ព័ត៌មានជាតិ

សម្តេចបវរធិបតី ណែនាំដល់ក្រសួងសង្គមកិច្ច ត្រូវបង្កើនការយកចិត្តទុកដាក់តាមគ្រប់មធ្យោបាយ ដើម្បីលើកកម្ពស់គុណតម្លៃរបស់កម្លាំងសេវាសង្គម និងសមិទ្ធផលការងារ

image

អត្ថបទ៖ ហ៊ន សុភ័ក្រ

--------

ដើម្បីរួមចំណែកលើកកម្ពស់ការផ្តល់សេវាសង្គមកិច្ច ឱ្យកាន់តែប្រសើរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបង្កើនការយកចិត្តទុកដាក់តាមគ្រប់មធ្យោបាយ ដើម្បីលើកកម្ពស់គុណតម្លៃរបស់កម្លាំងសេវាសង្គមនិងសមិទ្ធផលការងារ។ នេះបើយោងតាមសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដែលបានចេញផ្សាយនេះថ្ងៃទី១៨ មីនា ២០២៦នេះ។

សម្តេចបវរធិបតី ក៏បានណែនាំដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ លើកទឹកចិត្ត និងគាំទ្រតាមគ្រប់មធ្យោបាយ ក្នុងការចូលរួមជំរុញនិងបង្កើនការផ្តល់សេវាសង្គមនៅក្នុងសហគមន៍ឱ្យបានកាន់តែល្អប្រសើរថែមទៀត។

ជាមួយគ្នានេះ សម្តេចបវរធិបតី ក៏បានអំពាវនាវដល់គ្រប់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ឯកជន និងបណ្តាញសារព័ត៌មានផ្សេងទៀត សូមជួយផ្សព្វផ្សាយឱ្យបាន ទូលំទូលាយនូវស្នាដៃ និងសមិទ្ធផលនានា ដែលបង្ហាញអំពីការយកចិត្តទុកដាក់និងលើកកម្ពស់ការផ្តល់ សេវាក្នុងវិស័យសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ជាពិសេសជូនជនរងគ្រោះនិងជនងាយរងគ្រោះ។

សូមជម្រាបថា បើតាមរាជរដ្ឋាភិបាល ការសម្រេចយកទិវាសង្គមកិច្ចពិភពលោកឱ្យក្លាយជាទិវាជាតិ ដែលត្រូវប្រារព្ធរៀងរាល់ឆ្នាំ នៅថ្ងៃទី១៩ ខែមីនា គឺជាការបង្ហាញពីការយកចិត្តទុកដាក់និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្នុង ការចូលរួមជាមួយនឹងពិភពលោក ដើម្បីរួមចំណែកធ្វើឱ្យសេវាសង្គមកាន់តែល្អប្រសើរឡើង ឆ្លើយតបទៅនឹងតម្រូវការ ជាក់ស្តែងរបស់ជនរងគ្រោះនិងជនងាយរងគ្រោះ សំដៅការពារយុត្តិធម៌សង្គម ការអភិវឌ្ឍសង្គម ដោយផ្អែកលើ សិទ្ធិមនុស្ស៕