ព័ត៌មានអន្តរជាតិ

អាជ្ញាធរម៉ាឡេស៊ី ណែនាំពលរដ្ឋឱ្យផ្អាកការធ្វើដំណើរទៅកាន់តំបន់ព្រំដែនប្រទេសថៃ អំឡុងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

image

ម៉ាឡេស៊ី៖ អាជ្ញាធរម៉ាឡេស៊ី បានណែនាំពលរដ្ឋរបស់ខ្លួនឱ្យផ្អាកការធ្វើដំណើរទៅកាន់ប្រទេសថៃជាបណ្ដោះអាសន្ន ជាពិសេសក្នុងអំឡុងបុណ្យ ហារី រ៉ាយ៉ា (Hari Raya) ដោយសារតែវិបត្តិខ្វះខាតប្រេងឥន្ធនៈនៅតំបន់ភាគខាងត្បូងប្រទេសថៃ ដូចជាក្រុងហាត់យ៉ៃជាដើម។ បញ្ហានេះកើតឡើងចំពេលតម្លៃប្រេងពិភពលោកហក់ឡើងខ្ពស់ ដែលបណ្ដាលឱ្យស្ថានីយប្រេងសាំងជាច្រើនគ្មានប្រេងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ភ្ញៀវទេសចរ និងអ្នកបើកបរក្នុងតំបន់ ។

ជុំវិញបញ្ហានេះ រដ្ឋាភិបាលថៃ បានសម្រេចដំឡើងតម្លៃប្រេងសាំង និងម៉ាស៊ូតចាប់ពីថ្ងៃទី ១៨ ខែមីនា ដែលនាំឱ្យប្រជាពលរដ្ឋសម្រុកទៅចាក់សាំងទុកមុន រហូតបង្កជាភាពភ័យស្លន់ស្លោ និងការកកស្ទះនៅតាមស្ថានីយនានា។ ស្ថានភាពនេះ បានធ្វើឱ្យស្ថានីយប្រេងសាំងតូចៗមួយចំនួនត្រូវអស់ស្តុក និងបង្ខំចិត្តផ្អាកដំណើរការ ខណៈអាជ្ញាធរអាចនឹងរឹតបន្តឹងការលក់ប្រេងដល់រថយន្តបរទេសបន្ថែមទៀត ដើម្បីរក្សាស្ថិរភាពក្នុងស្រុក ។

នាពេលបច្ចុប្បន្ន ស្ថានីយប្រេងសាំងដែលនៅបើកដំណើរការ បានដាក់ចេញនូវវិធានការកំណត់បរិមាណលក់ ដោយរថយន្តអាចចាក់បានត្រឹមតែ ៥០០ បាត និងម៉ូតូត្រឹមតែ ៥០ បាតប៉ុណ្ណោះក្នុងមួយលើក។ ការកំណត់នេះ កំពុងបង្កការលំបាកយ៉ាងខ្លាំងដល់អ្នកប្រកបរបរដឹកជញ្ជូន និងភ្ញៀវទេសចរ ដែលធ្វើឱ្យការធ្វើដំណើរផ្លូវឆ្ងាយក្លាយជារឿងប្រថុយប្រថានបំផុត ព្រោះអាចនឹងជាប់គាំងនៅតាមផ្លូវដោយសារគ្មានសាំងចាក់ ។

វិបត្តិថាមពលនេះ មិនត្រឹមតែប៉ះពាល់ដល់ការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងវាយប្រហារដល់វិស័យទេសចរណ៍យ៉ាងធ្ងន់ធ្ងរផងដែរ ដោយអ្នកបើកបរឡានឈ្នួល និងភ្នាក់ងារទេសចរណ៍ត្រូវបង្ខំចិត្តលុបចោលការកក់ទុករបស់ភ្ញៀវ។ អ្នកជំនាញបានផ្ដល់ដំបូន្មានឱ្យអ្នកដែលចង់ធ្វើដំណើរ ត្រូវរៀបចំផែនការឱ្យបានហ្មត់ចត់ និងជៀសវាងតំបន់ដែលមានបញ្ហាផ្គត់ផ្គង់ខ្លាំង ដើម្បីបង្ការការខាតបង់ពេលវេលា និងថវិកាក្នុងអំឡុងកំពុងប្រឈមវិបត្តិនេះ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ The Malaysian Reserve & Bangkok Post via SAYS | រូបភាព៖ Bangkok Post, FMT & News Straits Times via SAYS