ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលនឹងពង្រឹងកម្លាំងសេវាសង្គមសមស្របតាមសមាមាត្រក្នុងតំបន់អាស៊ាន

image

អត្ថបទ៖ ហ៊ន សុភ័ក្រ

-----

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា "រាជរដ្ឋាភិបាល នឹងពង្រឹងកម្លាំងសេវាសង្គមដោយរៀបចំធ្វើវិជ្ជាជីវៈនីយកម្មជាលក្ខណៈជាតិ និងមានបទដ្ឋានរួមសម្រាប់វិជ្ជាជីវៈ សង្គមកិច្ច បង្កើនចំនួនកម្លាំងសេវាសង្គម សមស្របតាមសមាមាត្រក្នុងតំបន់អាស៊ាន ដែលកម្លាំងសេវាសង្គមម្នាក់ សម្រាប់ប្រជាជន ៣ ៥០០នាក់"។ នេះបើយោងតាមសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដែលបានចេញផ្សាយនេះថ្ងៃទី១៨ មីនា ២០២៦នេះ។

សម្តេចបវរធិបតី បានបន្តថា "រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បាន និងកំពុងយកចិត្តទុកដាក់និងការពារដាច់ខាតនូវគុណតម្លៃនៃសន្តិភាព និងសាមគ្គីភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ ការរក្សាស្ថិរភាពសង្គម និងបន្តខិតខំដោះស្រាយបញ្ហា ប្រឈមនានា ដើម្បីសម្របខ្លួន និងឆ្លើយតបប្រកបដោយបុរេសកម្មឱ្យទាន់សភាពការណ៍សង្គម សេដ្ឋកិច្ចសកល និងតំបន់ ជាពិសេសចាប់ឱ្យជាប់នូវកាលានុវត្តភាពដែលអាចលេចចេញក្នុងបរិការណ៍ នៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៃនិម្មាបនកម្មសង្គម សេដ្ឋកិច្ចសកល។ ការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍមនុស្ស គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយសក្តានុពលសម្រាប់ការអភិវឌ្ឍសង្គម រាជរដ្ឋាភិបាល មានចក្ខុវិស័យច្បាស់លាស់ និងអនុវត្តយ៉ាងពេញលេញក្នុងការលើកកម្ពស់សិទ្ធិនិងការពារឧត្តមប្រយោជន៍របស់ ប្រជាពលរដ្ឋក្រីក្រ ជនរងគ្រោះ និងជនងាយរងគ្រោះ ឈរលើស្មារតី មិនបោះបង់ពលរដ្ឋណាម្នាក់ គឺធ្វើយ៉ាងណា ឱ្យពួកគេទទួលបាននូវគុណភាព និងគុណតម្លៃនៃការរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព ស្របតាមរដ្ឋធម្មនុញ្ញនិងគោលការណ៍នីតិរដ្ឋ"។

សម្តេចបវរធិបតី បានបញ្ជាក់ថា "ទន្ទឹមនឹងនេះ ការទទួលស្គាល់សារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្ស រួមទាំង សេចក្តីត្រូវការក្នុងការពង្រីកនិងពង្រឹងកម្លាំងសេវាសង្គមត្រូវបានយកចិត្តទុកដាក់ ជាក់ស្តែងនាពេលបច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាមានគ្រឹះស្ថានអប់រំសាធារណៈនិងឯកជនផ្នែកសង្គមកិច្ច បាននិងកំពុងបណ្តុះបណ្តាល និស្សិតរាប់រយនាក់ក្នុងមួយឆ្នាំៗ។ ដោយឡែក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ចេញ «គោលការណ៍ណែនាំស្តីពីសមត្ថភាពមូលដ្ឋានសម្រាប់កម្លាំងសេវាសង្គមនៅកម្ពុជា» ដើម្បីគាំទ្រដល់ការអនុវត្តការងារ របស់កម្លាំងសេវាសង្គម និងកំពុងបង្កើតគណៈវិជ្ជាជីវៈសង្គមកិច្ច ដែលជាយន្តការដឹកនាំ គ្រប់គ្រងក្នុងការផ្តល់ ការទទួលស្គាល់ បន្ត ព្យួរ និងបញ្ចប់អាជ្ញាបណ្ណ ដល់ស្ថាប័ន ឬភ្នាក់ងារផ្តល់សេវាសង្គម និងកម្លាំងសេវាសង្គមនៅកម្ពុជា"៕