ករណីអគ្គិភ័យឆេះផ្ទះលក់គ្រឿងអេឡិចត្រូនិច នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យស្លាប់បុរសវ័យចំណាស់ម្នាក់
ភ្នំពេញ៖ មានករណីអគ្គិភ័យឆេះផ្ទះលក់គ្រឿងអេឡិចត្រូនិច និងដ្រូនកសិកម្ម បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់បាត់បង់ជីវិត កាលពីវេលាម៉ោង ៨:៤៥នាទីយប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅក្នុងបុរីលនស៉ីធី សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញផ្សែងហ៊ុយចេញពីផ្ទះលក់ដ្រូនកសិកម្មខាងលើ បន្ទាប់មកក៏ស្រាប់តែមានមនុស្សស្រែកឱ្យជួយ និងមានអណ្តាតភ្លើងឆាបឆេះខ្លាំងឡើងៗ។ ភ្លាមៗនោះអ្នកភូមិបាននាំគ្នាជួយយកទឹកពន្លត់ និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំការអន្តរាគមន៍ពីមន្ត្រីជំនាញ។ បន្ទាប់ពីទទួលដំណឹងនេះ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយក្រុមពន្លត់អគ្គិភ័យ៧១១ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ភ្លាមៗ។ អគ្គិភ័យនេះត្រូវបានរលត់វិញនៅម៉ោង ១០យប់ ថ្ងៃខែឆ្នាំដដែល ដោយឆេះផ្ទះវីឡាកូនកាត់៣ជាន់ ខូចខាតទ្រព្យសម្បត្តិទាំងស្រុង និងស្លាប់បុរសចំណាស់ម្នាក់ អាយុ៦៥ឆ្នាំ។
ក្រោយកើតហេតុ មន្ត្រីជំនាញបានធ្វេីកោសល្យវិច័យលេីសព មុនប្រគល់ជូនក្រុមគ្រួសារ។ ចំពោះមូលហេតុនៃការឆេះ មន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវ៕
អត្ថបទ៖ រដ្ឋ រង្សី