កម្ពុជា-ចិន នឹងរៀបចំការប្រកួតពានរង្វាន់ជើងឯក សិល្បៈកាហ្វេឡាតេអន្តរជាតិ លើកទី១ នៅចុងខែនេះ ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌កាហ្វេ និងកិច្ចសហប្រតិបត្តិការ ក្នុងឧស្សាហកម្មកាហ្វេ រវាងប្រទេសទាំងពីរ
ភ្នំពេញ៖ កម្ពុជា-ចិន នឹងរៀបចំការប្រកួតពានរង្វាន់ជើងឯក សិល្បៈកាហ្វេឡាតេអន្តរជាតិ លើកទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទ "កាហ្វេបង្រួបបង្រួមយើងទាំងអស់គ្នា" ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌កាហ្វេ និងកិច្ចសហប្រតិបត្តិការ ក្នុងឧស្សាហកម្មកាហ្វេ និងដើម្បីគាំទ្រដល់ការអភិវឌ្ឍរួមបញ្ចូលគ្នា នៃខ្សែច្រវាក់ឧស្សាហកម្មកាហ្វេ រវាងប្រទេសទាំងពីរ។
ព្រឹត្តិការណ៍នេះ នឹងរៀបចំឡើងដោយមានកិច្ចសហការ រវាងក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ Cambodia International Chamber of Commerce និងការគាំទ្រ ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងភាគីចិន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅទីតាំងសណ្ឋាគារ Oakwood Premier Phnom Penh, One park រាជធានីភ្នំពេញ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦, លោក ឱក តារារិទ្ធិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចាត់ទុកព្រឹត្តិការណ៍នេះ នឹងរួមបញ្ចូលគ្នានូវការប្រកួតជាអន្តរជាតិ សប្បុរសធម៌ ការបណ្តុះបណ្តាលផ្នែកកាហ្វេ និងការផ្លាស់ប្តូរវប្បធម៌។ ការប្រកួតដែលរំពឹងថា នឹងមានអ្នកចូលរួមទស្សនា ប្រមាណ១ពាន់នាក់នេះ មានគោលបំណង ដើម្បីបង្កើតជាវេទិកា កិច្ចសហប្រតិបត្តិការរវាងចិន កម្ពុជា និងឧស្សាហកម្មកាហ្វេពិភពលោក និងដើម្បីលើកកម្ពស់ការវិនិយោគ ការអភិវឌ្ឍទេពកោសល្យ និងសមាហរណកម្មទេសចរណ៍។
លោក ឱក តារារិទ្ធិ មានប្រសាសន៍ថា "ព្រឹត្តិការណ៍នេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ របស់ក្រសួងទេសចរណ៍កម្រិតអន្តរជាតិ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់យុវជនកម្ពុជា លើជំនាញវិជ្ជាជីវៈឆុងកាហ្វេ ឱកាសពង្រីកអាជីវកម្មក្នុងវិស័យកាហ្វេរវាងកម្ពុជា-ចិន និងអន្តរជាតិ ក៏ដូចជាលើកកម្ពស់អាជីវកម្ម ក្នុងខ្សែរច្រវាក់ផ្គត់ផ្គង់ក្នុងវិស័យកាហ្វេ និងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈផងដែរ។"
ជាមួយគ្នានោះ លោក ប៉ិច សានី អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានឱ្យដឹងថា កម្មវិធីប្រកួតនេះ មិនត្រឹមតែជាវេទិកាសម្រាប់ការប្រកួតប្រជែងប៉ុណ្ណោះទេ ថែមទាំងជាវេទិកាសម្រាប់ ការចែករំលែកបទពិសោធ ការបង្កើនជំនាញវិជ្ជាជីវៈ និងការបង្កើតបណ្តាញទំនាក់ទំនង រវាងអ្នកជំនាញ និងអ្នកប្រកបអាជីវកម្មក្នុងវិស័យកាហ្វេ។
លោក ប៉ិច សានី បន្តថា កម្មវិធីនេះ ក៏ជាឱកាសសំខាន់មួយ ក្នុងការបង្ហាញពីសក្តានុពល និងគុណភាពនៃវិស័យកាហ្វេកម្ពុជា ដែលកំពុងមានការរីកចម្រើន និងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ពីសាធារណជនក្នុងស្រុក និងទីផ្សារអន្តរជាតិ។
សូមជម្រាបថា ការប្រកួតពានរង្វាន់ជើងឯកសិល្បៈកាហ្វេឡាតេ អន្តរជាតិលើកទី១ កម្ពុជា-ចិន ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កើតជាវេទិកាប្រកួតឆុងកាហ្វេអន្តរជាតិ លើកទី១ នៅកម្ពុជា ដោយប្រមូលផ្តុំអ្នកជំនាញឆុងកាហ្វេ ម៉ាកកាហ្វេ អ្នកជំនាញក្នុងឧស្សាហកម្មកាហ្វេ និងអ្នកចូលចិត្តកាហ្វេ នៅទូទាំងតំបន់។ ការប្រកួតនេះ ដើម្បីអបអរសាទរភាពច្នៃប្រឌិត សិល្បៈហត្ថកម្ម និងភាពល្អឥតខ្ចោះផ្នែកបច្ចេកទេស ក្នុងការផលិតកាហ្វេឡាតេ ដែលជួយលើកកម្ពស់ការផ្លាស់ប្តូរជាអន្តរជាតិ នៅក្នុងឧស្សាហកម្មកាហ្វេ៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ អេង សុគុណ