រតិបត្តិការអន្តរជាតិ និងការបណ្តុះបណ្តាលសមត្ថភាព។

សូមបញ្ជាក់ថា កិច្ចប្រជុំបានបញ្ចប់ដោយការប្តេជ្ញាចិត្តរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមេធាវីស្ម័គ្រចិត្តរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការបន្តពង្រឹងប្រសិទ្ធភាពការងារ រក្សាសមិទ្ធផលដែលសម្រេចបាន និងបន្តបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីលើកកម្ពស់ ការពារ និងអភិវឌ្ឍសិទ្ធិមនុស្សនៅកម្ពុជា ព្រមទាំងបន្តជឿជាក់ និងគាំទ្រយ៉ាងមុតមាំលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារបូរណភាពដែនដី និងការអភិវឌ្ឍជាតិ៕