ព័ត៌មានជាតិ

ចាប់ខ្លួនជនជាតិចិន ១៩នាក់ ពាក់ព័ន្ធឆបោកតាមអនឡាញ ក្នុងបុរីប៉េងហួត ខណ្ឌច្បារអំពៅ

image

ភ្នំពេញ៖ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានបន្តប្រតិបត្តិការចុះបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online Scams) មួយកន្លែង ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោ ផ្ទះលេខ១៤ ផ្លូវ M០៥ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ឃាត់ជនជាតិចិន១៩នាក់ និងដកហូតសម្ភារភស្តុតាង រួមាន ទូរសព្ទដៃ ១២៣គ្រឿង កុំព្យូទ័រ All in One ៨ គ្រឿង ម៉ូនីទ័រ ២ គ្រឿង កុំព្យូទ័រយួរដៃ ០១គ្រឿង CPU ១គ្រឿង មួក និងឯកសណ្ឋានក្លែងបន្លំជាសមត្ថកិច្ចចិន ៣កំប្លេ។

ប្រតិបត្តិការបង្រាបធ្វើឡើង ក្រោមការបញ្ជាដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីអាជ្ញាធរខណ្ឌច្បារអំពៅ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ដោយលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចជំនាញ ក្រុមជនសង្ស័យទាំងនេះបានប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងបង្កប់ដើម្បីធ្វើសកម្មភាពឆបោកតាមអនឡាញ Online Scams ក្រោមរូបភាពក្លែងបន្លំ និងប្រើប្រាស់ឯកសារក្លែង ជាសមត្ថកិច្ចប្រទេសចិន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងឈានទៅកំណត់មុខសញ្ញាមេខ្លោងពាក់ព័ន្ធជាបន្តទៀត៕